ព័ត៌មានជាតិ

ឈានចូលដល់ថ្ងៃទី២ នៃដំណើរបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការីមក កាន់ខេត្តគោលដៅចំនួន០៧រួមមាន÷

ឈានចូលដល់ថ្ងៃទី២ នៃដំណើរបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការីមក កាន់ខេត្តគោលដៅចំនួន០៧ (ខេត្តកំពង់ចាម សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ ដំបង ត្បូងឃ្មុំ និងខេត្តស្វាយរៀង) ដើម្បីនាំយកអង្គរជំនួយសង្គ្រោះបន្ទាន់ចំនួន ៣០០តោន របស់រដ្ឋាភិបាល សាធារណរដ្ឋកូរ៉េ តាមរយៈលេខាធិការដ្ឋានអាស៊ានបូក៣ ក្នុងកម្មវិធីការផ្តល់ស្បៀងបំរុងជាអង្ករសង្រ្គោះបន្ទាន់ ជូនដល់រាជរដ្ឋាភិបាលដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតដោយសាររងផលប៉ះពាល់ពីជំងឺឆ្លងកូវីដ-១៩ សរុបចំនួន ៧ ៥០០គ្រួសារ។

បន្ទាប់ពីបានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន នៅខេត្តត្បូងឃ្មុំរួចមក នៅរសៀលថ្ងៃទី០៧ ខែមីនានេះ ឯកឧត្តមរដ្ឋមន្ត្រី សហការី និងលោក នាក់ នេរ៉ុន អភិបាលរងខេត្ត បានធ្វើដំណើរមកកាន់វត្តជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីនាំយកអង្ករជំនួយសង្គ្រោះបន្ទាន់ចំនួន ១៦តោន មកចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន ៤០០គ្រួសារ (តំណាងឲ្យ ១០០០គ្រួសារ) ដែលអញ្ជើញមកពី៦ ក្រុង-ស្រុក គឺក្រុងសៀមរាប ស្រុកជីក្រែង សូត្រនិគម ពួក ប្រាសាទបាគង និងស្រុកក្រឡាញ់។

មានមតិសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ឯកឧត្តមរដ្ឋមន្ត្រីបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត មកជូនបងប្អូនទាំង ៤០០ គ្រួសារដែលអញ្ជើញមកទទួលអំណោយនារសៀលថ្ងៃនេះ ហើយសម្តេចទាំងទ្វេបានជូនពរឲ្យបងប្អូនប្រជាពលរដ្ឋជួបតែពុទ្ធិពរទាំង ៤ប្រការ។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តទៀតថា ដោយសារជំងឺឆ្លងកូវីដ-១៩ បានធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋរងផលប៉ះពាល់ ។ ដើម្បីដោះស្រាយបញ្ហានេះឲ្យបានទាន់ពេលវេលា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអនុញ្ញាតឲ្យឯកឧត្តមរដ្ឋមន្រ្តី សហការជាមួយអាជ្ញាធរខេត្តនាំយកអង្ករជំនួយសង្គ្រោះបន្ទាន់នេះមកចែកជូនបងប្អូនដោយផ្ទាល់។ ជំនួយជាអង្ករនេះ លោកបានបន្តថាវាជាសក្ខីភាពបង្ហាញយ៉ាងច្បាស់ពីការគិតគូយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ អំពីស្ថានភាពជីវភាពរបស់បងប្អូនដែលទទួលរងនូវផលប៉ះពាល់ដោយសារជំងឺឆ្លងកូវីដ-១៩ ហើយនេះជាស្បៀងបឋម នៅមានជំនួយជាបន្តបន្ទាប់ទៀតដើម្បីជួយសម្រួលជីវភាពរបស់បងប្អូន ដោយមិនអនុញ្ញាតឲ្យគ្រួសារណាមួយខ្វះស្បៀងបានឡើយ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឲ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបង្កើនការខិតខំប្រឹងប្រែងបន្ថែមទៀត លើការងារបង្កបង្កើនផល ដែលជាស្បៀងតម្រូវការប្រចាំថ្ងៃ តាមរយ:ការបង្កើនកិច្ចសហការជាមួយដៃគូអភិវឌ្ឍដើម្បីអនុវត្តគម្រោងនានានៅទូទាំងខេត្ត ដូចដែលលោកអនុប្រធានមន្ទីរបានរាយការណ៍ជូនជ្រាបខាងដើម។ ព្រមជាមួយនេះ លោកក៏បានលើកទឹកចិត្ត ដល់បងប្អូនឲ្យខិតខំធ្វើការដាំដុះ ចិញ្ចឹមសត្វ និងត្រី ដើម្បីរួមគ្នាស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ។

យោងលើរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបស្តីពី “លទ្ធផលសម្រេចបានពីការងារបង្កបង្កើនផលឆ្នាំ២០២១” មានដូចខាងក្រោម ៖

១- ផលស្រូវ ៖ ទិន្នផលស្រូវសរុប (ប្រាំង និងវស្សា) ប្រមូលផលបានចំនួន ៥៧៣ ៨១២តោន ពីផ្ទៃដីប្រមូលផលសរុបចំនួន ២១០ ៧៦០ហ.ត។
២- ដំណាំរួមផ្សំ និងដំណាំឧស្សាហកម្មរយ:ពេលខ្លី ៖ ផ្ទៃដីដាំដុះសរុបចំនួន ៤៩ ៩៨៦ហ.ត បរិមាណផលសរុបចំនួន ៦៩៨ ៣១១តោន ក្នុងនោះផ្ទៃដីប្រមូលផលដំណាំបន្លែសរុបចំនួន ៣ ៦៣០ហ.ត បរិមាណផលសរុបចំនួន ៣២ ៨៩៩តោន។
៣- ដំណាំអចិន្ត្រៃយ៍ និងដំណាំហូបផ្លែសំខាន់ៗ ចំនួន១៩មុខ ផ្ទៃដីដុះចំនួន ៣២ ៤១៨ហ.ត ផ្ទៃដីប្រមូលផល ២៦ ១៤១ហ.ត បរិមាណផលសរុបចំនួន ៩០ ២២២តោន។
៤- ចិញ្ចឹមគោ-ក្របី ជ្រូក មាន់ទា សរុបមានចំនួន ៤ ០៨៨ ៦៣៤ក្បាល។

ដោយឡែកក្នុងអំឡុងពេលមានវិបត្តិកូវីដ-១៩ អនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោកាលពីថ្ងៃទី១៨ ខែកុម្ភ: និងកាលពីថ្ងៃទី១៤ ខែ កក្កដា ឆ្នាំ២០១៩ បានណែនាំឲ្យប្រជាពលរដ្ឋ និងជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឲ្យខិតខំជំរុញការងារផលិតកម្មស្បៀង ក្នុងឆន្ទ:ចូលរួមបង្កើនផលិតភាពផលិតកម្មស្បៀង បង្កើតការងារ តាមរយ:ការពង្រឹង និងពង្រីកសកម្មភាពចិញ្ចឹមត្រី និងកង្កែប ដាំដំណាំ និងបន្លែបង្កាជាលក្ខណ:គ្រួសារដើម្បីបង្កើតចំណូល ធានាសន្តិសុខស្បៀងក្នុងគ្រួសារ ស្របស្របតាមគន្លងប្រក្រតីភាពថ្មី។ ជាក់ស្តែង ក្នុងឆ្នាំ២០២១ មន្ទីរបានសហការជាមួយដៃគូអភិវឌ្ឍអនុវត្តគម្រោងរួមមាន ៖

