ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួម ក្នុងពិធីទិវាអាហារូបត្ថម្ភលើកទី៧ (០៦វិច្ចកា ២០១៤-០៦វិច្ចកា២០២០) ក្រោមប្រធានបទ”ការពង្រឹងប្រព័ន្ធស្បៀងដើម្បីរបបអាហារសុខភាព”

(កំពង់ចាម) ÷នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមទិវាជាតិអាហារូបត្ថម្ភលើកទី៧ ក្រោមប្រធានបទ «ការពង្រឹងប្រព័ន្ធស្បៀង ដើម្បីរបបអាហារសុខភាព» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកព្រឹទ្ធសភាភូមិភាគ២ ឯកឧត្តម លោកជំទាវតំណាងក្រសួងពាក់ព័ន្ឋ តំណាងស្ថានទូតសហព័ន្ឋអាឡឺម៉ង់ប្រចាំប្រទេសកម្ពុជា និងជាតំណាងដៃគូអភិវឌ្ឍន៍ បណ្តាញអង្គការសង្គមស៊ីវិលដើម្បីអាហារូបត្ថម្ភនៅកម្ពុជា ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក មេឃុំ-ចៅសង្កាត់ សិស្សនិសិ្សត និងភ្ញៀវជាតិ អន្តរជាតិ សរុបចំនួន ៥៧០នាក់ ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី៦ វិច្ឆិកា ជាទិវាជាតិអាហារូបត្ថម្ភ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈ ឲ្យបានកាន់តែទូលំទូលាយនៅទូទាំងប្រទេស អំពីសារៈសំខាន់នៃវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍មូលធនមនុស្ស បង្កើនផលិតភាពការងារ ជំរុញកំណើនសេដ្ឋកិច្ចនិងវឌ្ឍនភាពសង្គម។ ក្នុងឆ្នាំ២០២០នេះ ទិវាជាតិអាហារូបត្ថម្ភលើកទី៧ ក្រោមប្រធានបទ «ការពង្រឹងប្រព័ន្ធស្បៀង ដើម្បីរបបអាហារសុខភាព» ។ វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ជាបញ្ហាអន្តរវិស័យមួយ ដែលទាមទារឲ្យមានយន្តការសម្របសម្រួលសមស្រប ការវិនិយោគ និងកិច្ចសហការពីគ្រប់ភាគី និងប្រទាក់ក្រទ្បាគ្នារវាងវិស័យពាក់ព័ន្ធនានា និងកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ ទាំងក្រសួងស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ ទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៏ អង្គការសង្គមស៊ីវិល វិស័យឯកជន និងសហគមន៍ ដើម្បីដោះស្រាយភាពស្មុគស្មាញនៃឫសគល់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់។

ឯកឧត្តម អភិបាលខេត្ត បានបញ្ចាក់ថា រដ្ធបាលខេត្តកំពង់ចាម បានត្រៀមខ្លួនជាស្រេច ដើម្បីសហការជាមួយ ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដៃគូអភិវឌ្ឍន៏ និងសង្គមស៊ីវិល ដើម្បីអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីពង្រឹងការអនុវត្តយុទ្ធសាស្ត្រជាតិស្ដីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី២ ឆ្នាំ២០១៩-២០២៣ ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ពិសេសអនុសាសន៍ទី៥ ដែលលើកឡើងថា៖ រដ្ឋបាលរាជធានី-ខេត្ត ត្រូវរៀបចំបង្កើតក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភរាជធានី-ខេត្ត និងរៀបចំទិវាអាហារូបត្ថម្ភថ្នាក់ក្រោមជាតិ ដោយមានការចូលរួមពីដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងវិស័យឯកជន ក៏ដូចជាអនុសាសន៍ទី៦ ដែលបានបញ្ចាក់ថារដ្ឋបាលរាជធានី-ខេត្ត ត្រូវរៀបចំបញ្ជ្រាបការងារសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ទៅក្នុងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលឃុំ សង្កាត់ ដើម្បីលើកកម្ពស់វិស័យសន្តិសុខ ស្បៀងនិងអាហារូបត្ថម្ភនៅថ្នាក់ក្រោមជាតិ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជារដ្ឋសមាជិកនៃអង្គការសហប្រជាជាតិ បានប្តេជ្ញាចិត្តបញ្ចប់ភាពអត់ឃ្លាន និងបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់ក្នុងប្រទេសនៅឆ្នាំ២០៣០ ដែលស្របតាមក្នុងគោលដៅទី២ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាពឆ្នាំ២០៣០ បានបញ្ចាក់ច្បាស់ថាបញ្ចប់ភាពអត់ឃ្លាននៅក្នុងពិភពលោក និងបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់ និងធាថាប្រជាជនគ្រប់រូបពិសេសកុមារមានអាហារូបត្ថម្ភល្អ និងមានលទ្ធភាពទទួលបានស្បៀងគ្រប់គ្រាន់រាល់ឆ្នាំ។ ដើម្បីសម្រេចបាននូវគោលដៅទី២ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានអំពាវនាវដល់គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវពង្រឹង និងពង្រីកយុទ្ធនាការអប់រំ ផ្សព្វផ្សាយទិវាជាតិអាហារូបត្ថម្ភ ដើម្បីលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋឱ្យចូលរួម៖
១-ផលិតគ្រប់ដំណាំជាលក្ខណៈគ្រួសារ ឬជាសហគមន៍ ដូចជាសួនបន្លែតាមគ្រួសារ តាមសាលារៀន ឬតាមវត្តអារាមនានា ដើម្បីបង្កើនទាំងបរិមាណគុណភាពសុវត្ថិភាព និងធានាឱ្យមានស្បៀងអាហារចម្រុះជាច្រើនមុខ។
២-ជំរុញលើកកម្ពស់ការចិញ្ចឹមសត្វឱ្យកាន់តែទូលំទូលាយ និងមាននិរន្តភាព ដើម្បីធានាការផ្គត់ផ្គង់សាច់សត្វ និងធានាសុវត្ថិភាពចំណីអាហារ។
៣-បង្កើនការការពារ និងអភិវឌ្ឍធនធានជលផល និងជំរុញអភិវឌ្ឍវារីវប្បកម្ម ដើម្បីធានាឲ្យបាននូវនិរន្តភាពធនធានជលផលព្រមទាំងកែលម្អគុណភាព និងសុវត្ថិភាពផលិតផលជលផលសម្រាប់ការប្រើប្រាស់ក្នុងស្រុក និងនាំចេញ។
៤-ជំរុញលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ បរិភោគអាហារធម្មជាតិចម្រុះមុខ និងសំបូរទៅដោយសារធាតុចិញ្ចឹមដែលមាននៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីទទួលបានអាហារូបត្ថម្ភល្អ មានសុខភាពល្អ និងជីវិតប្រសើរថ្លៃថ្លា៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។