ព័ត៌មានជាតិ

ព្រៃការពារ ព្រៃអភិរក្សក្នុងស្រុកជ័យសែន​ និងស្រុករវៀង ខេត្តព្រះវិហារ រងការបំផ្លាញយ៉ាងមហន្តរាយ

(ព្រះវិហារ) ចេញផ្សាយថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ប្រភពព័ត៌មានពីប្រជាពលរដ្ធរស់នៅក្នុងស្រុកសែនជ័យ និងស្រុករវៀង ខេត្តព្រះវិហារ បានឲ្យដឹងថា បច្ចុប្បន្ននេះព្រៃឡង់បំផ្លាញយ៉ាងមហន្តរាយ ព្រោះមន្រ្តីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ មិនចាត់វិធានការបង្ក្រាបឡើយ។

លោក សុង​ ច័ន្ទសុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានរក្សាភាពស្ងៀមស្ងាត់ ហើយលោក កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ក៏រក្សាភាពស្ងៀមស្ងាត់ដែរ។

ប្រការនេះកំពុងធ្វើឲ្យព្រៃឡង់ក្នុងស្រុករវៀង និងស្រុកជ័យសែន ខេត្តព្រះវិហារ ត្រូវប្រឈមនឹងសេចក្ដីវិនាស ប្រសិនបើលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន មិនចាត់វិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលាទេនោះ។
មន្រ្តីអង្គការក្រៅរដ្ឋាភិបាល បានឲ្យដឹងទៀតថា ក្រុមហ៊ុនស៊ីអេសស៊ីខេ (CSCK) បានកៀងគរប្រជាពលរដ្ឋចូលកាត់រំលំដើមឈើធំៗ ក្នុងព្រៃឡង់ ហើយក្រុមហ៊ុនដាក់ម៉ាស៊ីន​ត្រង់ស៊ីទ័ររាប់រយគ្រឿង អារឈើលាន់ទ្រហឹងពេញព្រៃ។ ដើមឈើធំៗប្រភទឈើទាល ត្រាច ដួងចែម​ សុក្រំ កកោះ គគីរ និងឈើឈ្លីកជាដើម ត្រូវគេអារច្រៀកជាឈើគ្រឿងផ្ទះ និងឈើឃ្លុំមានមុខកាត់ធំៗ ដែលមានប្រវែងបណ្ដោយពី3ម៉ែត្រ ទៅ5ម៉ែត្រ​។

ក្រោយពេលអារច្រៀករួច ក្រុមហ៊ុនស៊ីអេសស៊ីខេ ដឹកជញ្ជូនឈើទាំងនោះ ចូលឃ្លាំងនៅស្រុករវៀង ខេត្តព្រះវិហារ ហើយលើកដាក់រថយន្តយីឌុប ដឹកជញ្ជូនចេញទៅស្រុកយួន យ៉ាងរលូនគ្មានការរំខានពីមន្រ្តីជំនាញ ឬសមត្ថកិច្ចណារំខានឡើយ។


ប្រភពពីប្រជាសហគមន៍ការពារព្រៃឡង់ ក្នុងស្រុករវៀង ខេត្តព្រះវិហារ បានឲ្យដឹងថា រយៈពេលប្រមាណ១ខែចុងក្រោយនេះ ក្រុមហ៊ុនស៊ីអេសស៊ីខេ បំពានកាប់ឈើ អារច្រៀកដឹកជញ្ជូនឈើចេញពីព្រៃឡង់ យ៉ាងពេញបន្ទុក ហើយដាក់កម្លាំងសន្តិសុខការពារយ៉ាងប្រុងប្រយ័ត្នទៀតផង។ ប្រជាសហគមន៍បានអំពាវនាវឲ្យថ្នាក់ដឹកនាំគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាប​បទល្មើសធនធានធម្មជាតិ ចាត់វិធានការបង្ក្រាបបទល្មើសបំផ្លាញព្រៃឡង់ក្នុងខេត្តព្រះវិហារ ជាបន្ទាន់។ ដោយហេតុថាបច្ចុប្បន្នព្រៃឡង់ក្នុងស្រុករវៀង និងស្រុកសែនជ័យ កំពុងប្រឈមនឹងសេចក្ដីវិនាស ហើយលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងសមត្ថកិច្ចក្នុងខេត្តព្រះវិហារ មិនចាត់វិធានការបង្ក្រាបបទល្មើសនោះទេ៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។