ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ឱ្យសិស្សានុសិស្សទាំងអស់ជាក្រុមជូរមុខចាក់វ៉ាក់សាំងកូវីដ-១៩

(ភ្នំពេញ) :សម្តេចតេជោ ហ៊ុន សែន បានប្រកាសដាក់ក្រុមសិស្សានុសិស្សទាំងអស់ទៅជាក្រុមជូរមុខដើម្បីទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បន្ថែមពីលើមន្រ្តីរាជការ ក្រុមគ្រូពេទ្យ គ្រូបង្រៀនកន្លងមក។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រលងជាប់និទ្ទេស A ក្នុងការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា២០២០-២០២១ សរុប ១,៧៥៣នាក់ ដែលពិធីនេះធ្វើឡើងនៅសាលសន្និសីទ និងពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការដាក់សិស្សានុសិស្សទាំងអស់ជាក្រុមអាទិភាពនៃការទទួលបានវ៉ាក់សាំងគឺដើម្បីបន្តការពារអាយុជីវិតប្រជាពលរដ្ឋយើងពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា សម្តេចក៏សុំអភ័យទោសដែលកន្លងមក មានការបិទសាលារៀនដើម្បីសង្រ្គោះជីវិតសិស្សានុសិស្ស ព្រោះបើគ្មានជីវិតក៏គ្មានការសិក្សាដែរ។ មូលហេតុនៃការបិទសាលារៀននៅពេលនោះ គឺដោយសារសិស្សានុសិស្សមិនទាន់ទទួលបានការចាក់វ៉ាក់សាំងនៅឡើយ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។