ព័ត៌មានជាតិ

លោក វ៉ាន់ ពិតជាអំណាចមែនហ៊ានបើក ល្បែងបញ្ជល់មាន់ និងវង់អាប៉ោង កើតឡើងពេញបន្ទុកនៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់

(កំពង់ចាម)ប្រជាពលរដ្ឋនៅភូមិព្រះ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានសម្ដែងសេចក្ដីព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហាអសន្តិសុខសង្គម ក្រោយពេលបុគ្គលម្នាក់ឈ្មោះ វ៉ាន់ មកបើកសង្វៀនបញ្ជល់មាន់ និងវង់អាប៉ោងទ្រង់ទ្រាយធំនៅក្នុងមូលដ្ឋានពួកគាត់យ៉ាងរលូនគ្មានញញើតអ្វីទាំងអស់។ ប្រជាពលរដ្ឋបានឲ្យដឹងថា បុគ្គលឈ្មោះ វ៉ាន់​ បើកសង្វៀនបញ្ជល់មាន់នៅចំណុចចម្ការស្វាយចន្ទី ខាងក្រោយវត្តព្រះ ក្នុងភូមិព្រះ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ តាមអំពើចិត្តគ្មានញញើតអ្វីទាំងអស់។

ក្នុងមួយថ្ងៃៗមានអ្នកចូលរួមលេងល្បែងបញ្ជល់មាន់ ល្បែងអាប៉ោង យ៉ាងពពាក់ពពូន ហើយមានអ្នកចាញ់អស់លុយកាក់ទ្រព្យសម្បត្តិជាបន្តបន្ទាប់ រីឯមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានសម្ងំស្ងាត់ឈឹង។
ប្រជាពលរដ្ឋសង្ស័យថាបើគ្មានការបើកដៃពីសំណាក់មន្រ្តីអាជ្ញាធរក្នុងស្រុក និងសមត្ថកិច្ចមូលដ្ឋានទេនោះ គឺបុគ្គលឈ្មោះ វ៉ាន់ មិនអាចបើកសង្វៀនបញ្ជល់មាន់​ និងវង់អាប៉ោង នៅក្នុងភូមិព្រះ ឃុំព្រែកកក់ បានទេ។

អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែកកក់ និងលោក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ ព្រមទាំងអភិបាលស្រុកស្ទឹងត្រង់ មិនបង្ក្រាបល្បែងស៊ីសងដើម្បីពង្រឹងសន្តិសុខសង្គមឡើយ។ នៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ល្បែងបញ្ជល់មាន់មានគូពិសេសដែលដាក់ដើមថាន់រាប់លានរៀល ឬរាប់ពាន់ដុល្លារក្នុង១គូៗ ហើយមានអ្នកលេងល្បែងពីគ្រប់ទិសទីមកចូលរួម។
ប្រជាពលរដ្ឋបានអំពាវនាវឲ្យលោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងមន្ដ្រីពាន់ព័ន្ធ មិនមានចាត់វិធានការបង្ក្រាបល្បែងស៊ីសងក្នុងភូមិព្រះ ស្រុកស្ទឹងត្រង់ ជាបន្ទាន់។

ដោយហេតុថា ក្រោយពេលបុគ្គលឈ្មោះ វ៉ាន់ បើកល្បែងស៊ីសងខុសច្បាប់យ៉ាងរលូនរួចមកគឺ អំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសផ្សេងៗកើតឡើងយ៉ាងពេញបន្ទុកគួរឲ្យភ័យខ្លាច។

រីឯនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែកកក់ និងលោក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ ទំនងទទួលបានផលប្រយោជន៍ពីមេល្បែងស៊ីសងទើបនាំគ្នាសម្ងំស្ងាត់ឈឹង៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។