ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជេីញជួបពិភាក្សាការងារជាមួយបេសកជនពិសេសរបស់អគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា

(ភ្នំពេញ) :នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Noeleen Heyzer ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកលើបញ្ហាមីយ៉ាន់ម៉ា។

ក្នុងជំនួបនោះ លោកជំទាវ Noeleen Heyzer បានគោរព សំដែងនូវការអបអរសាទរ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានទទួលមេដាយសន្តិភាព នៅប្រទេសកូរ៉េកន្លងមកនេះ និង សម្តែងការអបអរសាទរផងដែរដែលថ្មីៗនេះ កងទ័ពរក្សាសន្តិភាពកម្ពុជាទទួលបានមេដាយ អង្គការសហប្រជាជាតិ ។

លោកជំទាវ Noeleen Heyzer​ បានគោរពជំរាបសម្តេចតេជោនូវកិច្ចការដែលលោកជំទាវ បានធ្វើ នារយៈពេល៣ខែកន្លងមក ក្នុងនាមជាប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលជារួមមាន ការពិចារណាដោះស្រាយបញ្ហាមីយ៉ាន់ម៉ា តាមរយៈបង្កើតក្របខណ្ឌពហុច្រកឈរលើមូលដ្ឋានទស្សនទានរង្វង់៣ ស្រទាប់ ស្រទាប់ទី១ នៅកណ្ដាលរង្វង់ គឺដំណើរការរកដំណោះស្រាយ ដែលដឹកនាំដោយមីយ៉ាន់ម៉ា និងជាកម្មសិទ្ធិរបស់មីយ៉ាន់ម៉ា ដែលឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាជនមីយ៉ាន់ម៉ា ។ស្រទាប់ទី២គឺដំណើរការដឹកនាំដោយសហគមន៍តំបន់ដែលមានអាស៊ាន និងបណ្ដាប្រទេសជាប់ព្រំដែនមីយ៉ាន់ម៉ាទាំងអស់ចូលរួម និងស្រទាប់ទី៣ ស្រទាប់ខាងក្រៅបង្អស់ គឺសហគមន៍អន្តរជាតិ ដែលភាគច្រើនជាប្រទេសលោកខាងលិច ។

លោកជំទាវ Noeleen Heyzer​ បានមានប្រសាសន៍បន្ថែមថា ក្របខ័ណ្ឌនេះមិនខុសពី ការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ានទេ គឺ១) ផ្ដោតការខិតខំទៅលើការផ្តល់ជំនួយមនុស្សធម៌ ទី២)ពីរការការពារប្រជាជន និងទី៣) វិលទៅរកការគ្រប់គ្រងស៊ីវិលដែលជាការចាំបាច់ត្រូវមានការកសាងទំនុកចិត្ត ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោកជំទាវ Noeleen Heyzer ដែលបានសំដែងនូវការអបអរសាទរ ចំពោះសម្តេចដែលការទទួលបានមេដាយសន្តិភាពកន្លងទៅ និងកងរក្សាសន្តិភាពកម្ពុជាទទួលបានមេដាយ នៅអង្គការសហប្រជាជាតិ ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណ លោកជំទាវ Noeleen Heyzer ដែលបានលើកឡើងអំពីករណីមីយ៉ាន់ម៉ា។សម្ដេចតេជោបានមានប្រសាសន៍ថា យើងមានចំនុចរួមគ្នានោះគឺជួយស្វែងរកជូនប្រជាជនមីយ៉ាន់ម៉ា នូវសន្តិភាព ស្ថិរភាព និងការរីកចម្រើន ហើយអ្វីដែលត្រូវធ្វើជាបន្ទាន់នោះ គឺបញ្ឈប់អំពើហិង្សា នាំអំណោយមនុស្សធម៌ជូនដល់ប្រជាជនទាំងអស់ដែលកំពុងត្រូវការ និងបង្កលក្ខណៈជឿទុកចិត្តគ្នាដោះស្រាយបញ្ហា ជាពិសេស តាមរយៈការព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចរបស់អាស៊ាន៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។