ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញជាគណៈអធិបតីក្នុងពិធីបុណ្យពុទ្ធាភិសេកព្រះពុទ្ធរូបចំនួន ១២៨អង្គ ឆ្លងពុទ្ធិកបណ្ណាល័យ និងសមិទ្ធផលនានាក្នុងវត្តផ្ទះកណ្តាល ស្រុកស្រីសន្ធរ

(កំពង់ចាម) :នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម លូ គឹមឈុន ប្រធានក្រុមការងារចុះជួយស្រុកស្រីសន្ធរ អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបុណ្យពុទ្ធាភិសេកព្រះពុទ្ធរូបចំនួន ១២៨អង្គ ឆ្លងពុទ្ធិកបណ្ណាល័យ និងសមិទ្ធផលនានាក្នុងវត្តផ្ទះកណ្តាល ស្ថិតក្នុងឃុំផ្ទះកណ្តាល ស្រុកស្រីសន្ធរ ដោយមានការអញ្ជើញចូលរួមពីសំណាក់ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម, អភិបាលរងខេត្ត, ក្រុមការងារចុះជួយស្រុក មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន លោកតា លោកយាយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូន ប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានសម្តែងអារម្មណ៍អបអរសាទរ ចំពោះសមិទ្ធផលនានាជាច្រើនទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ដែលត្រូវបានកសាងឡើងជាបន្តបន្ទាប់ នៅក្នុងមូលដ្ឋានស្រុកស្រីសន្ធរ ក៏ដូចជាខេត្តកំពង់ចាម និងក្នុងក្របខណ្ឌទូទាំងប្រទេស ដែលស្របទៅនឹងស្ថានភាពរួមនៃការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិទាំងមូល ជាពិសេសជីវភាពរស់នៅកាន់តែល្អប្រសើររបស់ប្រជាពលរដ្ឋយើង ក្រោមការដឹកនាំនាំដ៏ភ្លឺស្វាងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំប្រកបដោយកិត្តិបណ្ឌិត។

ឯកឧត្តម អភិបាលខេត្តស្នើឱ្យបងប្អូនប្រជាពលរដ្ឋកុំចាញ់កលល្បិចភូតកុហកបោកប្រាស់ពីសំណាក់ជនអគតិមួយក្តាប់តូច ដែលតែងតែបង្ករភាពវឹកវរដល់សង្គមជាតិ ហើយបន្តចូលរួមគាំទ្រ និងជឿជាក់លើរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដោយបានចូលរួមក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពរបស់ប្រទេសជាតិយើង ជាពិសេសតាមរយៈការជ្រើសរើសមេដឹកនាំត្រឹមត្រូវ គឺ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជាមេដឹកនាំប្រកបដោយធម៌, យុត្តិធម៌, គុណធម៌, មិនរត់ចោលប្រជាពលរដ្ឋក្នុងកាលៈទេសៈលំបាក និងមានការទទួលខុសត្រូវម៉ឺងម៉ាត់ចំពោះជោគវាសនាអនាគតជាតិ និងប្រជាជន និងសូមបន្តប្រកាន់យកការសម្រេចចិត្តដ៏ត្រឹមត្រូវបែបនេះនៅក្នុងឆ្នាំ២០២២ និង២០២៣ ក៏ដូចជាពេលខាងមុខៗទៀត ដើម្បីអនាគតប្រទេសជាតិយើង។ ហើយយើងទាំងអស់គ្នាសូមចូលគាំទ្រចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់បេក្ខភាពនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាពេលអនាគត៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។