ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយប្រធានាធិបតីចិន តាមទូរស័ព្ទ

(ភ្នំពេញ) :នៅរសៀលថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីចិន។

ក្នុងជំនួបនេះ គឺមានការពិភាក្សាទៅលើចំណុចជាច្រើននៅក្នុងកម្រិតទ្វេភាគី តំបន់ និងបញ្ហារបស់ពិភពលោកផងដែរ។ កិច្ចពិភាក្សានេះ បានជជែកច្រើនលើទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា ​និងចិន។

ឯកឧត្តមប្រធានាធិបតីចិន បានលើកឡើងថា បច្ចុប្បន្នកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន បានចូលជាធរមាន ដូច្នេះ ចិននឹងនាំចូលអង្ករឱ្យបានកាន់តែច្រើនជាងមុន ព្រមទាំងផលិតផលកសិកម្មមួយចំនួនទៀត ដូចជាផ្លែ ចេក ស្វាយ និងផ្លែមៀនជាដើម ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ ឯកឧត្តមប្រធានាធិបតីចិន ក៏បានប្រកាសគាំទ្រដល់គម្រោងអភិវឌ្ឍទាំងឡាយនៅកម្ពុជា ជាពិសេសការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធ។ឯកឧត្តមប្រធានាធិបតីចិន ក៏បានប្រកាសផ្តល់ជំនួយជាថ្មីនូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ២០លានដូស។ ក្នុងចំណោម ២០លានដូសនេះ ៥លានដូស នឹងមកដល់កម្ពុជា នៅចុងខែមីនា ឆ្នាំ២០២២នេះ។

ឯកឧត្តម ប្រធានាធិបតីចិន ស៊ី ជិនពីង បានប្រកាសធ្វើការរួមគ្នាជាមួយកម្ពុជា ក្នុងការបង្កើតរោងចក្រផលិតវ៉ាក់សាំងនៅកម្ពុជានាពេលខាងមុខផងដែរ។ ឯកឧត្តម ស៊ី ជិនពីង ក៏បានមានប្រសាសន៍ជំរុញបង្កើតជើងហោះហើររវាងប្រទេសទាំងពីរ។ ពាក់ព័ន្ធបញ្ហាអាស៊ាន-ចិន វិញ ដោយសារតែអាស៊ាន និងចិន ទើបនឹងដំឡើងកម្រិតទំនាក់ទំនងរបស់ខ្លួន ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកាលពីឆ្នាំ២០២១នោះ ឯកឧត្តមប្រធានាធិបតីចិន បានប្រកាសគាំទ្រកម្ពុជា ក្នុងការធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ។ ជាពិសេសគាំទ្រតួនាទីប្រធានអាស៊ានរបស់កម្ពុជា លើបញ្ហានៅក្នុងតំបន់ និងលើពិភពលោក។

ឯកឧត្តម ស៊ី ជិនពីង បានគូសរំលេចថា អាស៊ាន និងចិន ត្រូវធ្វើយ៉ាងណារួមចំណែករក្សាសន្តិភាព ស្ថេរភាព ការអភិវឌ្ឍ និងវិបុលភាពនៅក្នុងតំបន់ ជាពិសេសធ្វើយ៉ាងណាពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងចិន។ ឯកឧត្តម ប្រធានាធិបតីចិន ក៏បានគាំទ្រការធ្វើដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីខែមករា កន្លងទៅនេះ។ ឯកឧត្តមបានចាត់ទុកដំណើរទស្សនកិច្ចរបស់សម្តេចតេជោ មានសារៈសំខាន់ក្នុងចូលរួមចំណែកដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ា ដែលជាមធ្យោបាយចូលរួមដំណោះស្រាយតាមផ្លូវអាស៊ាន។

ក្នុងជំនួបពិភាក្សានេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញឯកឧត្តមប្រធានាធិបតីចិន មកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងពេលវេលាសមស្របណាមួយ។ ឯកឧត្តម ប្រធានាធិបតីចិន បានទទួលយកនូវការអញ្ជើញនេះ ហើយនឹងធ្វើការងារជាភាគីពាក់ព័ន្ធ ដើម្បីទស្សនកិច្ចនៅកម្ពុជា។

ឯកឧត្តម ប្រធានាធិបតីចិន ក៏បានអញ្ជើញសម្តេចតេជោ ហ៊ុន សែន ទស្សនកិច្ចនៅប្រទេសចិន ក្នុងពេលវេលាសមស្របណាមួយ ជាពិសេសក្រោយការរាតត្បាតជំងឺកូវីដ-១៩៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។