ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំពិភាក្សាជាមួយអង្គភាពប្រឆាំងអំពើពុករលួយ អំពីការសង្កេតការណ៍ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២១ ធ្នូ ២០២០ សម្រាប់ឆ្នាំសិក្សា២០១៩-២០២០

(កំពង់ចាម)៖ នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជួបពិភាក្សាការងារជាមួយប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយ អំពីការសង្កេតការណ៍ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង២១ ធ្នូ ២០២០ សម្រាប់ឆ្នាំសិក្សា២០១៩-២០២០ ដឹកនាំដោយឯកឧត្តម ស្រ៊ិន សុវណ្ណ ឧបការីនៃអង្គភាពប្រឆាំងអំពើពុករលួយ និងដោយមានការអញ្ជើញចូលរួមពីលោកនាយករដ្ឋបាល មន្ទីរ-អង្គភាពពាក់ព័ន្ធ និងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាសាខាខេត្តកំពង់ចាម។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍ថា រដ្ឋបាលខេត្ត បានត្រៀមជាស្រេចក្នុងត្រៀមរៀបចំដំណើរការនៃការប្រឡង ដោយធ្វើយ៉ាងណាធានា និងការទទួលខុសត្រូវឱ្យការប្រឡង ប្រព្រឹត្តិទៅដោយរលូន ទទួលបានលទ្ធផលជាផ្លែផ្កា។ ក្នុងបរិបទនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលរដ្ឋបាលខេត្ត ត្រូវចាត់វិធានការក្នុងការទប់ស្កាត់ដោយប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ដើម្បីធានាឱ្យការប្រឡងប្រព្រឹត្តទៅដោយរលូន។ តាមរយៈកំណែទម្រង់របស់រាជរដ្ឋាភិបាល ក្រោមពាក្យស្លោក « អ្នកចេះ ប្រឡងជាប់» បានធ្វើឱ្យមានការផ្លាស់ប្តូរឥរិយាបទ ផ្នត់គំនិតរបស់សិស្សានុសិស្ស ។ ពេលមុនកំណែទម្រង់ តាមរយៈអាណាព្យាបាលពឹងពាក់ និងរត់ការអន្តរគមន៍ ដែលបង្កឲ្យមានភាពអនាធិបតយ្យក្នុងពេលប្រឡង បន្ទាប់ពីមានការកែទម្រង់ យើងសង្កេតឃើញថា មានការកែទម្រង់ទាំងការសិក្សារៀនសូត្ររបស់សិស្សានុសិស្ស កែទម្រង់ទាំងការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ និងកែទម្រង់របៀបរបបនៃការប្រឡង ដែលជារបត់ថ្មីមួយរបស់សិស្សានុសិស្សខិតខំប្រឹងប្រែងរៀនសូត្រ ក្មួយៗសិស្សានុសិស្សលែងសង្ឃឹមលើការអន្តរាគមន៍នានា។ ចំណុចវិជ្ជមាននៃការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស ដែលនឹងបង្ហាញច្បាស់អំពីលទ្ធផលនៃការប្រឡង មានសិស្សានុសិស្សជាប់ច្រើន។

តាមរយៈការចូលរួមរបស់អង្គភាពប្រឆាំងអំពើពុករលួយជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ បានចូលរួមចំណែកយ៉ាងសំខាន់ជាមួយកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល បានឆ្លើយតបយ៉ាងល្អទាំងក្របខ័ណ្ឌកែទម្រង់គោលនយោបាយ ទាំងក្របខ័ណ្ឌនៃការអនុវត្តការងារនៅថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តព្រមគ្នា ស្របជាមួយគ្នានេះ មានការចូលរួមពីសំណាក់អាណាព្យាបាល មានការចូលរួមពីសាម៉ីខ្លួនរបស់សិស្សានុសិស្ស ជាកត្តាជោគជ័យ និងទទួលបានការសាទរពីសំណាក់ប្រជាពលរដ្ឋ អាណាព្យាបាល សិស្សានុសិស្ស និងជឿជាក់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម អភិបាលខេត្ត បានបញ្ចាក់ថា ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៩-២០២០ ខេត្តកំពង់ចាម មានមណ្ឌលប្រឡងចំនួន១២មណ្ឌល ក្នុងនោះ ក្រុងកំពង់ចាមចំនួន ០៨មណ្ឌល ស្រុកជើងព្រៃ ចំនួន ០២មណ្ឌល ស្រុកកំពង់សៀម ចំនួន ០២មណ្ឌល ដែលមានថ្នាក់វិទ្យាសាស្រ្តចំនួន ៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម ចំនួន ០៧មណ្ឌល មានបេក្ខជនសរុបចំនួន ៧.៨១៨នាក់ ស្រី៤.៤៥៨នាក់៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។