ព័ត៌មានជាតិ

លោក សុខ លូ  ៖ សន្តិភាពបានទាក់ទាញអ្នកវិនិយោគគិនជាបន្តបន្ទាប់ និងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋដោយមិនចាំចំណាកស្រុកខុសច្បាប់

(បាត់ដំបង) :​ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងមានការអញ្ជើញចូលរួមពី ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត និងមន្រ្ដីរាជការមួយចំនួន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិត និយោជក នៃក្រុមហ៊ុន ហូណាន អឺកាង ស្ថិតក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៦ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ សន្ដិភាព សុខភាព និងសន្ដិសុខការងារ។

ឆ្លៀតក្នុងឱកាសនោះ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញថ្លែងនូវសារលិខិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៦ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២២ ជូនដល់បងប្អូន កម្មករនិយោជិត និយោជក នៃក្រុមហ៊ុន ហូណានអឺកាង។

បន្ទាប់ពីនោះ លោកបានមានប្រសាសន៍ណែនាំដល់មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធផ្សេងទៀត បន្តអនុវត្តទៅតាមអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឲ្យបានត្រឹមត្រូវ ហើយត្រូវបន្តណែនាំដល់និយោជកដែលបានវិនិយោគនៅក្នុងខេត្ត ក៏ដូចជានិយោជិត ត្រូវតែបន្តគោរពច្បាប់ការងារឲ្យបានត្រឹមត្រូវ ក្នុងន័យការពារផលប្រយោជន៍ស្របច្បាប់ជូននិយោជិតផង និងការពារផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនផង ដើម្បីឲ្យក្រុមហ៊ុនដែលបានវិនិយោគក្នុងប្រទេសកម្ពុជា មានដំណើរការកាន់តែយូរអង្វែងទៅមុខ។ លោកបានបន្តទៀតថា ដោយសារតែការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទើបធ្វើឲ្យប្រទេសកម្ពុជាស្វែងរកនូវសុខសន្ដិភាពពេញលេញ ដែលបង្កើតឱកាសដល់វិនិយោគិន ក្នុងស្រុក និងក្រៅស្រុក បានមកបណ្ដាក់ទុនជាបន្តបន្ទាប់ បង្កើតឱកាសការងារជូនប្រជាពលរដ្ឋ ដោយមិនចាំចំណាកស្រុកខុសច្បាប់ទៅក្រៅប្រទេសឡើយ។

នាឱកាសនោះ លោកបានអំពាវនាវដល់និយោជិត និងនិយោជកទាំងអស់ ឲ្យចៀសឲ្យឆ្ងាយអំពីគ្រឿងញៀន ហើយបើសិនជាកំពុងតែជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ ត្រូវកែខ្លួនមកវិញ ចំណែកបើមិនទាន់ជាប់ពាក់ព័ន្ធទេ សូមចៀសឲ្យឆ្ងាយ ព្រោះគ្រឿងញៀន គឺជាគ្រោះមហន្តរាយសង្គម ដែលបង្កហានិភ័យដល់សន្ដិសុខប្រជាពលរដ្ឋគ្រប់ពេលវេលា ធ្វើឲ្យខូចសុខភាព ខាតបង់ថវិកា និងឈានទៅដល់ការប្រព្រឹត្តខុសច្បាប់នានា និងសូមរាយការណ៍ដល់អាជ្ញាធរមានសមត្ថកិច្ចដែលនៅក្បែរខ្លួន បើសិនឃើញមានបុគ្គលណាម្នាក់មានជាប់ពាក់ព័ន្ធទៅនឹងគ្រឿងញៀន ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ច ធ្វើការអន្តរាគមន៍ឲ្យបានទាន់ពេលវេលា ។

លោក បានអំពាវនាវដល់និយោជក និងនិយោជិតទាំងអស់ ដែលមិនទាន់បានការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញទេ ត្រូវតែរួសរាន់ក្នុងការទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញជាបន្ទាន់ ដើម្បីចូលរួមកាត់បន្ថយការឆ្លងរីករាលដាលជំងឺកូវីដ-១៩ កាត់ផ្ដាច់ការឆ្លងជាសហគមន៍ ព្រោះការដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញនេះហើយ គឺកាន់តែបង្កើនអង់ទីករកូវីដ-១៩ក្នុងខ្លួនកាន់តែខ្លាំងឡើងៗ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។