ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា អគាររដ្ឋបាល និងពិធីប្រគេន-ប្រគល់សញ្ញាបត្របរិញ្ញាបត្រ នៃពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

(កំពង់ចាម) :នារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សារ និង អគាររដ្ឋបាល ពុទ្ធិកសាកលវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងពិធីប្រគល់សញ្ញាបត្រដល់សមណៈនិស្សិត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ស្ថិតក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា «ឯករាជ្យភាពរបស់ប្រទេសជាតិមួយ គឺត្រូវពឹងលើសមត្ថភាពរបស់ប្រជាជាតិនោះជាកត្តាចាំបាច់»។ ឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយកិត្តបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចស្នាដៃ និងសមិទ្ធផលយ៉ាងធំធេងនៅក្នុងការបណ្តុះបណ្តាលកសាងធនធានមនុស្ស បម្រើឱ្យសេចក្តីត្រូវការរបស់សង្គមជាតិទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។

ឯកឧត្តមបន្តថា «ពិតណាស់ មានកត្តា២យ៉ាងសំខាន់ៗ ដែលនាំឱ្យសម្រេចបានជោគជ័យនេះ ហើយតទៅអនាគតទៀត។ កត្តាទាំង២នេះ ក៏នឹងបន្តឋិតនៅដោយឥតប្រួលប្រែ៖ ទី១៖ រាជរដ្ឋាភិបាលមានគោលនយោបាយច្បាស់លាស់ និងត្រឹមត្រូវ ដោយបានចាត់វិស័យអប់រំជាវិស័យអាទិភាពខ្ពស់ជាងគេ ហើយបានចាត់តាំងអនុវត្តគោលនយោបាយនេះប្រកបដោយប្រសិទ្ធភាព និងទី២៖ ការគាំទ្រជឿជាក់ និងការចូលរួមចំណែកពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក៏ដូចជាការចូលរួមរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងវិស័យឯកជន និងសប្បុរសជននានាទាំងក្នុងនិងក្រៅប្រទេស ដែលបានរួបរួមគ្នាសាមគ្គីគ្នាជាធ្លុងមួយក្នុងបុព្វហេតុកសាង និងអភិវឌ្ឍប្រទេសជាតិ តាមរយៈការកសាងសមិទ្ធផលនានា ដែលបម្រើឱ្យសេចក្តីត្រូវការក្នុងកិច្ចការបណ្តុះបណ្តាលធនធានមនុស្ស»។

ឯកឧត្តមបានបន្តថា «ការបំពេញឱ្យគ្នាទៅវិញទៅមករវាងខាងអាណាចក្រ និងខាងពុទ្ធចក្រ គឺជាកត្តាមិនអាចខ្វះបាន ដោយប្រៀបបានទៅនឹងមនុស្សដែលមានតែជីវិត និងកាយសម្បទា គឺមិនទាន់គ្រប់គ្រាន់ពេញលក្ខណៈនៅឡើយទេ ហើយជាការចាំបាច់ណាស់ដែលត្រូវបំពេញដោយចំណេះវិជ្ជា និងកត្តាគុណធម៌ សីលធម៌បន្ថែមទៀត។ ក្នុងន័យនេះ សាសនាក៏បានចូលរួមចំណែកយ៉ាងសកម្មផុសផុលនៅក្នុងការអប់រំបណ្តុះគំនិត និងការសាបព្រួសចំណេះដឹង ព្រមទាំងការអប់រំកាយ វាចា ចិត្ត ដើម្បីលើកកម្ពស់គុណធម៌ និងសីលធម៌សង្គម ដែលជាផ្នែកមួយដ៏សារៈសំខាន់សម្រាប់ភាពសុខដុមរមនារបស់សង្គមជាតិកម្ពុជា»៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។