ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង សម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលចូលរួមថែរក្សាសន្ដិសុខ និងសុវត្ថិភាពក្នុងដំណើរការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

 

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបានល្អប្រសើរ នៅគ្រប់ដំណាក់កាល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

ជាមួយគ្នានេះ សម្តេចក្រឡាហោម បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ បំពេញ ភារកិច្ចប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ពីសំណាក់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ក្នុងការចូលរួមបង្ការ ទប់ស្កាត់ និងដោះស្រាយរាល់បាតុភាពអសកម្មនានា ដោយឈរលើគោលការណ៍ អព្យាក្រឹត ក្នុងវិជ្ជាជីវៈ ដែលបានបង្កលក្ខខណ្ឌអំណោយផល និងបរិយាកាសសន្តិសុខល្អប្រសើរសម្រាប់ប្រជាពលរដ្ឋ និងបញ្ហាគណបក្សនយោបាយ ដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត អាចអនុវត្តសិទ្ធិសេរីភាព ស្របតាមឆន្ទៈរបស់ខ្លួន។

ទន្ទឹមនេះ ដំណើរការប្រព្រឹត្តទៅដោយជោគជ័យ ក្រោមបរិយាកាសស្ងប់ស្ងាត់ សុខសន្តិភាព និងគ្មានអំពើហិង្សា នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ក៏បានបង្ហាញទៅកាន់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ឱ្យឃើញនូវភាពកាន់តែចាស់ទុំ និងភាពម្ចាស់ការ ព្រមទាំងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

ជាថ្មីម្ដងទៀត សម្ដេចក្រឡាហោម ស ខេង បានជូនពរចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីបន្តរួមចំណែកកសាងសមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងបេសកកម្មបម្រើជាតិ និងប្រជាជនព្រមទាំងថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ និងជនរួមជាតិទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលបានចូលរួមថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងគោរពតាមបទបញ្ជា និងនីតិវិធីនានា រួមចំណែកធ្វើឱ្យការរៀបចំព្រឹត្តិការណ៍ជាតិដ៏មានសារៈសំខាន់នេះប្រព្រឹត្តទៅដោយរលូន សេរី ត្រឹមត្រូវ និងយុត្តិធម៌៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។