ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អនុញ្ញាតឱ្យប្រតិភូអង្គការ Cambodia Vision ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

(កំពង់ចាម) :នៅរសៀលថ្ងៃ ទី១០ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអនុញ្ញាតឱ្យប្រតិភូរបស់អង្គការ Cambodia Vision ដឹកនាំដោយលោកស្រី យ៉ង់ ធីតា (Thida Yang) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដែលជំនួបនេះធ្វើឡើងនៅសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពី -អភិបាលរងខេត្ត -នាយករដ្ឋបាល -តំណាងប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត -ប្រធានមន្ទីរពេទ្យបង្អែកខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន។

សូមបញ្ជាក់ថា អង្គការCambodia Vision គឺជាអង្គការមិនរកកម្រៃតូចមួយរបស់ប្រទេសអូស្ត្រាលី ដែលបង្កើតឡើងដើម្បីផ្ដល់ការព្យាបាល និងបង្ការភាពងងឹត និងស្ដារឡើងវិញនូវការស្ដាប់ និងនិយាយទៅតាមតំបន់នៃប្រទេសកម្ពុជា ហើយអង្គការនេះ មានគម្រោងចុះមកពិនិត្យ និងព្យាបាលជំងឺភ្នែក ត្រចៀក ច្រមុះ និងបំពង់ក ជូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម និងប្រជាពលរដ្ឋជាប់ព្រំប្រទល់ខេត្តកំពង់ចាម ដោយឥតគិតថ្លៃ នាពេលឆាប់ៗខាងមុខ។

ក្នុងជំនួបដ៏ស្និតស្នាល ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ក្នុងនាមប្រជាពលរដ្ឋទាំងខេត្ត បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅ ដល់ថ្នាក់ដឹកនាំអង្គការ Cambodia Vision ដែលមានគោលបំណងចុះមកពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម ដោយឥតគិតថ្លៃ ដែលការពិនិត្យ និងព្យាបាលផ្ដោតទៅលើជំងឺត្រចៀក ច្រមុះ និងបំពង់ក ដែលជាជំងឺពិបាកព្យាបាល និងត្រូវការចំណាយថវិកាច្រើនប្រសិនបើអ្នកជំងឺទៅព្យាបាលនៅមន្ទីរពេទ្យឯកជន។

ឯកឧត្តម អភិបាលខេត្ត បានបន្តថា រដ្ឋបាលខេត្តកំពង់ចាម នឹងធ្វើការសហការឱ្យបានល្អប្រសើជាមួយអង្គការ Cambodia Vision ក្នុងគោលបំណងជំរុញឱ្យបេសកម្មខាងលើ ទទួលបានជោគជ័យយ៉ាងត្រចេះត្រចង់ ក្នុងបុព្វហេតុដើម្បីសុខភាពប្រជាពលរដ្ឋ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។