ព័ត៌មានជាតិ

អាជ្ញាធរខេត្តបន្ទាយមានជ័យ គិតគូរធ្វើការសាងសង់ផ្ទះដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់

(បន្ទាយមានជ័យ)÷ ក្រោយពីទឹកជំជំនន់បានស្រកចុះទាំងស្រុងពីលំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋនោះ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានគិតគូរដោះស្រាយការខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមេបញ្ជាការកងកម្លាំង លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុង បានបន្តចូលរួមសកម្មភាពជាមួយកងកម្លាំងទាំង០៣ប្រភេទក្នុងការៀបចំផ្ទះសម្បែងឡើងវិញដល់បងប្អូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយទឹកជំនន់ ដែលធ្វើឲ្យមានការខូចខាតចំនួន០៣ខ្នងផ្ទះនៅភូមិសាស្ត្រភូមិសេសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះក៏មានវត្តមានចុះមកពិនិត្យមើលការងារកសាងផ្ទះនេះពីឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

ក្នុងឱកាសចុះដឹកនាំការសាងសង់ផ្ទះនៅភូមិសែសិន លោក អ៊ុ រាត្រី បានគូសបញ្ជាក់ថា តាមប្រសាសន៍ណែនាំដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យមន្ត្រីអាជ្ញាធរមូលដ្ឋានដោះស្រាយបញ្ហាលំបាករបស់ប្រជាពលរដ្ឋទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់។

ថ្មីៗមកនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្តល់ពូស្រូវដល់ប្រជាពលរដ្ឋរងគ្រោះចំនួន១១០០០ គ្រួសារផងដែរដើម្បីស្តារឡើងវិញពេលទឹកសម្រក។ ក្នុងនោះយើងនិងបន្តធ្វើការស្តារឡើងវិញជាបណ្តើរៗលើហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានានៅមូលដ្ឋានផងដែរ។

ជាមួយគ្នានោះ លោកអភិបាលខេត្ត រួមជាមួយកងកម្លាំងទាំង០៣ប្រភេទ និងអាជ្ញាធរដែនដីទាំងអស់ បានបន្តធ្វើការ សាងសង់ផ្ទះជូនដល់ប្រជាពលរដ្ឋចំនួន០៣ខ្នង ស្មើនឹង០៣គ្រួសារ ក្នុងភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ លើផែនការសរុប២៨ខ្នងលើ០២ស្រុក ក្រុង ស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ ដែលជាកន្លែងទទួលរងគ្រោះធ្ងន់ធ្ងរជាងគេនឹងបន្តដោះស្រាយ។

ប្រជាពលរដ្ឋចំនួន០៣គ្រួសារ ក្នុងភូមិសែសិន ដែលទទួលបានការសាងសង់ផ្ទះពីអាជ្ញាធរ កងកម្លាំង បានគោរពថ្លែងអំណរគុណ និងជូនពរដល់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអាជ្ញាធរដែនដី អភិបាលខេត្ត ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានជួយសាងសង់ផ្ទះឡើងវិញក្រោយពីចប់ទឹកជំនន់នេះ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។