ព័ត៌មានជាតិ

ឈានចូលដល់ថ្ងៃទី៣ នៃដំណើរបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការី នាំយកអង្គរជំនួយសង្គ្រោះបន្ទាន់ ដើម្បីយកមកចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតដោយសាររងផលប៉ះពាល់ពីជំងឺឆ្លងកូវីដ-១៩ សរុបចំនួន ៧ ៥០០គ្រួសារ ក្នុងខេត្តគោលដៅ ទាំង៧

ឈានចូលដល់ថ្ងៃទី៣ នៃដំណើរបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការី ដើម្បីនាំយកអង្គរជំនួយសង្គ្រោះបន្ទាន់ចំនួន ៣០០តោន របស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ តាមរយៈលេខាធិការដ្ឋានអាស៊ានបូក៣ ក្នុងកម្មវិធីការផ្តល់ស្បៀងបំរុងជាអង្ករសង្គ្រោះបន្ទាន់ ជូនដល់រាជរដ្ឋាភិបាលកម្ពុជាដើម្បីយកមកចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតដោយសាររងផលប៉ះពាល់ពីជំងឺឆ្លងកូវីដ-១៩ សរុបចំនួន ៧ ៥០០គ្រួសារ ក្នុងខេត្តគោលដៅ ទាំង៧។

នៅព្រឹកថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០ ២២ នៅសាលាស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណអភិបាលខេត្ត និងសហការីថ្នាក់ជាតិ និងថ្នាក់ខេត្ត បានយកអង្ករជំនួយសង្គ្រោះបន្ទាន់ចំនួន ៤០តោន មកចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន ៣០០គ្រួសារ (តំណាងឲ្យ ១០០០ គ្រួសារ) ដែលអញ្ជើញមកពីស្រុកចុងកាល់ចំនួន ៣០០គ្រួសារ ក្រុងសំរោងចំនួន ៤២៥គ្រួសារ និងស្រុកបន្ទាយអំពិលចំនួន ២៧៥គ្រួសារ ។

មានមតិស្វាគមន៍ ឯកឧត្តមអភិបាលនៃគណអភិបាលខេត្តបានរាយការណ៍ជូនអង្គពិធីនូវសមិទ្ធផលសំខាន់ៗដែលខេត្តសម្រេចបាន ជាពិសេសលើការងារបង្កបង្កើនផល និងសកម្មភាព ចូលរួមយ៉ាងសកម្មដោយស្មារតីទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីក រាយដាលជំងឺឆ្លងកូវីដ-១៩ តាមរយ:ការផ្តល់សម្ភារបរិក្ខាពេទ្យ ការរៀបចំកន្លែងចត្តាឡីស័ក ការជួយអន្តរាគមន៍សង្គ្រោះ និងព្យាបាលអ្នកឆ្លងជំងឺ។ល។ ដោយឡែក ការងារបង្កបង្កើនផល មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត តាមរយ:គម្រោងកម្មវិធីដោយបានផ្តល់ជាគ្រាប់ពូជបន្លែ ត្រី ពូជមាន់ និងធាតុចូលកសិកម្មមួយចំនួនទៀត។ តាមរយ:ជំនួយឧបត្ថម្ភនេះ ធ្វើឲ្យសន្តិសុខស្បៀងក្នុងគ្រួសារនីមួយៗរបស់បងប្អូនប្រជាកសិករត្រូវបានធានា ហើយពិតណាស់ ឯកឧត្តមអភិបាលនៃគណអភិបាលខេត្តសន្យាថានឹងមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់លោកខ្វះស្បៀងឡើយ។ ត្រង់ចំណុចនេះ ឯកឧត្តមអភិបាលក៏បានណែនាំដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយភាគីពាក់ព័ន្ធ ត្រូវខិតខំពង្រឹង និងពង្រីកការងារបង្ក បង្កើនផលបន្ថែមទៀត ធ្វើយ៉ាងណាធានាឲ្យបាននូវសន្តិសុខស្បៀងនៅទូទាំងខេត្តឧត្តរមានជ័យ។

មានមតិសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ឯកឧត្តមរដ្ឋមន្ត្រី ជាមួយឯកឧត្តមអភិបាលខេត្តបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត មកជូនបងប្អូនទាំង ៣០០គ្រួសារដែលមានវត្តមាននាព្រឹកនេះ ហើយសម្តេចទាំងទ្វេបានជូនពរឲ្យបងប្អូនប្រជាពលរដ្ឋជួបតែពុទ្ធិពរទាំង ៤ប្រការ។ សម្រាប់កម្មវិធីនាព្រឹកនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនអង្គពិធីដោយសង្ខេបពីផលប៉ះពាល់ទាំងផ្នែកសេដ្ឋកិច្ច និងសង្គម ជាពិសេសជីវភាពរបស់បងប្អូនប្រជាពលរដ្ឋដែលបណ្តាលមកពីការរីករាលដាលជំងឺកូវីដ-១៩។ ឆ្វេងយល់ពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនេះ រាជរដ្ឋាភិបាលបានដាក់ ចេញនូវវិធានការសំខាន់ៗជាច្រើនទាំងវិធានការសេដ្ឋកិច្ច វិធានការច្បាប់ និងរដ្ឋបាល និងវិធាន ការសុខាភិបាល សំដៅទប់ស្កាត់ឲ្យខាងតែបាននូវការរាតត្បាតនៃជំងឺដ៏កាចសាហាវមួយនេះ និងជាពិសេសបើកឲ្យដំណើរការសកម្មភាពសង្គម បំណងស្តារសេដ្ឋកិច្ចជាតិយើងឡើងវិញ។

