ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារនៅវត្តមុនីរតនប្បភា (ហៅវត្តថ្មី) នៅក្នុងភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ

(ព្រៃវែង) :នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារនៅវត្តមុនីរតនប្បភា (ហៅវត្តថ្មី) នៅក្នុងភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទីនៃរាជរដ្ឋាភិបាលកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ជាសមាជិកព្រឹទ្ធសភាភូមិភាគ ៦ ខេត្តព្រៃវែង ឯកឧត្តម លោកជំទាវអ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង ឯកឧត្តមលោកជំទាវ ថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ត ស្រុក-ឃុំ និងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ស្រុក-ឃុំ កងកម្លាំងទាំងបី លោកប្រធានមន្ទីរ-អង្គភាព ស្ថាប័នជុំវិញខេត្ត ជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន យុវនារី លោកតា លោកយាយ ពុកម៉ែ បងប្អូនប្រជាពលរដ្ឋស្រុកពាមជរ ជាច្រើននាក់ ចូលរួមផងដែរ។

តាងនាមគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត និងខ្លួនខ្ញុំផ្ទាល់ សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់សម្តេចក្រឡាហោម នាយករដ្ឋមន្ត្រីស្តីទី និងគណៈប្រតិភូអមដំណើរទាំងអស់ ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុងពិធីនេះ ក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍន៍វិស័យពុទ្ធចក្រនៅខេត្តព្រៃវែង ប្រកបដោយផ្លែផ្កាជាទីមោទនៈនាពេលនេះ។

ទន្ទឹមនឹងនេះ សម្តេចក្រឡាហោម សូមអំពាវនាវដល់បងប្អូនពុទ្ធបរិស័ទទាំងអស់ បន្តចូលរួមថែរក្សាសមិទ្ធផលទាំងអស់នេះ និងចូលរួមគោរពគាំទ្រ ព្រះពុទ្ធសាសនាឲ្យមានការរីកចម្រើនបន្ថែមទៀត និងសហការជំរុញការចាក់វ៉ាក់សាំងដុសជំរុញអោយបានគ្រប់ៗគ្នា ជាពិសេស សូមចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ និងសូមបោះឆ្នោតជូនគណបក្សណាដែលនាំមកនៅសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ពិតប្រាកដ។

សារជាថ្មីម្តងទៀត ឯកឧត្តមអភិបាលខេត្ត តាងនាមថ្នាក់ដឹកនាំខេត្ត ក៏សូមបួងសួងដល់វត្ថុស័ក្តសិទ្ធិលើលោក ជួយតាមថែរក្សាសម្ដេចក្រឡាហោម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី ជាមួយឯកឧត្តម លោកជំទាវប្រតិភូអមដំណើរទាំងអស់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន យុវនារី លោកតា លោកយាយ ពុកម៉ែ បងប្អូនប្រជាពលរដ្ឋស្រុកពាមជរនៃអង្គពិធីទាំងមូល សូមមានសុខភាពល្អ និងជ័យជំនះគ្រប់ភារកិច្ច ហើយចៀសផុតពីជម្ងឺឆ្លងកូវីដ-១៩។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។