ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សាច់ញាតិ កំពុងរៀបចំពិធីបុណ្យជូនសព ព្រឹទ្ធាចារ្យ ហ៊ុន ណេង ប្រកបដោយក្តីវិប្បយោគជាពន់ពេក​ !

(កំពង់ចាម) :សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងភរិយា កូនៗ ក្មួយៗ ចៅៗ និងសាច់ញាតិទាំងអស់ កំពុងតែរៀបចំធ្វើពិធីបុណ្យឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ ព្រឹទ្ធាចារ្យ ហ៊ុន ណេង នៅឯគេហដ្ឋានក្នុងក្រុងកំពង់ចាម ប្រកបដោយក្តីវិប្បយោគស្តាយស្រណោះ និងអាឡោះអាល័យជាពន់ពេក។

ព្រឹទ្ធាចារ្យ ហ៊ុន ណេង បងប្រុសសម្តេចតេជោ ហ៊ុន សែន បានទទួលអនិច្ចកម្ម ដោយរោគាពាធ កាលពីម៉ោង ៦៖២៥នាទីល្ងាច ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ៧២ឆ្នាំ។

សពរបស់លោកព្រឹទ្ធាចារ្យ ហ៊ុន ណេង ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទៅតាមប្រពៃណីព្រះពុទ្ធសាសនា។ នៅថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ សពព្រឹទ្ធាចារ្យ ហ៊ុន ណេង នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ជាមួយនឹងការឃ្លាតចាកគ្មានពេលត្រឡប់របស់បងប្រុសជាទីគោរពស្រឡាញ់នេះ នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហោះសារបង្ហាញនូវក្តីវិប្បយោគប្រកបដោយក្តីក្រៀមក្រំ ស្តាយស្រណោះអាឡោះអាល័យជាពន់ពេកចំពោះមរណភាពរបស់បងប្រុស។

សម្តេចតេជោសរសេររៀបរាប់ជាមួយដួងចិត្តក្តុកក្តួលយ៉ាងដូច្នេះ៖ «បងប្អូនយើងបែកគ្នាដោយពុំបានលាគ្នា និងនិយាយជាមួយគ្នាសូម្បីមួយម៉ាត់។ បែកគ្នាលើកនេះបែកជារៀងរហូតហើយមិនអាចជួបគ្នាវិញបានទេ»៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។