ដោយឡែក ដើម្បីជួយសម្រាលបញ្ហាខ្វះខាតស្បៀងរបស់ប្រជាពលរដ្ឋដែលទទួលផលប៉ះពាល់
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានសម្រេចឲ្យឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាល ខេត្ត នាំយកអង្ករជំនួយសង្គ្រោះបន្ទាន់នេះមកចែកជូនបងប្អូន។ សកម្មភាពនេះ ពិតជាបានបង្ហាញយ៉ាងច្បាស់ពីការគិតគូយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ អំពីសុខទុក្ខរបស់បងប្អូនគ្រប់កាល:ទេស:ទាំងអស់ និងគ្រប់ទីកន្លែងលើផ្ទៃប្រទេស “ទីណាមានការលំបាក ទីនោះត្រូវតែមានដំណោះស្រាយ” បានទាន់ពេល និងមានប្រសិទ្ធភាពបំផុត។ លោកបានបន្តទៀតថា អង្ករ ៤០គ.ក្រ/គ្រួសារ ជាជំនួយបឋម នៅមានជំនួយជាបន្តបន្ទាប់ទៀតតាមរយ:កាកបាតក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសប្បុរសជួយមួយចំនួនទៀត។ល។ ទាំងអស់នេះ គឺជាឆន្ទ:ជួយគ្នាក្នុងគ្រាក្រ ស្រប តាមប្រសាសន៍ដ៏ថ្លៃថ្លាររបស់សម្តេចតេជោ “រាជរដ្ឋាភិបាលមិនអនុញ្ញាតឲ្យសមាជិកគ្រួសារណាម្នាក់ស្លាប់ដោយខ្វះស្បៀងបានឡើយ”។

ក្នុងនាមជាថ្នាក់ដឹកនាំក្រសួងផលិតស្បៀង ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឲ្យមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តដែលជាសេនាធិការរបស់ក្រសួង ត្រូវបង្កើនការខិតខំប្រឹងប្រែងបន្ថែមទៀតលើការងារបង្កបង្កើនផល ដោយត្រូវសហការជាមួយដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការជាតិ អន្តរជាតិ បំណងស្វះស្វែងរកជំនួយបន្ថែមទាំងបច្ចេកទេស និងហិរញ្ញវត្ថុពីគ្រប់មជ្ឈដ្ឋាន ដើម្បីយកមកជួយប្រជាកសិករទាំងក្នុងពេលបន្ទាន់ និងរយ:ពេលវែង។ ព្រមជាមួយនេះ លោកក៏បានលើកទឹកចិត្តដល់បងប្អូនឲ្យខិតខំធ្វើការដាំដុះ ចិញ្ចឹមសត្វ និងត្រី ដើម្បីធានាសន្តិសុខស្បៀងប្រចាំថ្ងៃក្នុងគ្រួសារ។

យោងលើរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យស្តីពី “លទ្ធផលសម្រេចបានពីការងារបង្កបង្កើនផលឆ្នាំ២០២១” មានដូចខាងក្រោម ៖

១- ការងារបង្កបង្កើនផលទាំងរដូវប្រាំ និងរដូវវស្សាឆ្នាំ២០២១ សម្រេចបាន ៩៧ ៣៣០ហត ទិន្នផលទទួលបាន ២៧១ ៣៦៣តោន។ តាមការវាយតម្លៃលើតុល្យភាពស្បៀង អាចនៅសល់ អង្ករ ១១៤ ៦០៤តោន។

២- កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ៖
– ផ្តល់គ្រាប់ពូជបន្លែចំរុះជូនកសិករចំនួន ៦៧០គ្រួសារ (ក្រុងសំរោង ១២០ ស្រុកចុងកាល់ ១២០ ស្រុកបន្ទាយអំពិល ១១០ ស្រុកអន្លងវែង ១៥០ និងស្រុកត្រពាំងប្រាសាទ ១៧០។
– ផ្តល់កូនត្រី តង់ចិញ្ចឹម និងចំណី ជូនកសិករចំនួន ៥០គ្រួសារ នៅស្រុកចុងកាល់ ដោយគ្រួសារនីមួយៗទទួលបានកូនត្រី ៥០០ក្បាល តង់ចិញ្ចឹម ១ និងចំណី ០១បេ)។
– ផ្តល់មាន់ ចំណី និងស្នូកទឹក-ស្នូកចំណី ជូនកសិករចំនួន ៥០គ្រួសារ (ស្រុកចុងកាល់ ៤០ និងក្រុងសំរោង ១០) ដោយគ្រួសារនីមួយៗទទួលបានមាន់ ១៥ក្បាល ចំណី ១បេ ស្នូកទឹក១ និងស្នូកចំណី១។

