ព័ត៌មានជាតិ

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ខេត្តព្រៃវែង កំពុងតែបន្តចូលរួមយុទ្ធនាការចុះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដោយឥតគិតថវិកាបេសកកម្

(ខេត្តព្រៃវែង) : ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ខេត្តព្រៃវែង កំពុងតែបន្តចូលរួមយុទ្ធនាការចុះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដោយឥតគិតថវិកាបេសកកម្ម

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ខេត្តព្រៃវែង សហការជាមួយក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្តព្រៃវែង បន្តចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ ដូសទី២ ដូសទី៣ និងដូសទី៤ ក្នុងក្របខណ្ឌទូទាំងប្រទេស ដោយឥតគិតថវិកាបេសកកម្ម ជូនបងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ នៅសាលាបឋមសិក្សាប្រាសាទ ស្ថិតក្នុងភូមិតាម៉ៅ ឃុំកំពង់សឹង ស្រុកព្រះស្តេច ដោយមានការចូលរួមពីសំណាក់ក្រុមគ្រូពេទ្យការិយាល័យស្រុកប្រតិបត្តិព្រះស្តេច ជាពិសេសក្រុមគ្រូពេទ្យមណ្ឌលសុខភាពកំពង់សឹង រួមជាមួយអាជ្ញាធរឃុំកំពង់សឹង។

កម្មវិធីនេះដឹកនាំដោយ ឯកឧត្តមបណ្ឌិត សេង បញ្ញាឬទ្ធិ អនុប្រធានប្រតិបត្តិ ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ខេត្តព្រៃវែង និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង រួមជាមួយ សមាជិក សមាជិកា និងក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្តព្រៃវែង។ សកម្មភាពនេះបានបង្ហាញយ៉ាងច្បាស់ថា កម្ពុជាបាននឹងកំពុងតែបោះជំហ៊ានទៅមុខជានិច្ច លើការងារផ្តល់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីពង្រឹងភាពស៊ាំក្នុងសហគមន៍ កាត់បន្ថយហានីភ័យនៃការរាតត្បាតដោយជំងឺកូវីដ-១៩។ ជាការពិតនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានប្រកាសលើកលែងការពាក់ម៉ាសនៅទីសាធារណៈទូទាំងប្រទេស ប៉ុន្តែបន្តពាក់នៅកន្លែងបិទជិត។ ពិតប្រាកដណាស់សមិទ្ធិផលដ៏អស្ចារ្យនេះ ពិតជាមិនអាចខ្វះបាននូវវត្តមាន និងការខិតខំប្រឹងប្រែងប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជានោះឡើយ។

សូមអរគុណដល់អាជ្ញាធរមូលដ្ឋានសម្រាប់កិច្ចសហការយ៉ាងល្អ និងក្រុមគ្រូពេទ្យទាំងអស់ ដែលបានបំពេញភារកិច្ចយ៉ាងមោះម៉ុត ប្រកបដោយស្នាមញញឹម និងទំនួលខុសត្រូវខ្ពស់ ដោយមិនគិតពីការនឿយហត់ ដើម្បីលើកកម្ពស់សុខុមាលភាពបងប្អូនប្រជាពលរដ្ឋ ។
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តចូលរួមចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នាស្របតាមគោលការណ៍ណែនាំរបស់រាជរាដ្ឋាភិបាល ដើម្បីឈានទៅបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅប្រទេសយើង។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។