ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្ពោធដាក់ឱ្យប្រើប្រាស់អគារធនធាន ១ខ្នង និងសមិទ្ធផលនានា ក្នុងវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន អម្ពរវ័នជំនីក ក្នុងស្រុកក្រូចឆ្មារ

(ត្បូងឃ្មុំ) : នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារធនធាន ១ខ្នង កម្ពស់២ជាន់ មាន១០បន្ទប់ និងសមិទ្ធផលនានា ក្នុងវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន អម្ពរវ័នជំនីក ស្ថិតក្នុងភូមិស្វាយដំណាក់ ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ អ្នកតំណាងរាស្ត្រ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ស្រុក ឃុំ អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរអង្គភាព និងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន សមាគមន៍នានា លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស កាយរិទ្ធ យុវជនកាកបាទក្រហម ស.ស.យ.ក និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

នាឳកាសនោះ លោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ពាក់ព័ន្ធនឹងស្ថានភាពភូមិសាស្ត្រទូទាំងខេត្ត ដំណាំដាំដុះ កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ដែលខេត្តសម្រេចបាន ពិសេសរបាយករណ៍សាងសង់សមិទ្ធិលនានាដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។

មានប្រសាសន៍សំណេះសំណាល ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានសូមអបអរសាទរចំពោះសមិទ្ធផលដែលកើតមានទ្បើងជាបន្តបន្ទាប់នៅក្នុងវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន អម្ពវ័នជំនីក ហើយសំណង់អគារ និងហេដ្ឋារចនាសម្ព័ន្ធដ៏រឹងមាំទាំងនេះ នឹងស្ថិតស្ថេរនៅគង់វង្សយូរអង្វែងតជំនាន់ ជាប្រយោជន៍ក្នុងការបណ្តុះបណ្តាលកូនចៅប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះឱ្យមានអនាគតរុងរឿងខ្ពង់ខ្ពស់គ្រប់ៗគ្នា។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា នៅក្នុងវិស័យអប់រំ ក្រៅពីរាជរដ្ឋាភិបាល មានតួអង្គបីសំខាន់គឺទី១៖ មាតាបិតា អាណាព្យាបាល ជាអ្នកមានគុណូបការៈក្នុងការផ្គត់ផ្គង់ទំនុកបម្រុងគ្រប់បែបយ៉ាងឱ្យកូនចៅរបស់ខ្លួនបានរៀនសូត្រខ្ពង់ខ្ពស់ និងការអប់រំណែនាំឱ្យមានសីលធម៌ និងចរិយាសម្បត្តិល្អ, ទី២៖ លោកគ្រូអ្នកគ្រូ ដែលបានខិតខំប្រឹងប្រែងយកអស់សមត្ថភាព និងលទ្ធភាពក្នុងការអប់រំបង្ហាត់បង្រៀនកុលបុត្រ កុលធីតា ឱ្យទទួលបានពុទ្ធិជ្រៅជ្រះ ក្លាយខ្លួនជាបញ្ញាវ័ន្ត និងជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមគ្រួសារ និងសង្គមជាតិទាំងមូល និងទី៣៖ សិស្សានុសិស្សគ្រប់រូប ដែលជាទំពាំងស្នងឫស្សីពោរពេញចំណេះដឹង ជំនាញ និងគុណធម៌ ជាមួយនឹងភាពអំណត់អត់ធន់ក្នុងការសិក្សារៀនសូត្រ ក៏ដូចជាការចូលរួមក្នុងកិច្ចការសង្គមនានា ស័ក្តិសមជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ។

ទន្ទឹមនឹងនេះដែរឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សូមអរគុណប្រជាពលរដ្ឋនៅស្រុកក្រូចឆ្មា ក៏ដូចជានៅទូទាំងខេត្តត្បូងឃ្មុំ ដែលតែងតែគាំទ្រ និងផ្តល់ទំនុកចិត្តលើសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា តរៀងមក ជាពិសេសការផ្តល់យុត្តិធម៌ចំពោះសច្ចភាព និងការខិតខំប្រឹងប្រែងកន្លងមករបស់ថ្នាក់ដឹកនាំគណបក្ស និងក្រុមការងារចុះជួយមូលដ្ឋានគ្រប់យន្តការ ដើម្បីធ្វើយ៉ាងឱ្យប្រជាពលរដ្ឋបានរស់នៅក្នុងសេចក្តីសុខសាន្ត និងមានជីវភាពរុងរឿង៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។