ព័ត៌មានជាតិ

ពិធីប្រកាសប្តូរសមាសភាពមន្រ្តីនៅតាមស្ថានីយជញ្ជីងអចល័ត ដើម្បីផ្លាស់ប្តូរបទពិសោធន៍ការងារ និងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារឱ្យកាន់តែប្រសើរឡើង

ថ្ងៃអង្គារ ៩កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ លោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ អមដំណើរដោយ ឯកឧត្តមអនុរដ្ឋលេខាធិការទទួលបន្ទុក លោកប្រធានលេខាធិការដ្ឋាន បានអញ្ជើញចុះទៅប្រកាសប្តូរសមាសភាពមន្ត្រីត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅស្ថានីយជញ្ជីងបាវិត-ខេត្តស្វាយរៀង និងស្ថានីយជញ្ជីងពោធិ៍ថ្មី-ខេត្តកំពង់ស្ពឺ។

ការផ្លាស់ប្តូរ និងតែងតាំងមន្រ្តីថ្មីមកបម្រើការក្នុងស្ថានីយជញ្ជីងក្នុងគោលបំណងឱ្យមន្ត្រីទទួលបានការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ដល់មន្រ្តីថ្មីៗ និងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់របស់មន្ត្រីតាមស្ថានីយនីមួយៗឱ្យកាន់តែមានប្រសិទ្ធភាព។

គួរបញ្ជាក់ផងដែរថា ថ្មីៗកន្លងមកនេះគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ក៏បានធ្វើការផ្លាស់ប្តូរសមាសភាពមន្រ្តីនៃស្ថានីយប្រាសាទ-ខេត្តកំពង់ធំ និងស្ថានីយពួក-ខេត្តសៀមរាប ផងដែរ​ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។