ព័ត៌មានជាតិ

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្រស្ម័គ្រចិត្តយុវជនសម្តេចតេជោ

(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់បេសកកម្មដ៏មមាញឹកនៅលើទឹកអាមេរិក នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។

ពិធីសំណេះសំណាលធ្វើឡើងនៅសាលពិព័រណ៍ជ្រោយចង្វា។ ការសំណេះសំណាលនេះ ធ្វើឡើងដើម្បីជាការលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមចំណែកប្រកបដោយការទទួលខុសត្រូវ ដោយមិនខ្លាចនឿយហត់ មិនខ្លាចការឆ្លងជំងឺ ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលប្រមាណជាង២ម៉ោង, ខាងក្រោមជាចំណុចសំខាន់ៗនៃប្រសាសន៍សម្តេចតេជោ៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រៅតែពីក្រុមគ្រូពេទ្យ TYDA ហើយនោះ សម្តេចតេជោ ក៏នឹងជួបជាមួយក្រុមគ្រូពេទ្យដទៃទៀត ដូចជា ក្រុមគ្រូពេទ្យសម្តេច ទៀ បាញ់, ក្រុមគ្រូពេទ្យ សម្តេច សាយ ឈុំ និងក្រុមគ្រូពេទ្យ លោក ហ៊ុន ម៉ានី ក៏ដូចជាក្រុមគ្រូពេទ្យរដ្ឋ។ សម្តេចតេជោ បានថ្លែងថា ការជួបនេះ ដើម្បីផ្តល់ឱកាសឱ្យសម្តេចបានថ្លែងអំណរគុណ ចំពោះការចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនមែនជារឿងងាយនោះទេ ក្នុងការប្រមូលមនុស្សមកចូលរួមសមរភូមិនៃសត្រូវឥតស្រមោល។ តែដោយសារទឹកចិត្តស្រឡាញ់ជាតិ និងប្រជាជន បានធ្វើឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាច្រើន លះបង់កូន ភរិយា និងស្វាមី មកចូលរួមប្រយុទ្ធជំងឺកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជោគជ័យលើជំងឺកូវីដ១៩ មិនមែនជារឿងចៃដន្យនោះឡើយ។ គេអាចយល់បានពីរបៀបចាត់ចែង គ្រប់គ្រង និងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយប្រើយុទ្ធសាស្ត្រច្រើនរបៀប។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបង្កើតក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ គឺជាការគិតគូរ និងត្រៀមបម្រុងមួយដ៏ត្រឹមត្រូវ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ TYDA និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានស្ម័គ្រចិត្តចេញប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ឪពុកម្តាយ ស្វាមី និងភរិយា ដែលបានអនុញ្ញាតឱ្យកូន ភរិយា និងស្វាមី បានចូលរួមប្រយុទ្ធនឹងជំងឺកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កូវីដ១៩ បានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជា កែប្រែទស្សនៈលើក្រុមគ្រូពេទ្យ ដោយចាត់ទុកពួកគេជាកងទ័ពអាវស។
* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យក្រសួងសុខាភិបាល យកចិត្តទុកដាក់រក្សាឱ្យជាប់នូវកិត្តិនាមរបស់គ្រូពេទ្យ។
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការបណ្តុះបណ្តាលវិស័យសុខាភិបាល និងមិនអាចធ្វើដូចវិស័យអប់រំ យកអ្នកចេះច្រើន បង្រៀនអ្នកចេះតិច ហើយអ្នកចេះតិច បង្រៀនអ្នកអត់ចេះនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមិនលុបការធ្វើចត្តាឡីស័ក សម្រាប់អ្នកហោះចូលប្រទេសកម្ពុជា ដែលមិនបានចាក់វ៉ាក់សាំងនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការលើកលែងធ្វើចត្តាឡីស័ក សម្រាប់អ្នកមិនបានចាក់វ៉ាក់សាំង ពីក្រៅប្រទេស ប្រៀបដូចលើកទឹកចិត្តសម្រាប់មនុស្សមិនបានចាក់វ៉ាក់សាំង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកមិនទាន់ចាក់វ៉ាក់សាំង មិនគួរផ្តល់ទិដ្ឋាការឱ្យចេញក្រៅប្រទេសនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បង្ហើបថា មានភ្ញៀវជាមិត្តបដិសេធជួបសម្តេច ព្រោះតែសម្តេចជួបអ្នកទេសចរលើនាវាវេស្ទើដាម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រតិបត្តិការប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ១៩ សម្តេចដាក់ចេញដំណាក់កាលចំនួន៤ សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ដំណាក់កាលទី១ ពីខែមីនា ដល់តុលា ការទប់ស្កាត់ជំងឺពីខាងក្រៅ, ដំណាក់កាលទី២ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ គឺការគ្រប់គ្រងការឆ្លងក្នុងសហគមន៍, ចំណាក់កាលទី៣ គឺបង្កើតភាពសាំក្នុងសហគមន៍ តាមយុទ្ធសាស្ត្រចាក់វ៉ាក់សាំង ២១កុម្ភៈ ដល់ តុលា ២០២១ និងដំណាក់កាលទី៤ គឺការបើកដំណើរករប្រទេសពេញលេញ និងរស់នៅជាមួយកូវីដ១៩តាមគន្លងថ្មី។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើគ្មានវ៉ាក់សាំងទេ មហន្តរាយនៅកម្ពុជា បង្កដោយជំងឺកូវីដ១៩ នឹងមានសភាពធ្ងន់ធ្ងរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានមោទនភាពចំពោះប្រជាពលរដ្ឋ ដែលបានចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាប្រទេសក្រីក្រ ការចាក់វ៉ាក់សាំងសម្រេចបានក្នុងចំនួនដ៏ច្រើនដូចពេលបច្ចុប្បន្ននេះមិនមែនជារឿងងាយស្រួលនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា ទទួលបានវ៉ាក់សាំងសរុបជាង ៥២លានដូសដូស ហើយប្រើប្រាស់អស់ជិត ៤៣លានដូស។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នកម្ពុជាសល់វ៉ាក់សាំងជិត១០លានដូស។ សម្តេចេជោ បន្ថែមថា ក្នុងចំណោមវាក់សាំ់ងដែលកម្ពុជាទទួលបាន មានជាង២៨លានកន្លះ ជាវ៉ាក់សាំងដែលកម្ពុជាទិញ។ សម្តេចតេជោ ហ៊ុន សែន បាន្លែងថា វ៉ាក់សាំង ដែលមិនទាន់ដឹកមកកកម្ពុជាមានជាង២០លានដូស។
* សម្តេចតេជោ ហ៊ុន សែន ណែនាំទៅក្រសួងសុខាភិបាល ពន្លឿនការងារបង្កើតរោងចក្រផលិតវ៉ាក់សាំង ខណៈភាគីចិន រង់ចាំឆ្លើយតបពីកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទោះដូសទី១០ ក៏មិនយកលុយពីប្រជាពលរដ្ឋនោះដែរ។
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ពេលវេលានៃការរាតត្បាតនៃជំងឺកូវីដ១៩ មិនមែនជាពេលយកលុយពីប្រជាពលរដ្ឋនោះទេ ជាពេលវេលាត្រូវជួយប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន ណែនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល ឱ្យយកមន្ទីរពេទ្យហ្លួងម៉ែ ទៅជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សេដ្ឋកិច្ចកម្ពុជា បានងើបឡើងវិញល្អប្រសើរ តែវិបត្តិសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន ធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចកម្ពុជាជួបភាពមិនច្បាស់លាស់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្លាំងពេទ្យចំនួន៤ ដែលបានធ្វើសកម្មភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ រួមមាន៖ ពេទ្យរដ្ឋ ពេទ្យយោធា ពេទ្យនគរបាល និងពេទ្យស្ម័គ្រចិត្ត។
* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យគ្រូពេទ្យ TYDA ចេញប្រតិបត្តិការសម្រាប់ការងារចាក់វ៉ាក់សាំង។ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ក្រុមគ្រូពេទ្យទាំងអស់រក្សាឱ្យបាននូវកិត្តិនាម «កងទ័ពអាវស»។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសស្នើសុំឱ្យតុលាការកែសម្រួលថ្ងៃខែឆ្នាំកំណើតផ្លូវការ មកប្រើប្រាស់ថ្ងៃខែឆ្នាំកំណើតពិតប្រាកដរបស់សម្តេចវិញ គឺថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លទ្ធផលកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ជាលទ្ធផលជាប្រវត្តិសាស្ត្រ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើសម្តេចមិនហាមឃាត់ទេ ជនដែលគប់សម្តេចអាចនឹងមានគ្រោះថ្នាក់។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានកម្លាំង៣ក្រុម ស្នើសុំសម្តេចធ្វើបាតុកម្មសុំអាមេរិកចាត់វិធានការលើជនគប់សម្តេច។ ប៉ុន្តែសម្តេចហាមឃាត់មិនឱ្យធ្វើនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន ចោទសួរទៅអាមេរិកថា តើជនដែលគប់សម្តេចជាសិទ្ធិបញ្ចេញមតិ ឬជាការបង្កអំពើហិង្សា? សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យអាមេរិកគិតគូរឱ្យបានច្បាស់ បើគិតថា ការគប់ស្បែកជើងជាសិទ្ធិបញ្ចេញមតិ នោះលើពិភពលោកលែងមានសណ្តាប់ធ្នាប់ហើយ រួមទាំងនៅកម្ពុជាផង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងច្បាស់ៗថា សម្តេចមិនទាមទារអាមេរិកដាក់ទោសជនគប់ស្បែកជើងលើសម្តេចនោះទេ ប៉ុន្តែច្បាប់របស់អាមេរិកយ៉ាងណាគឺអនុវត្តន៍យ៉ាងនោះទៅ។
* សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់ប្រជាពលរដ្ឋខ្មែរគោរពស្រឡាញ់ និងគាំទ្រសម្តេច រក្សាភាពនឹងនរ ដោយមិនត្រូវធ្វើការតបតណាមួយនោះឡើយ គឺទុកឱ្យអាមេរិក ជាអ្នកចាត់ចែង។ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំទូតខ្មែរនៅអាមេរិក មិនឱ្យធ្វើកំណត់ទូតណាមួយទៅកាន់រដ្ឋាភិបាលអាមេរិកនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំទូតខ្មែរនៅអាមេរិក មិនឱ្យធ្វើកំណត់ទូតណាមួយទៅកាន់រដ្ឋាភិបាលអាមេរិកនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសំណេះសំណាលនៅវេលាម៉ោង១០៖១៥នាទីនាព្រឹកថ្ងៃដដែល។ (FN)

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។