ព័ត៌មានជាតិ

រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីក្រុងពាលីបើកការដ្ឋានបញ្ចុះបឋមសិលា បួងសួងសុំសេចក្ដីសុខ ដើម្បីសាងសង់វេទិកាអុំទូកបាត់ដំបងថ្មី !

(បាត់ដំបង) :នៅព្រឹកថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលីបើកការដ្ឋានបញ្ចុះបឋមសិលា បួងសួងសុំសេចក្ដីសុខ ដើម្បីសាងសង់វេទិកាអុំទូកបាត់ដំបងថ្មី ដែលមានទីតាំង នៅទល់មុខវិទ្យាស្ថាន ពហុបច្ចេកទេសភូមិភាគតេជោសែន បាត់ដំបង សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង នៅក្បែរវេទិកាអុំទូកបាត់ដំបងចាស់ ។ ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមដោយលោកអភិបាលរងខេត្ត លោកអភិបាលក្រុង លោក លោកស្រីប្រធាន និងអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងមន្រ្ដីរាជការមួយចំនួនផងដែរ ។

លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ដោយមានការអនុញ្ញាតពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង បានធ្វើការណែនាំ និងចង្អុលបង្ហាញដល់រដ្ឋបាលខេត្តបាត់ដំបង ដើម្បីសាងសង់វេទិកាអុំទូកបាត់ដំបងថ្មីមួយ ឱ្យសាកសមទៅនឹងការអភិវឌ្ឍជឿនលឿនរីកចម្រើនរបស់ប្រទេសជាតិ ពិសេសខេត្តបាត់ដំបង ដែលកំពុងមានការអភិវឌ្ឍរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃផងដែរ ។

លោក បានបន្តទៀតថា ដោយសារទីតាំងវេទិកាអុំទូកចាស់ មានសភាពតូចចង្អៀតផង ផ្ទុកគណ:អធិបតី និងភ្ញៀវកិត្តិយសបានតិច ដូច្នេះទើបរដ្ឋបាលខេត្តបានឯកភាពពីថ្នាក់ដឹកនាំ ក៏សម្រេចសាងសង់វេទិកាថ្មីនេះឡើង ដែលមានទំហំធំ ស្អាតជាងមុន និងមានរៀបចំសោភ័ណភាពទីក្រុងឲ្យបានស្អាតបន្ថែមទៀត ដើម្បីឲ្យសមទៅនឹងទីក្រុងស្អាតថ្នាក់ជាតិ និងថ្នាក់តំបន់ផង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលឆ្លងកាត់ មកលេងកម្សាន្តនៅខេត្តយើងមានការកើនឡើង ធ្វើឲ្យប្រជាពលរដ្ឋបានបម្រើសេវាទេសចរណ៍ បង្កើនប្រាក់ចំណូល កាត់បន្ថយភាពក្រីក្រ មានមុខរបរប្រចាំថ្ងៃផងដែរ ។

វេទិកាអុំទូកបាត់ដំបងថ្មីនេះ មានបណ្ដោយ៣៧ម៉ែត្រ ទទឹង១៨ម៉ែត្រ និងកម្ពស់១៨,៣៥ម៉ែត្រ ដែលរចនាឡើងតាមទម្រង់បែបបទបែបខ្មែរ ហើយតាមផែនការនឹងសម្រេចការសាងសង់ឱ្យបានមុនពិធីបុណ្យអុំទូកបាត់ដំបងនាពេលខាងមុខនេះ ។ ចំណែកវេទិកាអុំទូកបាត់ដំបងថ្មីនេះផងដែរ មានសមត្ថភាពអាចផ្ទុកមនុស្សបានប្រហែល៤០០នាក់ផងដែរ ៕ ដោយ ព្រំ ហន

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។