ព័ត៌មានជាតិ

អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីការងារដោះស្រាយផលប៉ះពាល់ទីតាំងស្ថាបនាស្ថានីយ៍ជញ្ជីងថ្លឹងយានយន្តលើសទម្ងន់ចំនួន០១កន្លែង

(បាត់ដំបង) :នៅព្រឹកថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារស្ដីពីការដោះស្រាយផលប៉ះពាល់ទីតាំងស្ថាបនាស្ថានីយ៍ជញ្ជីងថ្លឹងយានយន្តលើសទម្ងន់មួយកន្លែងស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ដែលមានទីតាំងនៅភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី លោកទីប្រឹក្សាបច្ចេកទេសគម្រោង លោកអនុប្រធាននាយកដ្ឋានដោះស្រាយផលប៉ះពាល់ទី២ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកអភិបាលស្រុកថ្មគោល ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត ។

បន្ទាប់ពីធ្វើការពិភាក្សារួចមក លោល សុខ លូ អភិបាលខេត្ត បានមានប្រសាសន៍ថា ដោយសារតែទីតាំងចាស់មានផលប៉ះពាល់ច្រើន ជាពិសេសប៉ះពាល់ដល់ប្រជាពលរដ្ឋមួយចំនួន ដូចនេះដើម្បីជៀសវាងផលប៉ះពាល់ជាអតិបរិមា និងដើម្បីកាត់បន្ថយការចំណាយថវិកាជាតិ លោក សុខ លូ បានធ្វើការឯកភាពក្នុងការរកទីតាំងថ្មី ក្នុងការស្ថាបនាស្ថានីយ៍ជញ្ជីងថ្លឹងយានយន្តលើសទម្ងន់ ដើម្បីងាយស្រួលក្នុងការដោះស្រាយផលប៉ះពាល់ ដោយមិនមានភាពស្មុគស្មាញ និងមិនឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ធ្វើឲ្យការដោះស្រាយកាន់តែឆាប់រហ័សផងដែរ ពន្លឿនដល់ការសាងសង់។

លោកអភិបាលខេត្ត បានណែនាំដល់ក្រុមការងារបច្ចេកទេសធ្វើការសិក្សាឲ្យបានច្បាស់លាស់អំពីទីតាំង និងការសាងសង់ច្រកចេញចូលផងដែរ និងព្រមទាំងធ្វើសំណើរដល់ក្រសួងពាក់ព័ន្ធ ដើម្បីសុំធ្វើការឯកភាពក្នុងការផ្លាស់ប្ដូរទីតាំងថ្មីនេះ ៕ដោយ ព្រំ ហន

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។