ព័ត៌មានជាតិ

សម្តេចតេជោ ៖ ឈាមពិតជាខាប់ជាងទឹក បើទោះបីជាទឹកអាចធ្វើអោយឈាមរលាយជាទឹកបានក៏ដោយ

(កំពង់ចាម) :សម្តេចតេជោ ហ៊ុន សែន នាយករដ្ធមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ៖ ឈាមពិតជាខាប់ជាងទឹក បើទោះបីជាទឹកអាចធ្វើអោយឈាមរលាយជាទឹកបានក៏ដោយ។

ខ្ញុំចង់និយាយដល់មនោសញ្ចេតនាបងប្អូនដែលប្រសូត្រពីផ្ទៃម្តាយតែមួយ ដែលករណីជាក់ស្តែងគឺមរណៈភាពបងប្រុសខ្ញុំដែលទើបធ្វើបុណ្យបញ្ចុះនៅព្រឹកមុិញនេះ។

ទោះបីខ្ញុំបានបំពេញភារកិច្ចជាប្អូនប្រុស ជាប្អូនថ្លៃ ជាឪពុកមារអស់រយៈពេល៥ថ្ងៃរួចមកហើយក្តី តែខ្ញុំហាក់នៅមិនទាន់បាន
សម្រេចរួចនូវកិច្ចការដែលខ្ញុំត្រូវធ្វើនៅឡើយ នោះគឺខួប៧ថ្ងៃនៃថ្ងៃមរណៈភាពរបស់បងប្រុសខ្ញុំ។

ទោះបីភរិយាខ្ញុំ កូនខ្ញុំបន្តស្ថិតនៅជាមួយបងថ្លៃ ក្មួយៗនិងចៅៗខ្ញុំក៏ដោយ ក៏ខ្ញុំពិតជាពិបាកឈានជើងចេញនៅពេលក្រឡេក
ឃើញមុខបងថ្លៃ ក្មួយៗដែលហៅខ្ញុំថាពុក ចៅៗដែលហៅខ្ញុំថាតាមានទឹកមុខក្រៀមក្រំលាយឡំដោយទឹកភ្នែក។

ភារកិច្ចប្រទេសជាតិតម្រូវអោយខ្ញុំចាកចេញដោយខានមិនបាននោះគឺដឹកនាំប្រតិភូទៅចូលរួមប្រជុំអាស៊ាន-អាមេរិកនៅវ៉ាស៊ីនតោន។

កាលពីឆ្នាំ២០១៩ ខ្ញុំអាក់ខានទៅប្រជុំអាស៊ាន-កូរ៉េ និង មេគង្គ-កូរ៉េ ម្តងរួចហើយ ដោយសារពេលនោះម្តាយក្មេកខ្ញុំកំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ។ លើកនេះមិនអាចអាក់ខានបានទេ ដោយខ្ញុំមានតួនាទីជាប្រធានអាស៊ានដែលត្រូវមានមុខគ្រប់អង្គប្រជុំដែលរៀបចំឡើងដោយប្រទេសម្ចាស់ផ្ទះ។

ខ្ញុំមិនអាចចាត់តាំងតំណាងអោយចូលរួមប្រជុំដូចកាលមិនទាន់ធ្វើជាប្រធានអាស៊ានបានឡើយ។ ដោយមិនអស់អាល័យនិងនឹកដល់បងប្រុស ខ្ញុំបញ្ជាអោយអាកាសយានិកហោះឧទ្ធម្ភាគចក្រហោះឆ្វែលមួយជុំជាការគោរពលាទាំងអាល័យ។

ខ្ញុំធ្លាប់បាត់បង់កូនបង្កើត ឪពុកម្តាយបង្កើត ពេលនេះបាត់បងបង្កើត រស់ជាតិនៃការឈឺចាប់គឺដូចគ្នា។ នោះហើយដែលខ្ញុំចង់និយាយថាឈាមខាប់ជាងទឹក៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។