ព័ត៌មានជាតិ

កម្ពុជា មានមោទនៈភាពចំពោះយន្តការគ្រប់គ្រងសភាពការណ៍ព្រឹត្តិការណ៍ ៣វិច្ឆិកា ប្រកបដោយប្រសិទ្ធភាពខ្ពស់

(ភ្នំពេញ) ÷សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បានថ្លែងថា នៅកម្ពុជាមានរាជធានី-ខេត្ត ចំនួន១១ និងសរុបមនុស្សចំនួន ១៨០២នាក់ ដែលបានជាប់ពាក់ព័ន្ធនឹងព្រឹត្តការណ៍ ៣វិច្ឆិកា។ ព្រឹត្តិការណ៍ ៣វិច្ឆិកា គឺជាគ្រោះមហន្តរាយមួយចំពោះវិស័យសុខភាពសាធារណៈកម្ពុជា ដែលជាសំណុំរឿងដ៏សាំញ៉ាំបំផុត។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពជួបសំណេះសំណាល និងពិនិត្យលទ្ធផលការងាររបស់«មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវិមានសន្តិភាព សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា បើសិនជារាជរដ្ឋាភិបាល មិនដាក់ចេញនូវយន្តការបន្ទាន់តាមរយៈក្រុមប្រតិកម្មរហ័ស មានក្រសួងសុខាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ នោះនឹងមានការឆ្លងចូលសហគមន៍ ហើយអាចឈានដល់ការឆ្លងពេញប្រទេសតែម្តង។ វិធានការនេះហើយ ទើបក្រសួងសុខាភិបាល រកឃើញអ្នកជាប់ព័ន្ធព្រឹត្តការណ៍ ៣វិច្ឆិកា មានអ្នកឆ្លងជំងឺកូវីដ-១៩ មានចំនួនតិច ៣នាក់តែប៉ុណ្ណោះ ហើយពេលនេះអ្នកជាសះស្បើយមាន ២នាក់ និងកំពុងព្យាបាលបន្ត ១នាក់ទៀត។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ដោយសាររាជរដ្ឋាភិបាល បានដាក់ចេញវិធានការណ៍ ចាត់ចែងប្រកបដោយភាពហ្មត់ចត់ ទើបគ្រប់គ្រងសភាពការណ៍បានយ៉ាងល្អ ហើយភាពជោគជ័យនេះក៏បានមកពីក្រុមប្រតិកម្មរហ័ស ជួយសង្គ្រោះបន្ទាន់ពីក្រុមគ្រូពេទ្យជំនាញ និងក្រសួង ស្ថាប័ននានា ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋផងដែរ ទើបយើងអាចគ្រប់គ្រងសភាពការណ៍ បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងថ្ងៃព្រឹត្តការណ៍ ៣វិច្ឆិការ បានយ៉ាងល្អប្រសើរបំផុត។

ទន្ទឹមនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែង ជំរុញឱ្យបន្តកិច្ចខិតខំប្រឹងប្រែងការពារសុខភាពបន្ថែមទៀត ដោយរួមគ្នាអនុវត្តតាមវិធានការ បង្ការ ការពារ ជំងឺឆ្លងកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានម៉ឹងម៉ាត់ ដើម្បីឱ្យមានភាពប្រាកដថា កម្ពុជាគ្មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ហើយមានអ្នកឆ្លងតិចបំផុត នេះជាអ្វីដែលយើងត្រូវបន្តចូលរួមបង្កា ទប់ស្កាត់ឱ្យបានជាប់លាប់ប្រកបដោយភាពប្រុងប្រយ័ត្នទាំងអស់គ្នា៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។