៣- ការគាំទ្រដោយកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានរបស់អង្គការ GIZ ៖
– ផ្តល់កូនត្រី តង់ចិញ្ចឹម និងចំណីជូនកសិករចំនួន ៣០០គ្រួសារ (ស្រុកបន្ទាយអំពិល ២៤០ និងក្រុងសំរោង ៦០) ដោយគ្រួសារនីមួយៗទទួលកូនត្រី ៤៥០ក្បាល តង់កៅស៊ូ១ និងចំណី ១បេ។
– ផ្តល់កូនកង្កែប តង់ចិញ្ចឹម និងចំណី ជូនកសិករចំនួន ៣០០គ្រួសារ (ស្រុកបន្ទាយអំពិល ១០០ ស្រុកចុងកាល់ ៥០ និងស្រុកអន្លង់វែង ១៥០) ដោយគ្រួសារនីមួយៗទទួលបានកូនកង្កែប ២៥០ក្បាល តង់ចិញ្ចឹម ១ និងចំណី ១បេ។
– ផ្តល់ពូជមាន់ ចំណី និងស្នូកទឹក-ស្នូកចំណី ជូនកសិករចំនួន ៣០០គ្រួសារ (ស្រុកត្រពាំង ប្រាសាទ ៨០ អន្លង់វែង ៨០ ចុងកាល់ ៨០ និងក្រុងសំរោង ៦០) ដោយគ្រួសារនីមួយៗទទួលបានមាន់ ១០ក្បាល ចំណី១បេ ស្នូកទឹក ១ និងស្នូកចំណី ១។

៤. ការគាំទ្រដោយគម្រោង RUSH-IT ៖
– ផ្តល់ពូជមាន់ ចំណី និងស្នូកទឹក-ស្នូកចំណី ជូនកសិករចំនួន ៩០គ្រួសារ (ស្រុកបន្ទាយអំពិល ៣៨ និងក្រុងសំរោង ៥២) ដោយគ្រួសារនីមួយៗទទួលបានកូនមាន់ ៥០ក្បាល ចំណី ១បេ ស្នូកទឹក ១ និងស្នូកចំណី១។

៥. ការគាំទ្រដោយគម្រោង CHAIN ៖
– ផ្តល់គ្រាប់ពូជបន្លែ ជូនកសិករចំនួន ៥៨០គ្រួសារ (ក្រុងសំរោង ៨៩ ចុងកាល់ ១៣១ បន្ទាយ អំពិល ៩០ អន្លងវែង ១៣០ និងស្រុកត្រពាំងប្រាសាទ ១៤០) ដោយគ្រួសារនីមួយៗទទួលបានពូជបន្លែចំរុះ និងជីសរីរាង្គ ១បេ។

៦. ការគាំទ្រសកម្មភាពវារីវប្បកម្មរបស់រដ្ឋបាលជលផល ៖
– ចែកកូនត្រី តង់ចិញ្ចឹម ចំណី និងវីតាមីន ជូនកសិករចំនួន ៧៥គ្រួសារ (ក្រុងសំរោង ៣០ និងស្រុកចុងកាល់ ៤៥) ដោយគ្រួសារនីមួយៗទទួលបានកូនត្រី ៧០០ក្បាល តង់ចិញ្ចឹម ១ ចំណី ៣បេ និងវីតាមីន ៣កញ្ចប់។
– ផ្តល់កូនកង្កែប តង់ចិញ្ចឹម ចំណី និងវីតាមីន ជូនកសិករចំនួន ៣០គ្រួសារ ក្នុងក្រុងសំរោង ដោយគ្រួសារនីមួយៗទទួលបានកូនកង្កែប ៤០០ក្បាល តង់ចិញ្ចឹម១ ចំណី ៣បេ វីតាមីន ៣កញ្ចប់។

គម្រោងទាំងអស់ខាងលើបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការស្តារសេដ្ឋកិច្ចគ្រួសារកសិករ ឡើងវិញ ដោយជាបឋមផ្គត់ផ្គង់ឲ្យតម្រូវការប្រចាំថ្ងៃក្នុងគ្រួសារមានបន្លែ ត្រី និងសាច់ និងឈាន ឡើងបន្តិចម្តងៗផលិតដើម្បីផ្គត់ផ្គង់ឲ្យទីផ្សារ ហើយសង្ឃឹមថាសេដ្ឋកិច្ចគ្រួសារនឹងចាប់ផ្តើមរីកលូតលាស់រឹងមាំដូចប្រក្រតីឡើងវិញ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។