ព័ត៌មានជាតិ

រដ្ឋបាលខេត្តឧត្ដរមានជ័យ បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រោមអធិបតីភាព ឯកឧត្ដម ប៉ែន កុសល្យ

(ឧត្តរមានជ័យ) :នាថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ រដ្ឋបាលខេត្តឧត្ដរមានជ័យ បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រោមអធិបតីភាព ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងឯកឧត្ដម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត មន្ទីរ-អង្គភាព លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបីប្រភេទ អភិបាលក្រុង-ស្រុកទាំងប្រាំ រួមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀតបានអញ្ជើញចូលរួមផងដែរ កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តឧត្ដរមានជ័យ។

ឯកឧត្ដម ប៉ែន កុសល្យ បានមានប្រសាសន៍លើកឡើងថា៖ ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត គឺជាអ្នកទទួលខុសត្រូវខ្ពស់ជាងគេ ដោយត្រូវដឹកនាំកម្លាំង ទាំងអស់ក្នុងខេត្ត ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម (ពង្រឹងវិធានការបង្ការ ទប់ស្កាត់បទល្មើស ក្នុងករណីមានបទល្មើសកើតឡើងត្រូវខិតខំស្រាវជ្រាវ បង្ក្រាប ចាប់ខ្លួនជនល្មើស ប្រមូលវត្ថុតាង កសាងសំណុំរឿងបញ្ជូនទៅតុលាការ)។

ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត បានណែនាំដល់មន្ទីរ-អង្គភាព សម្អាតអនាម័យក្នុងអង្គភាព តុបតែងលម្អទង់ជាតិ ទង់ជ្វាលា គោមភ្លើង និងតាំងលម្អព្រះឆាយាលក្ខណ៍អង្គព្រះមហាក្សត្រ និងសម្តេចម៉ែ។ ក្រៅពៅនោះត្រូវរួមសហការណ៍គ្នាក្នុងការរៀបចំតុបតែងលម្អសូន្យ រៀបចំកម្មវិធីកំសាន្តនានា តាមទីសាធារណៈក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ក្នុងនោះដែរឯកឧត្ដមក៏បានណែនាំដល់មន្ទីរសុខាភិបាល ត្រៀមរថយន្តសង្គ្រោះបន្ទាន់ និងក្រុមគ្រូពេទ្យចល័ត ដើម្បីបង្ការហានិភ័យដែលអាចកើតមានជាយថាហេតុផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។