ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ កំណត់យកវ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ជា «វ៉ាក់សាំងកាតព្វកិច្ច», ដូច្នេះអ្នកមិនបំពេញកាតព្វកិច្ច នឹងត្រូវចាត់វិធានការរដ្ឋបាល

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ បានសម្រេចកំណត់យកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ឬដូសជំរុញ ជា «វ៉ាក់សាំងកាតព្វកិច្ច» នៅក្នុងរាជធានីភ្នំពេញ។ ក្នុងករណីប្រជាពលរដ្ឋដែលនៅតែបន្ដគេចវេសមិនបំពេញកាតព្វកិច្ចនេះ នឹងត្រូវចាត់វិធានការរដ្ឋបាល ស្របតាមច្បាប់ជាធរមាន។

ក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះបុគ្គលទាំងឡាយណា ដែលនៅតែបន្តគេចវេសមិនអនុវត្តកាតព្វកិច្ចទាក់ទង នឹងការទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី៣ ឬ ដូសជំរុញ ដែលជា «វ៉ាក់សាំងកាតព្វកិច្ច» ស្របតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការរដ្ឋបាល ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន»។

ក្នុងករណីចាំបាច់ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការរឹតបន្ដឹងការត្រួតពិនិត្យសុពលភាពបណ្ណចាក់វ៉ាក់សាំងកូវីដ១៩ ឬ បណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឬ លិខិតបញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយមិនអនុញ្ញាតឲ្យបុគ្គលណាមួយ ដែលគ្មានបណ្ណចាក់វ៉ាក់សាំងកូវីដ១៩ ឬមានបណ្ណចាក់វ៉ាក់សាំងដែលគ្មានសុពលភាពសម្រាប់ដូសទី៣ ឬ ដូសជំរុញ ចូលក្នុងបរិវេណទីតាំងបិទជិត ដូចជា រោងចក្រ-សហគ្រាស អាជីវកម្មដ្ឋាន មណ្ឌលកម្សាន្ត ផ្សាររដ្ឋ ផ្សារឯកជន ផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន ហាងកាហ្វេ និងគ្រឹះស្ថានសិក្សា ជាដើម។

រដ្ឋបាលរាជធានីភ្នំពេញ ក៏បានក្រើនរំលឹកជាថ្មីម្តងទៀតដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ សូមមេត្តារួសរាន់អញ្ជើញមកទទួលវ៉ាក់សាំង ឬ នាំយកបុត្រធីតារបស់លោកអ្នកដែលមានអាយុចាប់ពី ៣ ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ឲ្យមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ ឬ ដូសជំរុញ ដែលជា «វ៉ាក់សាំងកាតព្វកិច្ច» ឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា ដើម្បីយើងបន្តរួមគ្នារក្សាឲ្យបាននូវ ភាពស៊ាំសហគមន៍ពិតប្រាកដ និងដើម្បីឲ្យរាជរដ្ឋាភិបាលពិចារណាបន្ធូរបន្ថយកាតព្វកិច្ចមួយចំនួន ក្នុងវិស័យសុខាភិបាល បន្ថែមទៀត៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។