ព័ត៌មានជាតិ

មានមន្ដ្រីធំនៅពីក្រោយខ្នងបទល្មើសព្រៃឈើឲ្យមេឈ្មួញដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ យ៉ាងពេញបន្ទុក!

(ព្រះវិហារ) ៖ តាមសេចក្តីរាយការណ៍បានអោយដឹងថា ជាច្រើនឆ្នាំកន្លងមកហើយឈ្មួញមុខដរដែលៗដឹកឈើអារប្រភេទលេខ២ ចេញពីស្រុកជយ័សែននឹងស្រុករវៀង ក្នុងខេត្តព្រះវិហារ នៅតែមានសកម្មភាពគគ្រឹកគគ្រេងពុំមានថមថយសោះ ។

ជាមួយនិងសកម្មភាពនេះមជ្ឈដ្ឋានប្រជាពលរដ្ឋបានចោទប្រកាន់ទៅលើសមត្ថកិច្ចនឹងជំនាញចំៗថា ជាអ្នកបណ្តែតបណ្តោយ មិនខ្វល់និងទប់ស្កាត់បង្ក្រាប អាចនិយាយបានថា ក្រុមសមត្ថកិច្ចទាំងនោះ សុទ្ឋតែជាមិត្តល្អរបស់មេឈ្មួញរកសុីឈើខុសច្បាប់ ។

តាមសេចក្តីរាយការណ៍បានដឹងបន្តថា តាមពិតទៅឈើចេញពីស្រុកតែមួយ គឺស្រុកជ័យសែនដែលក្រុមឈ្មួញបំផុសបំផុលអោយ ប្រជាពលរដ្ឋចូលទៅអារជ្រៀកនៅក្នុងតំបន់ព្រៃឡង់ រួចដឹកយកមកទំលាក់នៅភូមិភ្ញាក់រលឹក ភូមិស្រែវាល ភូមិធ្មារ ភូមិច្រាច់ ក្នុងស្រុកជយ័សែន ខ្លះទៀតដឹកតាមគោយន្តកន្ត្រៃយកមកទំលាក់នៅភូមិខ្វាំង ស្រុករវៀង រួចលើកឡើងរថយន្តសាំយ៉ុងកែឆ្នៃដឹកយកទៅលក់អោយដេប៉ូនានាក្នុងខេត្តកំពង់ធំ ខណៈដែលគណៈបញ្ជាការឯកភាពទាំង២ស្រុកនេះអត់រវល់ទប់ស្កាត់នឹងបង្ក្រាប ។

ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា លោក ឃិត វណ្ណៈ ប្រធានស្នាក់ការបរិស្ថានស្រែវាល អង្គុយចាំរាប់ក្បាលឡានដឹកឈើយកផលប្រយោជផ្ទាល់ខ្លួន ដោយមិនខ្ចីធ្វើការបង្ក្រាបនោះទេ ។

ប្រជាពលរដ្ឋបានលើកឡើងថា បទល្មើសព្រៃឈើដឹកចេញពីព្រៃឡង់ បើ
មានការទប់ស្កាត់ពីសមត្ថកិច្ចបរិស្ថានព្រៃឡង់ ពិសេសស្នាក់ការបរិស្ថាន ភ្ញាក់រលឹកស្នាក់ការបរិស្ថានស្រែវាល នឹងស្នាក់ការបរិស្ថានពើកនោះ បទល្មើសព្រៃឈើមិនអាចកើតមានឡើយ ។

សូមជំរាបជូនថា សព្វថ្ងៃនេះមានឈ្មួញរកសុីឈើខុសច្បាប់ដុះស្លែជាច្រើនដូចជា ១,មេឈ្មួញឈ្មោះ ព្រហ្ម វុទ្ឋី ហៅធីម្រេច ល្បីល្បាញរាប់ឆ្នាំមកហើយ ទី២ ឈ្មោះ បញ្ញា ទី៣ ឈ្មោះ ពន្លក ទី៤ ឈ្មោះ ម៉េត មេឈ្មួញឈ្មោះ ម៉េត នេះកាលពីឆ្នាំទៅ បើកឡានរបស់ខ្លួនបុកឡានអ្នកការសែត
ម្តងហើយ អភិបាលខេត្តបញ្ជាអោយតាមចាប់ខ្លួន ហើយឈ្មួញរូនេះបានរត់គិចខ្លួនបាត់១ឆ្នាំ ឥលូវមកវិញធ្វើសកម្មភាពដឹកឈើដរដែល ទី៥ឈ្មោះ ខ្លា មេឈ្មួញឈ្មោះខ្លា នេះទើបតែបើករថយន្តដឹកឈើរបស់ខ្លួនកៀររថយន្តអ្នកការសែតថ្មីៗនេះ ដោយសមត្ថកិច្ចឃុបឃិតគ្នា រថយន្តដឹកឈើកៀររថយន្តអ្នកការសែត គ្មានសំណងហើយថែមទាំងដោះលែងរថយន្តបង្ករួមទាំងឈើពេញឡានផងអោយរួចខ្លួនដោយគ្មានទោសពៃអ្វីឡើយ ។

មហាជនលើកឡើងថា សកម្មភាពដឹកឈើរបស់មេឈ្មួញទាំងនេះ ប្រព្រឹត្តទៅបាន ដោយសារតែគណៈបញ្ជាការឯកភាពស្រុកទាំង២ខាងលើ ជាអ្នកបណ្តែតបណ្តោយអោយ នឹងមានអ្នកមានអំណាចពាក់ផ្កាយពាក់លោកខែកាងនៅពីក្រោយខ្នង ។

ពាក់ព័ន្ធនិងការចោទប្រកាន់ខាងលើ លោក រី ឡាយ នាយសង្កាត់រដ្ឋបាលព្រៃឈើជ័យសែនបានប្រាប់អោយដឹងថា លោក មិនដែលឃើញគេដឹកឈើទេផង!? ប៉ុន្តលោកទទួលស្គាល់ថាឈ្មួញដឹកឈើខុសច្បាប់ឈ្មោះ ពន្លក មាណថ្ងៃមុនលោកធ្លាប់ចាប់ដែរ ។

ចំណែក លោក ឃិត វណ្ណៈ ប្រធានស្នាក់ការបរិស្ថានស្រែវាលបានអោយដឹងថា ឈ្មួញទាំងប៉ុន្មាននាក់ខាងលើមិនដែលបានចូលមកដឹកឈើស្រែវាលទេ ចំពោះឈ្មោះ ព្រុំ វុទ្ធី ហៅធីពុករលួយដែលជាឈ្មួញដឹកឈើខុសច្បាប់ខួបប្រាំងវស្សា ក៏លោកថាមិនដែលស្គាល់ឈ្មោះនេះដែរ ។

ករណីបទល្មើសព្រៃឈើនេះ ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារ សំណូមពរទៅគណៈបញ្ជាការឯកភាពខេត្ត ជួយមានវិធានការចំពោះក្រុមឈ្មួញទាំងនោះផង

ដោយ ឆេង ភារះ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។