ព័ត៌មានជាតិ

រៀបចំពិធីជួបសំណេះសំណាល និងសួរសុខទុក្ខ អតីតយុទ្ធជន ជាជនពិការ ប្រភេទក១ និងក២ ចំនួន ២៥០នាក់ ក្នុងខេត្តកំពង់ចាម

(កំពង់ចាម)  :នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ អតីតយុទ្ធជន ជាជនពិការ ប្រភេទក១ និងក២ ចំនួន ២៥០នាក់ ក្នុងខេត្តកំពង់ចាម។ ពិធីជួបសំណេះ សំណាលនាសឱកាសនោះដែរ ក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម រដ្ឋលេខាធិការក្រសួងការពារជាតិ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការតំបន់សឹករងខេត្ត លោកមេបញ្ជាកងរាជអាវុធហត្ថខេត្ត លោក អភិបាលក្រុង ស្រុក និង លោកអធិការនគរបាលក្រុងស្រុក លោកមេប៉ុស្ដិ៍រដ្ឋបាល ឃុំសង្កាត់ទាំង ១០៩ ព្រមទាំងបងប្អូនអតីតយុទ្ធជនចូលរួមផងដែរ។

ក្រោយពីបានស្តាប់របាយការណ៍ស្វាគមន៍ របស់ប្រធានសមាគមអតីតយុទ្ធជនខេត្តរួចមក ថ្លែងក្នុងឱកាសនោះ ទេសរដ្ឋមន្ដ្រី គន់ គីម បានជំរុញឱ្យថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនខេត្តកំពង់ចាមទាំងអស់ ត្រូវតែបន្តធ្វើនូវអំពើល្អ ហើយខិតខំឲ្យអស់ពីកម្លាំងកាយចិត្ត ដោះស្រាយរាល់ទុក្ខលំបាករបស់សមាគមអតីតយុទ្ធជន។

ទេសរដ្ឋមន្ត្រី គន់ គីម ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំបំពេញភារកិច្ចយ៉ាងសកម្ម និងដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ សមាគមគ្រប់ថ្នាក់ ធ្វើឲ្យការងារសមាគមមានសន្ទុះវិវឌ្ឍន៍គួរឲ្យកត់សម្គាល់។ លោកបានណែនាំ ឲ្យថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ត្រូវបន្តការចុះសួរសុខទុក្ខ អតីតយុទ្ធជនដើម្បីស្វែងយល់ពីស្ថានភាពជីវភាព សុខភាព និងមានវិធានការជួយពួកគាត់ពេលមានបញ្ហាឲ្យទាន់ពេលវេលា។

ដោយឡែក ថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជនខេត្ត ត្រូវសហការជាមួយស្ថាប័នជំនាញ ធ្វើជាសេនាធិការឲ្យអភិបាលខេត្ត ធ្វើការគ្រប់គ្រងដីសម្បទានសង្គមកិច្ច ដែលរដ្ឋប្រគល់ឲ្យដើម្បីបែងចែកជាឡូត៍ នឹងស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា កសាងផ្ទះជូនបងប្អូនសមាជិកដែលអត់ដីអត់ផ្ទះ។

ចុងបញ្ចប់ ទេសរដ្ឋមន្ដ្រី គន់ គីម បានគូសបញ្ជាក់ជូនអង្គប្រជុំថា អ្វីៗដែលសមាជិកអតីតយុទ្ធជនកម្ពុជា ទទួលបានដូចសព្វថ្ងៃនេះ គឺដោយសារប្រទេសយើង មានសន្តិភាព ហេតុនេះទើបយើងត្រូវអរគុណសន្តិភាព និងដឹងគុណ សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកសន្តិភាព។

ដោយឡែកសម្រាប់ អតីតយុទ្ធជន ជាពិការ ក១ និង ក២ ចំនួន ២៥០នាក់ ក្នុងម្នាក់ៗ ថវិកា ១០០,០០០រៀល ប្រធានប៉ុស្ដិ៍រដ្ឋបាល ចំនួន ១០៩នាក់ ក្នុងម្នាក់ៗ ៥០,០០០រៀលផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។