ព័ត៌មានជាតិ

ឯកឧត្ត​ម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម ផ្ញើសាររំលែកទុក្ខចំពោះមរណៈភាពឯកឧត្តម ហ៊ុន ណេង បងប្រុសបង្កើតសម្តេចតេជោ ហ៊ុន សែន ដោយសារជំងឺបេះដូង

(កំពង់ចាម) :ក្នុងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ នៃរដ្ឋបាលខេត្តកំពង់ចាម ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្ត សូមសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ និងក្តុកក្តួលយ៉ាងខ្លាំង ជូនចំពោះ លោកជំទាវ លាង វួចឆេង ហ៊ុន ណេង ព្រមទាំងក្រុមគ្រួសារ អំពីដំណឹងនៃការបាត់បង់ ឯកឧត្តម ហ៊ុន ណេង សមាជិកអចិន្ត្រៃយ៍រដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ដែលត្រូវជាស្វាមី ឪពុកបង្កើត ឪពុកក្មេក ជីតា បានទទួលមរណភាព នាថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៨:២៥នាទីល្ងាច ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ។

មរណភាពរបស់ ឯកឧត្តម ហ៊ុន ណេង គឺជាការបាត់បង់នូវ ឥស្សរជន ស្វាមី លោក ឪពុកបង្កើត លោកឪពុកក្មេក និងជីតាមួយរូប ជាទីគោរពស្រលាញ់បំផុតរបស់ កូនៗ ព្រមទាំងចៅៗ និងបងប្អូនក្មួយៗ ហើយ ជាអ្នកមានគុណផ្តល់នូវភាពកក់ក្តៅក្នុងក្រុមគ្រួសារ ដែលមានព្រហ្មវិហារធម៌សព្វគ្រប់យ៉ាង និងបានបូជាកម្លាំងកាយ កម្លាំងចិត្ត ក្នុងការចិញ្ចឹមបីបាច់ថែរក្សាបុត្រា បុត្រី ចៅប្រុស ចៅស្រី ឱ្យក្លាយទៅ ជាពលរដ្ឋល្អក្នុងសង្គមជាតិ។ ម្យ៉ាងវិញទៀត ឯកឧត្តម ហ៊ុន ណេង ជាកុលបុត្រខ្មែរមួយរូប បានពលីកម្មបូជាយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ធនធានសម្ភារ ចូលរួមចំណែកយ៉ាងសកម្មដល់ដំណើរការស្តារ និងអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈររបស់ប្រទេសជាតិមាតុភូមិកម្ពុជា។

ក្នុងឱកាសប្រកបដោយក្តីខ្សឹកខ្សួលជាអនេកនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកមរណទុក្ខក៏សែនក្រៀមក្រំ និងពោរពេញដោយក្តីស្តោកស្តាយអាឡោះអាល័យបំផុតជា មួយ លោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួង សូមដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ហ៊ុន ណេង បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

សូម លោកជំទាវ លាង វួចឆេង ហ៊ុន ណេង ព្រមទាំងក្រុមគ្រួសារ ទទួលនូវការរំលែកមរណទុក្ខដ៏ក្រៀមក្រំ និងសេច ក្តីគោរព ស្រលាញ់រាប់អានដ៏ជ្រាលជ្រៅអំពីយើងខ្ញុំទាំងអស់គ្នា៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។