ព័ត៌មានជាតិ

គម្រោងផលិតជីសរីរាង្គ ក្រោមកិច្ចសហការដៃគូអភិវឌ្ឍន៍មកពីសាធារណរដ្ឋបារាំង នៅខេត្តសៀមរាប​ត្រូវបានបើកដ្ឋានសាងសង់ជាផ្លូវការ!

(សៀមរាប) :នៅព្រឹកថ្ងៃទី២៥​ ខែឧសភា​ ឆ្នាំ២០២២​ វេលាម៉ោង​ ០៨:៣០នាទី​ នៅបន្ទប់ប្រជុំលេខ៣​ សាលាខេត្ត​ លោក​ ប្រាក់​ សោភ័ណ​ អភិបាលរងខេត្ត​ តំណាងឯកឧត្តម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប​ បានជួបសម្តែងការគួរសមជាមួយលោកស្រី​ Arianna ARDESI តំណាងសមាគមអភិបាលក្រុងនិយមនិយាយភាសាបារាំង(AIMF) និងក្រុមការងារ​ ដោយមានការអញ្ជេីញចូលរួមពីលោក​ នាយករងរដ្ឋបាលសាលាខេត្ត​ លោក​ អភិបាលរងក្រុងសៀមរាប​ លោក​ អនុប្រធានមន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្ត​ តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ​ និងក្រុុមការងារគម្រោង និងបន្តចូលរួមពិធីសម្ពោធការដ្ឋានសាងសង់អគារផលិតជីសរីរាង្គ​ ស្ថិតនៅភូមិកន្រ្តក​ សង្កាត់ស្វាយដង្គំ​ ក្រុងសៀមរាប​ ខេត្តសៀមរាប។

គម្រោងនេះ មានគោលបំណងផលិតជីសរីរាង្គ ដែលកែច្នៃភក់ចេញពីកាកសំណល់លូទឹកសម្អុយ ធ្វើជីកសិកម្មជីមមោគ​ ដោយបង្កើតខ្សែសង្វាក់ផលិតជីសរីរាង្គជីមមោគឱ្យប្រសើរឡើង ដើម្បីផ្គត់ផ្គង់តាមតម្រូវការក្នុងវិស័យ កសិកម្ម។​ ជាមួយគ្នានេះ​ គម្រោងត្រូវបានចាប់ផ្តើមដំណើរការជាផ្លូវការដោយសមាគមអភិបាលក្រុងនិយមនិយាយភាសាបារាំងហៅកាត់ថាAIMF សហជីពអន្តរខេត្ត សម្រាប់ប្រព័ន្ធអនាម័យនៅតំបន់ប៉ារីស​ ហៅកាត់ថា​ SIAAP​ ទីភ្នាក់ងារធនធានទឹកតំបន់ណកម៉ង់ឌីហៅកាត់ថា​ ASEN បានរួមគ្នាអនុវត្តនូវគម្រោងនេះឡេីង​ ក្រោមកិច្ចសហការ ដៃគូអភិវឌ្ឍន៍មកពីសាធារណរដ្ឋបារាំងនៅខេត្តសៀមរាប ដោយប្រើប្រាស់ថវិកាហិរញ្ញប្បទាន សម្រាប់អនុវត្តគម្រោងមានចំនួន​ ១,៧០០,០០០អឺរ៉ូ​ ដោយរដ្ឋបាលខេត្តសៀមរាបជាម្ចាស់គម្រោង។​ ចំពោះរចនាសម្ព័ន្ធគ្រប់គ្រងស្ថានីយផលិតជីសរីរាង្គនេះ មានការសាងសង់ស្ថានីយកែច្នៃភក់ចេញពីលូទឹកកខ្វក់ ជីកស្រះស្តុកភក់និងដាំប្រភេទរុក្ខជាតិដើមត្រែង មានសមត្ថភាពផ្ទុកបាន 45ម៉ែត្រគូបក្នុងមួយថ្ងៃ អាចផលិតជីមមោគតាមការប៉ាន់ប្រមាណបាន1000គូបក្នុងមួយឆ្នាំ មិនមានផលប៉ះពាល់អវិជ្ជមាន ដល់គុណភាពទឹក ដែលហូរចេញចេញពីអាងចម្រោះឡើយ។

ក្នុងឱកាសនោះ​ផងដែរ​ លោក អភិបាលរងខេត្ត​ បានមានប្រសាសន៍ថា គម្រោងនេះ មានសារៈសំខាន់ណាស់សម្រាប់ខេត្តសៀមរាប ក្នុងការកែច្នៃកាកសំណល់ភក់ចេញពីលូទឹកកខ្វក់ នៅក្នុងក្រុងសៀមរាប ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធគ្រប់គ្រងកាកសំណល់ភក់ចេញពីលូទឹកកខ្វក់ និងគុណវិស័យខ្សែសង្វាក់ នៃការផលិតជីសម្រាប់ផ្គត់ផ្គង់ឱ្យវិស័យកសិកម្ម និងលើកកម្ពស់ជីវភាពប្រជាកសិករ។

លោកបានបន្តថា ជីមមោគនេះ​ មានគុណភាពសម្រាប់វិស័យកសិកម្ម ជាពិសេសសម្រាប់ដីដែលអស់ជីវជាតិ នៅពេលប្រើប្រាស់ជីនេះ ធ្វើឱ្យដីនោះមានជីវជាតិអាចធ្វើឱ្យកសិករបង្កបង្កើនផលទទួលបានទន្និផលខ្ពស់។ ហើយសម្រាប់ដំណើរការផលិតជីនេះ គឺត្រូវប្រើពេល៥ឆ្នាំទើបបានផល៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។