ព័ត៌មានជាតិ

ឈ្មួញឈើឈ្មោះ មករា មានឥទិ្ធពលធំធេង ក្នុងការដឹកជញ្ជូនឈើចេញទៅប្រទេសវៀតណាម គ្មានសមត្ថកិច្ចណាហ៊ានប៉ះពាល់!

(រតនគិរី) តាមប្រភពពីមន្រ្តីនៅច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ បានឲ្យដឹងថា រយៈពេលមួយសប្ដាហ៍ចុងក្រោយនេះឈ្មួញឈ្មោះ មករា ដែលអាងមានខ្នងបង្អែករឹងមាំ បានបង្កើនសកម្មភាពដឹកជញ្ជូនឈើចេញទៅប្រទេសវៀតណាម យ៉ាងគំហុក។

 

 

ប្រភពបានបញ្ជាក់ច្បាស់ថា ឈ្មួញឈ្មោះ មករា​ ប្រើប្រាស់រថយន្តសាំយ៉ុង4​ទៅ5គ្រឿង ធ្វើសកម្មភាពដឹកជញ្ជូនឈើចេញទៅប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ស្រុកអូរយ៉ាដាវ យ៉ាងរលូន​ ព្រោះមានការឃុបឃិតជាប្រព័ន្ធ​។

អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺលោក ថាវ យ៉េន​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ព្រមទាំងលោក យិន​ ចំណាន ស្នងការនគរបាលខេត្តរតនគិរី និងលោក ញ៉ែម សំអឿន​ អភិបាលខេត្តរតនគិរី សម្ងំស្ងាត់ឈឹងតែម្ដង។

ប្រភពស្និទ្ធនឹងឈ្មួញឈ្មោះ មករា បានឲ្យដឹងថា ឈ្មួញរូបនេះប្រមូលទិញឈើដឹកចេញពីតំបន់ភ្នំកុក ភូមិទាមក្រោម ស្រុកវ៉ើនសៃ យកមករក្សាទុកក្នុងឃ្លាំងធំមួយនៅចំណុចចំណោតខាងជើងបឹងយក្ខឡោម ក្រុងបានលុង ទីរួមខេត្តរតនគិរី។ សកម្មភាពរបស់ឈ្មួញឈ្មោះ មករា ដឹកជញ្ជូនឈើពីស្រុកវ៉ើនសៃ មិនដែលមានមន្រ្តីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានចាត់វិធានការទប់ស្កាត់ឡើយ ព្រោះគេដឹងថាឈ្មួញម្នាក់នេះមានមន្រ្តីធំៗនៅពីក្រោយខ្នង។

នៅពេលប្រមូលទិញឈើរក្សាទុកក្នុងឃ្លាំងបានច្រើនទើបឈ្មួញឈ្មោះ មករា ដឹកជញ្ជូនចេញទៅប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ យ៉ាងពេញបន្ទុក ដោយគ្មានញញើតអ្វីទាំងអស់។

សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តរតនគិរី បានឲ្យដឹងថា ការដែលឈ្មួញឈ្មោះ មករា អាចដឹកជញ្ជូនឈើចេញទៅស្រុកយួន យ៉ាងរលូនគឺមានកិច្ចសហការពីសំណាក់លោក ខឹម ចិត្រា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ផងដែរ។

លើសនេះទៅទៀតគឺឈ្មួញឈ្មោះ មករា​ មានខ្នងបង្អែកក្រាស់​​ ឬជាប្រភពចំណូលរបស់មន្រ្តីធំៗមួយចំនួននៅក្នុងខេត្តរតនគិរី ទើបគ្មានសមត្ថកិច្ចណាហ៊ានប៉ះពាល់ឈ្មួញម្នាក់នេះទាល់តែសោះ។

ជាក់ស្ដែងបច្ចុប្បន្ននេះឈ្មួញឈ្មោះ មករា សម្រុកដឹកជញ្ជូនឈើចេញទៅប្រទេសវៀតណាមតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ យ៉ាងគំហុក ហើយមានមន្រ្តីជំនាញ និងអាជ្ញាធរព្រមទាំងសមត្ថកិច្ចអាវុធហត្ថ សមត្ថកិច្ចនគរបាលខេត្តរតនគិរី បែរជាធ្វើមិនដឹងមិនឮអ្វីទាំងអស់៕សការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។