ព័ត៌មានជាតិ

គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បើកវគ្គបណ្តុះបណ្តាលជូនដល់មន្ត្រីសម្រាប់យន្តការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ថ្នាក់ក្រុង-ស្រុក ឃុំ-សង្កាត់

(កំពង់ចាម) ÷នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ចាម លោកស្រី ប៉ាង ដានី អភិបាលរងខេត្ត ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស បានអញ្ជើញបើកវគ្គបណ្ដុះបណ្ដាលដល់មន្ត្រីសម្រាប់យន្តការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅថ្នាក់ស្រុក-ឃុំ។ ដោយមានការចូលរួមពីមន្ត្រីលេខាធិការដ្ឋាននៃគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស និងសិក្ខាកាមជាមន្ត្រីគោលថ្នាក់ឃុំ ក្នុងស្រុកចំនួន៥ រួមមានស្រុកកោះសូទិន ស្រុកស្ទឹងត្រង់ ស្រុកចំការលើ ស្រុកព្រៃឈរ និងស្រុកបាធាយ ដែលមានចំនួនសរុបប្រមាណជា ១៩០ នាក់។

លោកស្រី ប៉ាង ដានី អភិបាលរងខេត្ត បានថ្លែងនូវការកោតសរសើរដល់ការខិតខំរបស់មន្ត្រី នៅមូលដ្ឋាន ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តការងារទទួលបានជោគជ័យនៅក្នុងការទប់ស្កាត់មេខ្យល់ដែលប៉ុនប៉ងនាំយកពលករចេញទៅធ្វើការនៅក្រៅប្រទេស មិនស្របច្បាប់។ ជាមួយនេះ លោកស្រី បានមានប្រសាសន៍ផ្ដាំផ្ញើដល់សិក្ខាកាមឱ្យខិតខំយកចិត្តទុកដាក់ តាមដាននៅមេរៀនឯកសារសំខាន់ៗចំនួន២ របស់ក្រុមអប់រំផ្សព្វផ្សាយដែលដឹកនាំដោយមន្ទីរអប់រំ យុវជន និងកីឡា និងក្រុមការពារជនរងគ្រោះ ដឹកនាំដោយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងសំណូមពរដល់សិក្ខាកាម ឲ្យយកផែនការយុទ្ធសាស្ត្រគោលទាំង៤ចំណុចរបស់គណៈកម្មាធិការជាតិមករៀបចំផែនការសកម្មភាពរបស់ខ្លួនសម្រាប់អនុវត្តនៅក្នុងឆ្នាំ២០២១ ខាងមុខនេះ។

សូមបញ្ជាក់ថាវគ្គបណ្ដុះបណ្ដាលនេះគឺជាការរៀបចំឡើងដោយលេខាធិការដ្ឋានគណៈកម្មាធិការខេត្តប្រឆាំងអំពើជួញដូរមនុស្សដែលបានលើកផែនការបណ្ដុះបណ្ដាលក្នុងឆ្នាំ២០២០ កន្លងមកនេះគឺជាវគ្គទី ២ ដែលគ្រោងនឹងបញ្ចប់នៅត្រីមាសទី ៣ ឆ្នាំ២០២០ ប៉ុន្តែអាស្រ័យដោយយើងជួបប្រទះនូវវិបត្តិជំងឺកូវីដ-១៩ ទើបការបញ្ចប់វគ្គត្រូវបានលើកមកត្រីមាសទី ៤ ក្នុងឆ្នាំ ២០២០ វិញ ហើយការរៀបចំវគ្គនេះលេខាធិការដ្ឋាន បានអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលដោយតម្រូវឲ្យសិក្ខាកាមរក្សានូវគម្លាតសុវត្ថិភាព និងពាក់ម៉ាស់គ្រប់ៗគ្នា៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។