ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញផ្តល់កិត្តិយសជាអធិបតីបើកសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយ និងការដាក់ឲ្យអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ សម្រាប់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

(ភ្នំពេញ) :នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ១១រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញផ្តល់កិត្តិយសជាអធិបតីបើកសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយ និងការដាក់ឲ្យអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ សម្រាប់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងសិក្ខាសាលា ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គលេខាធិការ ឯកឧត្តមប្រតិភូ ប្រតិភូរង និងមន្រ្តីអញ្ជើញមកពីអង្គភាព ក្រោមឱវាទយ៉ាងច្រើនកុះករ។

មានប្រសាសន៍ទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថាសិក្ខាសាលានេះ គឺពិតជានឹងផ្តល់ឱកាសឲ្យថ្នាក់ដឹកនាំក្រសួង ប្រធានអង្គភាព និងមន្រ្តីជំនាញគ្រប់លំដាប់ថ្នាក់ខិតខំប្រឹងប្រែងបំពេញភារកិច្ចតាមមុខនាទីរៀងៗខ្លួន ស្របទៅតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងក្របខណ្ឌកំណែទម្រង់ស៊ីជម្រៅដើម្បីអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន។ ការអនុវត្តប្រព័ន្ធបញ្ជរតែមួយតាមប្រព័ន្ធអនឡាញ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថាគឺជាការរួមចំណែកលើក កម្ពស់បរិយា កាសធុរកិច្ច និងការវិនិយោគប្រកបដោយសមធម៌ ប្រកួតប្រជែង តម្លាភាព គណនេយ្យភាព និងសុក្រឹត្យភាពទាំងផ្លូវច្បាប់ និងបច្ចេកទេសសម្រាប់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស។ សិក្ខាសាលានឹងធ្វើការផ្សព្វផ្សាយនូវតួនាទីរបស់វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការផ្តល់សេវាសាធារណ:ដែលត្រូវធ្វើកំណែទម្រង់ឲ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ ព្រមជាមួយគ្នាក៏ត្រូវសិក្សាស្វែងយល់បន្ថែមអំពីបញ្ហាប្រឈម និងសំណូមពរផ្សេងៗទៀតទាក់ទងការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិពីគ្រប់មជ្ឈដ្ឋាន។ ប្រមូលបានគ្រប់បញ្ហា និងចំណុចខ្វះខាត បន្ទាប់មករួមគ្នាធ្វើការកែលម្អ និងដោះស្រាយឲ្យបានទាន់ពេល និងកាន់តែល្អប្រសើរឡើងជាលំដាប់។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់ជូនអង្គសិក្ខាសាលាជ្រាបផងដែរថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមកិច្ចអភិវឌ្ឍប្រព័ន្ធបញ្ជរតែមួយជាតិដំណាក់កាលទី២ តាមរយៈប្រកាសលេខ៧៥១ សហវ.ប្រក ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ស្តីពីការបង្កើតក្រុមអនុវត្តគម្រោងបញ្ជរតែមួយជាតិអន្តរក្រសួង។ ក្នុងកិច្ចដំណើរការនេះ ក្រុមហ៊ុន vCargo Cloud Pte Lted (VCC) បានមកសិក្សា និងរៀបចំប្រព័ន្ធបញ្ជរតែមួយជាតិកម្ពុជា ជាមួយក្រសួង ដើម្បីបង្កើតប្រព័ន្ធមួយ “A Single decision making for customs release and clearance of cargo”។ ក្រសួង មានអង្គភាពចំនួន៤ បានចូលរួមគឺអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ អគ្គនាយក-ដ្ឋានកសិកម្ម រដ្ឋបាលជលផល និងនាយកដ្ឋានកិច្ចការរដ្ឋបាល។ ដើម្បីសម្របសម្រួលការងារនេះ ក្រសួងបានបង្កើតក្រុមការងារសម្របសម្រួលទំនាក់ទំនងបន្តភ្ជាប់ទៅបញ្ជរតែមួយជាតិកម្ពុជា តាមរយៈសេចក្តីសម្រេចលេខ៤០៣ សសរ កសក ចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលមានឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ជាប្រធាន និងតំណាងអង្គភាពពាក់ព័ន្ធជាសមាជិក ហើយនៅពេលដ៏ខ្លីខាងមុខក្រសួងនឹងដាក់ឱ្យដំណើរការប្រព័ន្ធនៃការចុះបញ្ជីតាមរយៈប្រព័ន្ធព័ត៌មានវិទ្យា (On Line) នេះ។

ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលដែលក្រុមការងារបានខិតខំប្រឹងប្រែងសម្រប សម្រួលជាមួយអង្គភាពក្រោមឱវាទ និងជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតក្នុងការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិកម្ពុជា ដោយទទួលបានលទ្ធផលល្អប្រសើរ។ ដើម្បីធានាដល់ការអនុវត្តប្រព័ន្ធនេះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍មួយចំនួនជូនអង្គសិក្ខាសាលាទុកគ្រាន់ជាធាតុចូល និងជាមូលដ្ឋានគ្រឹះយកទៅបន្តអនុវត្តផងដែរ ហើយលោកបានជំរុញ និងលើកទឹកចិត្តឲ្យគ្រប់អង្គភាពពាក់ព័ន្ធត្រូវបន្តសហការចូលរួមអនុវត្តប្រព័ន្ធបញ្ជរតែមួយនេះ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងធានាបានប្រសិទ្ធភាព។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។