ព័ត៌មានជាតិ

ខ្លួននាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្នៅទី១បន្ទាប់ពីបានបាញ់ប្រហារ ស្រីកំណាន់ ស្លាប់ក្នុងថ្លុកឈាម!

(ខេត្តព្រៃវែង) :លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្នៅទី១ ស្រុកសុីធរកណ្តាល ខេត្តព្រៃវែងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តហើយត្រូវបានឃុំខ្លួនដាក់ពន្ធនាគារនៅរសៀលថ្ងៃទី២៦ ខែមីនាឆ្នាំ២០២២ ក្នុងករណីបាញ់ប្រហារស្រីកំណាន់បណ្ដាលឱ្យស្លាប់នៅក្នុងថ្លុកឈាម។
សមត្ថកិច្ចនគរបាលស្រុកស៊ីធរកណ្តាលខេត្តព្រៃវែងបានឱ្យដឹងថា មានករណីបាញ់ប្រហារបណ្ដាលឱ្យស្ត្រីម្នាក់ស្លាប់នៅក្នុងថ្លុកឈាមកាលពីវេលាម៉ោង​២០និង៣០នាទី​ថ្ងៃទី២៤ ខែមីនាឆ្នាំ២០២២នៅចំណុចលើផ្លូវលំស្ថិតនៅមុខខ្លោងទ្វារវត្តផាត់សណ្តោង ក្នុងភូមិផាត់សណ្តោង ឃុំព្នៅទី១ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
សមត្ថកិច្ចនគរបាលស្រុកស៊ីធរកណ្តាលបានឱ្យដឹងទៀតថា ជនសង្ស័យឈ្មោះម៉ៅ សុវណ្ណហុង ភេទប្រុស អាយុ៥៣ឆ្នាំ​ ជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្នៅទី១ រស់នៅភូមិផាត់សណ្តោង ឃុំព្នៅទី១ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ។
ចំណែកឯជនរងគ្រោះ​ ឈ្មោះ​ សុខ​ មួយ​ ភេទស្រី​ អាយុ៥១ឆ្នាំ​ រស់នៅភូមិព្នៅ​ ឃុំព្នៅទី១​ ស្រុកសុីធរកណ្តាល ត្រូវជាប្រព​ន្ធចុងជនសង្ស័យ។
សមត្ថកិច្ចបានបញ្ជាក់ថា នៅក្នុងហេតុការណ៍នេះ​ជនសង្ស័យ​បានយកកាំភ្លើងខ្លី១ដើមម៉ាក k៥៤ ពីក្នុងកាតាបបាញ់ទៅលើជនរងគ្រោះចំនួន៤គ្រាប់តែផ្ទុះ២គ្រាប់​ ត្រូវចំក្បាល១គ្រាប់ និង​ក១ គ្រាប់ បណ្តាលឲ្យជនរងគ្រោះដួលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ មូលហេតុដែលឈានទៅដល់ការបាញ់ប្រហារគ្នានេះគឺដោយសារតែមានទំនាស់ពាក្យសម្តីគ្នាតាមផ្លូវ​ ក្រោយចេញពីកម្មវិធីខួបកំណេីតកូនអ្នកភូមិជាមួយគ្នា។
សូមបញ្ជាក់ថា នៅក្នុងហេតុការណ៍បាញ់ប្រហារនេះ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោព្រំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែងនិងដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រីពៅ ជីវីស្នងការរងទទួលផែនព្រហ្មទណ្ឌចុះដឹកនាំកម្លាំងទាំងយប់ឈានទៅដល់ការឃាត់ខ្លួននាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្នៅទី១បានភ្លាមៗដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
បើតាមសមត្ថកិច្ចនគរបាលស្រុកស៊ីធរកណ្ដាលបានអះអាងថា ទោះបីមានឋានៈតួនាទីជានាយប៉ុស្តិ៍ក៏ដោយឱ្យតែធ្វើខុសនឹងច្បាប់គឺត្រូវមានទោសទណ្ឌដូចប្រជាពលរដ្ឋធម្មតាដែរ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។