ព័ត៌មានជាតិ

រដ្ធមន្ដ្រី លឹម គានហោ បានអញ្ជើញដឹកនាំគណ:ប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សា MRC លើកទី២៧ និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ជន៍ លើក២៥ ដែលបានរៀបចំធ្វើតាមប្រព័ន្ធវីដេអូ

(ភ្នំពេញ) ÷នាថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ, ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម, ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ (MRC) តំណាងកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សា MRC លើកទី២៧ និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍ លើកទី២៥ ដែលបានរៀបចំធ្វើតាមប្រព័ន្ធវីដេអូ និងដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សា MRC ថ្នាក់រដ្ឋមន្រ្តីនៃប្រទេសជាសមាជិក MRC បីផ្សេងទៀត រួមមាន៖ ឡាវ ថៃ និងវៀតណាម តំណាងនៃប្រទេសដៃគូអភិវឌ្ឍន៍ ប្រទេសដៃគូសន្ទនា (ចិន មីយ៉ាន់ម៉ា) និងអង្គការតំបន់ និងអន្តរជាតិពាក់ព័ន្ធ ព្រមទាំងមន្រ្តីនៃលេខាធិការដ្ឋាន MRC សរុប ចំនួន ១៥៧រូប ។

កិច្ចប្រជុំខាងលើ បានពិនិត្យ ពិភាក្សាលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការតំបន់, ការអនុវត្តនីតិវិធីស្តីពីការគ្រប់គ្រងការប្រើប្រាស់ទឹក, ស្ថានភាពជលសាស្រ្តក្នុងអាងទន្លេមេគង្គក្រោម, ការពិនិត្យតាមដានទន្លេ និងកិច្ចការពាក់ព័ន្ធសំខាន់ផ្សេងទៀត ។ កិច្ចប្រជុំ ក៏បានពិនិត្យ អនុម័តឯកសារសំខាន់ៗមួយចំនួនរបស់ MRC ដូចជា ៖ យុទ្ធសាស្រ្តអភិវឌ្ឍន៍អាង ឆ្នាំ២០២១-២០៣០ និងផែនការយុទ្ធសាស្រ្ត ឆ្នាំ២០២១-២០២៥, យុទ្ធសាស្រ្តគ្រប់គ្រងបរិស្ថាន, ផែនការមេផ្នែកនាវាចរណ៍, ផែនការការងារ MRC សម្រាប់ឆ្នាំ២០២០-២០២១ និងលក្ខន្តិកៈការងារសម្រាប់ប៉ុស្តនាយកប្រតិបត្តិនៃលេខាធិការដ្ឋាន MRC ដែលនឹងជ្រើសរើសចេញពីប្រទេសឡាវ សម្រាប់អណត្តិ ០៣ឆ្នាំបន្ត ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ ។

ឯកសារយុទ្ធសាស្រ្ត ក៏ដូចជាផែនការការងារដែលបានអនុម័តដោយក្រុមប្រឹក្សា ពេលនេះ គឺបានកំណត់នូវអាទិភាព និងសកម្មភាពជាយុទ្ធសាស្រ្ត ដែល MRC ត្រូវអនុវត្តដើម្បីបន្តលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា ក៏ដូចជាកិច្ចសហប្រតិបត្តិការតំបន់ឲ្យបានកាន់តែរឹងមំា និងប្រសើរថែមទៀត ដើម្បីគិតគូរដោះស្រាយបញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាព និងដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ ។

សូមជម្រាបថា កិច្ចប្រជុំក្រុមប្រឹក្សា MRC លើកទី២៧នេះ គឺបានដឹកនាំដោយឯកឧត្តម Sommad Pholsena រដ្ឋមន្រ្តីក្រសួងធនធានធម្មជាតិ និងបរិស្ថាន ជាសមាជិកក្រុមប្រឹក្សា MRC តំណាងប្រទេសឡាវ ដែលទទួលវេនជាប្រធានក្រុមប្រឹក្សា MRC សម្រាប់ឆ្នាំ ២០២០ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។