ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ចាកចេញពីខេត្តបាត់ដំបងអញ្ជើញបន្តដំណើរមកខេត្តបន្ទាយមានជ័យ ហើយបានឈានចូលពិនិត្យ តាមដាន និងសាកសួរសុខទុក្ខថ្នាក់ដឹកនាំ មន្រ្តី រាជការ បុគ្គលិក កម្មករ ដែលកំពុងបម្រើការនៅស្ថានីយផលិតពូជស្រូវទួលសំរោង

កម្មវិធីទី១ ៖

នាព្រឹកថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ចាកចេញពីខេត្តបាត់ដំបងអញ្ជើញបន្តដំណើរមកខេត្តបន្ទាយមានជ័យ ហើយបានឈានចូលពិនិត្យ តាមដាន និងសាកសួរសុខទុក្ខថ្នាក់ដឹកនាំ មន្រ្តី រាជការ បុគ្គលិក កម្មករ ដែលកំពុងបម្រើការនៅស្ថានីយផលិតពូជស្រូវទួលសំរោង។

ឆ្លៀតយកពេលខ្លីជួបសំណេះសំណាលជាមួយមន្រ្តីជើងចាស់ (ក្លាយជាព្រឹទ្ធាចារ្យ តាំងពីឆ្នាំ ១៩៧៩) មន្រ្តីថ្មី និងមន្រ្តីជាប់កិច្ចសន្យា ឯកឧត្តមរដ្ឋមន្ត្រីសាកសួរសុខទុក្ខ បញ្ហាជីវភាព និងសកម្មភាពការងារស្នូល (ផលិតពូជស្រូវចម្រុះ) បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទឹក ចិត្តតស៊ូ លះបង់គ្រប់បែបយ៉ាង ចូលរួមថែរក្សាការពារស្ថានីយដែលជាទ្រព្យសម្បត្តិរដ្ឋ ពិសេសយកចិត្តទុកដាក់ប្រើទាំងចំណេះដឹង និងបទពិសោធន៍ ផលិតពូជស្រូវផ្គត់ផ្គង់ឲ្យសេចក្តីត្រូវការប្រជាកសិករនៅទូទាំងប្រទេស។

ចុះពិនិត្យវាលស្រែពេញដោយដាំណាំស្រូវកំពុងដុះលូតលាស់យ៉ាងល្អ ពិនិត្យសកម្មភាពបក់ ផ្លុំសំអាត សម្ងួត និងវេចខ្ចប់គ្រាប់ពូជស្រូវរក្សាទុកក្នុងឃ្លាំងបានយ៉ាងត្រឹមត្រូវតាមបច្ចេកទេស ដើម្បីរក្សាគុណភាព (ភាគរយដំណុះខ្ពស់) ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់លើស្មារតីទទួលខុសត្រូវខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តីគ្រប់លំដាប់ថ្នាក់ ដែលមានឆន្ទ:លះបង់ ស៊ូទ្រាំគ្រប់ឧបសគ្គដើម្បីធានាការផលិតគ្រាប់ពូជស្រូវមានគុណភាព។ ជាមួយស្មារតីទទួលខុសត្រូវលើការងារបច្ចេកទេសផលិតនេះ ឯកឧត្តមរដ្ឋមន្ត្រីបានគាំទ្រ និងលើកទឹកចិត្តថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក កម្មករ ត្រូវបន្តសកម្មភាពផលិតគ្រាប់ពូជស្រូវឲ្យកាន់តែមានគុណភាពខ្ពស់ និងបង្កើនបរិមាណផលិត ឆ្លើយតបឲ្យបានសមស្របតាមបរិបទនៃសេចក្តីត្រូវការគ្រាប់ពូជស្រូវដែលកំពុង តែខ្វះខាតនៅតាមតំបន់មួយចំនួន ដើម្បីចូលរួមស្តារ និងជំរុញល្បឿនបង្កបង្កលនផលឲ្យទាន់ ដើមរស្សា។ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំ និងជំរុញឲ្យអគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋានដំណាំ ស្រូវ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងស្ថានីយផលិតគ្រាប់ពូជស្រូវ តាមរយ:ប្រព័ន្ធស្បៀងបម្រុងជាតិ ត្រូវត្រៀមគ្រាប់ពូជស្រូវឲ្យបានគ្រប់គ្រាន់ សម្រាប់យកទៅចែកជូនប្រជាកសិករ ដែលទទួលរងផលប៉ះពាល់ដោយសារទឹកភ្លៀងនៅដើមរវស្សាកន្លងមក។

តាមរបាយការណ៍របស់លោក អ៊ឹង ស៊ីណា ប្រធានស្ថានីយ បានឲ្យដឹងថា បច្ចុប្បន្នស្ថានីយមានស្រូវពូជស្តុកក្នុងឃ្លាំងចំនួន ២៥០តោន (រៀបចំច្រកបាវរួចរាល់)។ ក្នុងស្ថានីយ ផ្ទៃដីចំនួន ៤៧ហត ដំណាំស្រូវពូជកំពុងចេញផ្លែ ដាក់គ្រាប់ ហើយគ្រោងនឹងប្រមូលផលបានជាមធ្យមចំនួន ១៥០ នