ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង សូមសម្តែងនូវគារវៈកិច្ចគោរពយ៉ាងជ្រាលជ្រៅបំផុត ចំពោះវត្តមានដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន រួមជាមួយនឹងប្រធានអង្គការ SOS អន្តរជាតិ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ភូមិកុមារ SOS ព្រៃវែង”

(ព្រៃវែង) :ថ្ងៃព្រហស្បតិ៍​ ១៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង តាងនាមថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង ជាមួយអង្គការ SOS ព្រៃវែង សូមសម្តែងនូវគារវៈកិច្ចគោរពយ៉ាងជ្រាលជ្រៅបំផុត ចំពោះវត្តមានដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងលោក Dereje Wordofa ប្រធានអង្គការ SOS អន្តរជាតិ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ភូមិកុមារ SOS ព្រៃវែង” ស្ថិតនៅភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង និងបានសំណេះសំណាលជាមួយប្រជាពលរដ្ឋខេត្តព្រៃវែងចំនួនជាងមួយពាន់នាក់ ដែលបានបង្ហាញពីសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មីមួយទៀត ក្នុងការបំពេញសេចក្តីត្រូវការរបស់កុមារកំព្រាខេត្តព្រៃវែង ក្នុងការទ្រទ្រង់ដល់កុមារកំព្រា ក្នុងខេត្តព្រៃវែង។

ក្នុងពិធីសម្ពោធនេះ ក៍មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំថ្នាក់ជាតិមកពីបណ្តាក្រសួង ស្ថាប័ននានា និងភ្ញៀវអន្តរជាតិ ព្រមទាំង ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងជាច្រើននាក់ផងដែរ។

សូមបញ្ជាក់ថា «ភូមិកុមារ SOS ព្រៃវែង» បានកសាងភូមិកុមារនេះ ដោយអង្គការ «ភូមិកុមារ SOS អន្តរជាតិ» លើ ផ្ទៃដីសរុបជាង ១ម៉ឺនម៉ែត្រក្រឡា ជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ស្ថិតនៅភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ ដោយចំណាយថវិកាសរុប ១,៥៣១,២៤៨ដុល្លារអាមេរិក។ ជាលទ្ធផល «ភូមិកុមារ SOS ព្រៃវែង» មានអគារសរុបចំនួន ៩ខ្នង រួមមាន៖ អគារការិយាល័យ និងសាលសិល្បៈ ១ខ្នង កម្ពស់ ២ជាន់, អគារផ្ទះគ្រួសារ ៤ខ្នង កម្ពស់ ២ជាន់, អគារផ្ទះនាយកភូមិ និងផ្ទះបុគ្គលិក ១ខ្នង កម្ពស់ ២ជាន់, អគារផ្ទះសហគមន៍ និងផ្ទះភ្ញៀវ ១ខ្នង កម្ពស់ ២ជាន់, អគារផ្ទះអាហារូបត្ថម្ភ ១ខ្នង កម្ពស់ ២ជាន់ និងអគារមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ១ខ្នង។

នៅក្នុងពិធីនេះដែរ សម្តេចតេជោ បានថ្លែងអំណរគុណដល់លោក Dereje Wordofa ប្រធានអង្គការ SOS អន្តរជាតិថា នេះជាក្តីរីករាយមួយក្រោមភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការអន្តរជាតិ SOS ក្នុងការបង្កើតកម្មវិធីទ្រទ្រង់ដល់កុមារកំព្រា និងបានយកចិត្តទុកដាក់ថែទាំចិញ្ចឹមបីបាច់ ថែមទាំងផ្តល់នូវការអប់រំប្រកបដោយគុណភាព និងគុណធម៌ក្នុងការប្រែក្លាយពួកគាត់អោយមានជោគវាសនាល្អ ពោរពេញទៅដោយចំណេះដឹង និងសមត្ថភាពផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្ត សូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាមួយលោក Dereje Wordofa ប្រធានអង្គការ SOS អន្តរជាតិ និងភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ ដែលបានបង្កើតកម្មវិធីទ្រទ្រង់ដល់កុមារកំព្រា ដើម្បីផ្តល់ឪកាសក្នុងការអភិវឌ្ឍន៍ធនធានមនុស្សនៅមូលដ្ឋានប្រកបដោយផ្លែផ្កាជាទីមោទនៈ។

សារជាថ្មីម្តងទៀត ឯកឧត្តម ជា សុមេធី អភិបាលខេត្ត ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង សូមបួងសួងដល់វត្ថុស័ក្តសិទ្ធិលើលោក សូមអោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា​បុត្រី ចៅប្រុសចៅស្រី និងឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ បងប្អូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកយាយ លោកតា បងប្អូនកូនក្មួយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាទីស្រឡាញ់ទាំងអស់ ពិសេសជូនដល់ លោក Dereje Wordofa ប្រធានអង្គការ SOS អន្តរជាតិ និងសហការីទាំងអស់ ដែលបាននិងកំពុងបំពេញបេសកកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមមានសុខភាពល្អ ចៀសឆ្ងាយផុតពីជំងឺកូវីដ-១៩ និងសូមប្រកបដោយពុទ្ធពរ និងពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និង កុំបីឃ្លៀងឃ្លាតឡើយ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។