១- គម្រោងពិពិធកម្មកសិកម្មកម្ពុជា៖ គាំទ្រដល់គ្រួសារដែលមានសមាជិក កម្មករត្រឡប់ពី ប្រទេសថៃ ឬព្យួរការងាររោងចក្រ សំណង់ និងគ្រួសារក្រ គ្រួសារក្រ៤ បានចំនួន ១ ០៤៤គ្រួសារ ដែលអនុវត្តក្នុងក្រុង-ស្រុកទាំង១២ គម្រោង បានគាំទ្រលើដំណាំបន្លែចំនួន ៤៤គ្រួសារ ដោយផ្តល់ផ្ទះសំណាញ់ ៤០ខ្នង និងផ្តល់ពូជបន្លែចំនួន ៤៦៤គ្រួសារ ចិញ្ចឹមមាន់ចំនួន ៣០០គ្រួសារ ដោយផ្តល់ទ្រុងមាន់ ១៥០ទ្រុង និងផ្តល់កូនមាន់ចំនួន ១៥០គ្រួសារ។ គម្រោងអនុវត្តក្នុងស្រុកស្វាយលើ បន្ទាយស្រី អង្គរជុំ វ៉ារិន និងស្រុកស្រីស្នំ។ ចិញ្ចឹមត្រីចំនួន ៣០០គ្រួសារ ដោយផ្ដល់ កូនត្រីអណ្ដែង និងតម្លើងតង់ចិញ្ជឹមត្រីបានចំនួន ៣០០កន្លែង ក្នុងស្រុកជីក្រែង ពួក និងស្រុកក្រឡាញ់។
២- គម្រោងគាំទ្រដោយអង្គការ FAO ៖ អនុវត្តស្រុក វ៉ារិន ស្វាយលើ និងសូទ្រនិគម គាំទ្រលើដំណាំបន្លែ ២៣៥គ្រួសារ មាន់ ២០៣គ្រួសារ ត្រី ៥០គ្រួសារ កង្កែប ៥០គ្រួសារ។
៣- គម្រោងគាំទ្រដោយអង្គការ GIZ ៖ ស្រុកជីក្រែង ស្វាយលើ និងសូទ្រនិគម ចំនួនកសិករទទួលផលសរុប ៦០០គ្រួសារ ដាំបន្លែ ២៥០គ្រួសារ ចិញ្ចឹមមាន់ ២០០គ្រួសារ ចិញ្ចឹមត្រី ១០០គ្រួសារ និងចិញ្ចឹមកង្កែប ៥០គ្រួសារ។
៤- កម្មវិធី ASPIRE ៖ មាន ១១ស្រុង-ក្រុង ឃុំ-សង្កាត់ ៤៩ អ្នកទទួលផលចំនួន ១១០៧ គ្រួសារ បន្លែ-ស្រូវ ៣៥១គ្រួសារ ចិញ្ចឹមសត្វ ៣៥៤គ្រួសារ ចិញ្ចឹមត្រី ២០១គ្រួសារ ព្រៃឈើ ២០០គ្រួសារ។
៥- គម្រោងកាត់បន្ថយភាពក្រីកូ និងអភិឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប មានស្រុក-ក្រុងចំនួន១១ អនុវត្តផលិតកម្មកូនមាន់ ១៥គ្រួសារ ចិញ្ចឹមមាន់សាច់ ៤២គ្រួសារ បន្លែ ៧គ្រួសារ និងកង្កែបចំនួន ២គ្រួសារ។

គម្រោងទាំងអស់ខាងលើបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការស្តារសេដ្ឋកិច្ចគ្រួសារកសិករ ឡើងវិញ ដោយជាបឋមផ្គត់ផ្គង់ឲ្យតម្រូវការប្រចាំថ្ងៃក្នុងគ្រួសារមានបន្លែ ត្រី និងសាច់ និងឈាន ឡើងបន្តិចម្តងៗផលិតដើម្បីផ្គត់ផ្គង់ឲ្យទីផ្សារ ហើយសង្ឃឹមថាសេដ្ឋកិច្ចគ្រួសារនឹងចាប់ផ្តើមរីកលូតលាស់រឹងមាំដូចប្រក្រតីឡើងវិញ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។