ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្រ្តី អញ្ជើញ​ចុះពិនិត្យការងារបង្កបង្កើនផលស្រូវនៅបីកន្លែងទី១- នៅភូមិ ក្រពើត្បូង ឃុំភ្នំសំពៅ ស្រុកបាណន់ ទី២- ភូមិសូភី ឃុំអន្លង់រុន ស្រុក​ថ្មគោល​ និងទី៣- នៅភូមិពពាលខែ​ ឃុំអូរតាគី ស្រុកថ្មគោល

កម្មវិធីទី២៖

នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្រ្តី និងសហការី អមដំណើរដោយលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញ​ចុះពិនិត្យការងារបង្កបង្កើនផលស្រូវនៅបីកន្លែងទី១- នៅភូមិ ក្រពើត្បូង ឃុំភ្នំសំពៅ ស្រុកបាណន់ ទី២- ភូមិសូភី ឃុំអន្លង់រុន ស្រុក​ថ្មគោល​ និងទី៣- នៅភូមិពពាលខែ​ ឃុំអូរតាគី ស្រុកថ្មគោល។

ជួបជាមួយម្ចាស់ស្រែ ឯកឧត្តមរដ្ឋមន្ត្រីបានសួរនាំអំពីការលំបាក លក្ខណ:ងាយស្រួល បញ្ហាប្រឈម និងប្រសិទ្ធភាពសេដ្ឋកិច្ច។ ពួកគាត់បានលើកឡើងថា ប្រសិនបើលក្ខខណ្ឌធម្មជាតិអំណោយផល ហើយតម្លៃស្រូវឡើងថ្លៃ នោះប្រជាកសិករអាចចំណេញ។ តាមការគិតទុក របស់កសិករព្រួយបារម្ភថាឆ្នាំនេះពីតម្លៃស្រូវ និងទន្ទឹមនឹងនេះកសិករក៏កំពុងជួបបញ្ហា ដោយសារប្រេងសាំង ជី និងធាតុចូលផ្សេងៗទៀតឡើងថ្លៃ។ យល់ច្បាស់ពីបញ្ហាលំបាករបស់ប្រជាកសិករ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់ជាគំនិតគិតពិចារណាជូនកសិករថាគួរកាត់បន្ថយការប្រើជីគីមី គួរបែមកប្រើជីធម្មជាតិ ឬជីកុំប៉ុស្តិវិញខ្លះ រួមជាមួយនឹងកាត់បន្ថយពូជស្រូវ ប្រើពូជស្រូវដែលទីផ្សារត្រូវការខ្ពស់ និងត្រូវចុះស្រែមើលថែស្រូវឲ្យបានជាប់ជាប្រចាំប្រយ័ត្នខ្យង ក្តាម និងកណ្តុរកាត់ស៊ីស្រូវ ពិសេសមើលទឹកក្នុងស្រែ។ សង្គ្រាមរុស្សី-អ៊ុយក្រែន បានផលប៉ះពាល់ដល់ សេដ្ឋកិច្ចពិភពលោក មិនថាឡើយសេដ្ឋកិច្ចកម្ពុជា ហេតុនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសំណូមពរឲ្យបងប្អូនប្រជាកសិករកាត់បន្ថយការប្រើប្រាស់ធាតុចូលកសិកម្មមិនចាំបាច់។ ទាក់ទងនឹងរបបទឹក ភ្លៀង ជួនជន់លិច ជួនរាំងស្ងួត ដែលជាដើមចមធ្វើឲ្យប៉ះពាល់ដល់ផលិតកម្មស្រូវ ឯកឧត្តមរដ្ឋមន្ត្រីបានជូនមតិដល់កសិករថាគួរប្តូរមុខដំណាំឲ្យស្របតាមធនធានទឹកដែលមានជាក់ស្តែងស្រាប់ ហើយមិនគួរពង្រីកផ្ទៃដីដាំដុះទេបើគ្មានទឹកគ្រប់គ្រាន់។ ជាក់ស្តែងទាំងក្នុងស្រុកបាណន់ និងស្រុកថ្មគោល ស្ថានភាពផលិតកម្មស្រូវខុសៗគ្នាខ្លះមានទឹក សាបព្រួស និងដុះលូតលាស់បានល្អ ផ្ទុយទៅវិញតំបន់ខ្លះទៀតរាំងស្ងួត ខ្វះទឹក រង់ចាំតែភ្លៀងធ្លាក់ នឹងរួតរះចាប់ផ្តើមភ្ជួរ ព្រោះ ស្រូវឲ្យបានទាន់ពេលវេលា។

​យោងតាមរបាយការណ៍របស់មន្ទីរបានឲ្យដឹងថា ៖ ស្ថានភាពទឹកភ្លៀងធ្លាក់ច្រើននៅដើមរដូវវស្សា (ពាក់កណ្តាលខែមេសា ដល់ឧសភា) បង្កការលំបាកដល់ការបង្កបង្កើនផល ជាពិសេសដំណាំស្រូវនៅតំបន់វាលទំនាប ប៉ុន្តែក្នុងខែមិថុនានេះ ស្ថានភាពទឹកភ្លៀងបានធ្លាក់តិចតួច ជាឱកាសឲ្យកសិករគ្រប់តំបន់ខិតខំដាំដុះស្រូវ និងដំណាំផ្សេងៗបានយ៉ាងល្អប្រសើរ។ ជាក់ស្តែងការងារដំដុះស្រូវវស្សាអនុវត្តបានលើផ្ទៃដីចំនួន ១២៩ ៣៨៦ហត ស្មើនិង ៣៨,៨៩%នៃផែនការ ចំនួន ៣៣២ ៧០០ ហិកតា លើសឆ្នាំមុនចំនួន ៣២១ហត។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។