ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្សារកំពង់ពពិលថ្មី ក្នុងស្រុកពារាំង

នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្សារកំពង់ពពិលថ្មី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៃរាជរដ្ឋាភិបាលកម្ពុជា ដែលប្រព្រឹត្តទៅនៅផ្សារកំពង់ពពិលថ្មី ភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្នុងស្ថាប័ននានាថ្នាក់ជាតិ ថ្នាក់ខេត្ត និងថ្នាក់ស្រុកគ្រប់លំដាប់ថ្នាក់ ជាមួយព្រះសង្ឃ ប្រជាពលរដ្ឋ ភ្ញៀវកិត្តិយស និងសហការីចំនួន៥៥៨ អង្គ/នាក់។

ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងទាំងបី និងប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងទាំងមូល សូមថ្លែងអំណរគុណ និងសូមសំដែងនូវគារវៈគោរពស្វាគមន៍យ៉ាងស្មោះស្ម័គ្រ និងកក់ក្តៅជាទីបំផុត ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ របស់សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី ដែលបានឆ្លៀតឱកាសដ៏មមាញឹក និងមានតម្លៃបំផុត អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្សារកំពង់ពពិលថ្មី នាឱកាសនេះ។

សូមរម្លឹកបន្តិចថា នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ ផ្សារនេះ បានឆាបឆេះបណ្តាលមកពីការឆ្លងចរន្តអគ្គីភ័យខូចខាតស្ទើរទាំងស្រុង រហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ផ្សារនោះក៏បានចាប់ផ្តើមកសាងឡើងវិញ និងបានបញ្ចប់ការសាងសង់រួចរាល់នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ថ្មីៗនេះ ក្រោមការជួយឧបត្ថម្ភគាំទ្រ និងចង្អុលបង្ហាញដោយផ្ទាល់ពីសម្តេចក្រឡាហោម ស ខេង និងក្រសួងស្ថាប័នថ្នាក់ជាតិជាច្រើន ដោយមានរដ្ឋបាលខេត្ត និងស្រុកជាសេនាធិការសម្របសម្រួលលើការងារនេះ រហូតទទួលបានសមិទ្ធផលនាពេលនេះ ស្របតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានោះ សម្ដេចក្រឡាហោម ស ខេង បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមត្រៀមឯកសារអត្តសញ្ញាណបណ្ណឱ្យបានគ្រប់ៗគ្នា ដើម្បីអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ទន្ទឹមនឹងនេះ សម្ដេចក៏បាន ឱ្យអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចជាមួយភាគីពាក់ពន្ធទាំងអស់ខិតខំបំពេញភារកិច្ចបំរើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នេះឱ្យប្រព្រឹត្តទៅប្រកបដោយជោគជ័យ ដើម្បីបន្តលើកតម្កើងកិត្តិយសជាតិក្នុងជំហរពង្រឹងពង្រីកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការកែទម្រង់ជាប្រវត្តិសាស្ត្រនូវរចនាសម្ព័ន្ធ និងប្រព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ។

សារជាថ្មីម្តងទៀត ឯកឧត្តមអភិបាលខេត្ត សូមគោរពជូនពរ សម្តេចក្រឡាហោម ស ខេង និងប្រតិភូអមដំណើរ ភ្ញៀវកិត្តិយស និងប្រជាពលរដ្ឋនៃអង្គពិធីទាំងមូល សូមមានសុខភាពល្អ សុខសុភមង្គល ឈ្នះអស់មារសត្រូវសម្រេចបានជោគជ័យគ្រប់ភារកិច្ច និងទទួលបាននូវពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។