ព័ត៌មានជាតិ

សេចក្តីព្រាងច្បាប់ស្តីពី “ការការពាររុក្ខជាតិ និងភូតគាមអនាម័យ”

សេចក្តីព្រាងច្បាប់ស្តីពី “ការការពាររុក្ខជាតិ និងភូតគាមអនាម័យ” ត្រូវបានព្រឹទ្ធសភាអនុម័តយល់ព្រមតាមសំណើរបស់រាជរដ្ឋាភិបាល ក្នុងសម័យប្រជុំលើកទី៨ នីតិកាលទី៤ នៃព្រឹទ្ធសភាកាលពីព្រឹកថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២។

នៅវិមានព្រឹទ្ធសភា សម័យប្រជុំលើកទី៨ នីតិកាលទី៤ បានប្រារព្វឡើងស្ថិតក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អនុប្រធានទី១ព្រឹទ្ធសភា ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា
ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា។ ដោយឡែក ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី តំណាងដ៏ខ្ពង់ខ្ពស់រាជរដ្ឋា ភិបាល ហើយក៏ជាក្រសួងសាមី បានអញ្ជើញទៅការពារសេចក្តីព្រាងច្បាប់នេះ។

ជាបឋម ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណ:កម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន បានគោរពអនុញ្ញាតសម្តេចប្រធានព្រឹទ្ធសភានាំយកយោបល់ និងលទ្ធផលនៃការពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពី “ការការពាររុក្ខជាតិ និងភូតគាមអនាម័យ” មកទូលថ្វាយ និងជម្រាបជូនអង្គប្រជុំព្រឹទ្ធសភាដោយសង្ខេបខ្លឹមសារសំខាន់ៗជាអាទិ៍ ៖ ដំណើរការប្រព្រឹត្តទៅនៃការកសាងឯកសារគតិយុត្តមួយនេះ សេចក្តីត្រូវការចាំបាច់ដែលត្រូវរៀបចំសេចក្តីព្រាងច្បាប់នេះឡើង ការដាក់ឆ្លងពិនិត្យ និងពិភាក្សាផ្ទៃក្នុង ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដាក់ឆ្លងសម័យប្រជុំគណ:រដ្ឋមន្រ្តី ដាក់ឆ្លងគណៈកម្មការទី៣ និងគណៈកម្មការជំនាញផ្សេងទៀតនៃរដ្ឋសភា ដាក់ឆ្លងសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៧ នីតិកាលទី៦ និងចុង ក្រោយបានដាក់ឆ្លងកិច្ចប្រជុំគណ:កម្មការទី៣ និងគណ:កម្មការផ្សេងទៀតនៃព្រឹទ្ធសភា កាលពីថ្ងៃទី១១ ខែមេសាកន្លងមក។ ទាំងទម្រង់ ខ្លឹមសាររួម ខ្លឹមសារទូទៅ និងអត្ថប្រយោជន៍នៃសេចក្តីព្រាងច្បាប់ក្នុងការការពាររាល់កសិផល និងរុក្ខជាតិនាំចូលក្នុងព្រះរាជាណាចក្រកម្ពុជា និងជា ពិសេសជំរុញ និងលើកកម្ពស់សមត្ថភាពនាំចេញកសិផល ឆ្លើយតបតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យនៃទីផ្សារនាំចូល។

ឆ្លៀតយកឱកាសដ៏មានតម្លៃនេះ ឯកឧត្តមរដ្ឋមន្ត្រីក្នុងនាមឲ្យរាជរដ្ឋាភិបាល និងក្នុងនាមក្រសួងសាមីដែលជាអ្នករៀបចំ តាក់តែង និងអនុវត្តច្បាប់នេះផ្ទាល់ បានស្រាយបំភ្លឺនូវរាល់ចំណោទចោទ សួរពីសមាជិក សមាជិកាអង្គប្រជុំព្រឹទ្ធសភាបានយ៉ាងទូលំទូលាយ និងស៊ីជម្រៅទាំងលើខ្លឹមសារ បច្ចេកទេស និងខ្លឹមសារគតិយុត្ត ព្រមជាមួយគ្នាឯកឧត្តមរដ្ឋមន្រ្តីក៏វាយតម្លៃខ្ពស់ចំពោះមតិ និងអនុសាសន៍សំខាន់ៗដែលបានលើកឡើងដោយអង្គព្រឹទ្ធសភាផងដែរ ដែលជាធាតុចូលដ៏មាន តម្លៃសម្រាប់យកទៅអនុវត្តឲ្យចំគោលដៅ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល បង្កើតបានជាប្រយោជន៍សម្រាប់ប្រជាកសិករទូទៅ វិស័យឯកជន និងមន្រ្តីជំនាញក្នុងការលើកកម្ពស់សមត្ថភាពត្រួតពិនិត្យ និងវាយតម្លៃអំពីគុណភាព និងសុវត្ថិភាពលើរាល់ផលិតផលកសិកម្មទាំងការនាំចូល និងការនាំចេញ។

ចុងបញ្ចប់នៃពិធីការពារសេចក្តីព្រាងច្បាប់នេះ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងនាមថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងរាជរដ្ឋាភិបាលបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ឯកឧត្តមកិត្តិនីតិ កោសលបណ្ឌិត ស៊ឹម កា អនុប្រធានទី១ព្រឹទ្ធសភា ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា ដែលបានពិនិត្យ និងអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់នេះ តាមសំណើររបស់រាជ រដ្ឋាភិបាល។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។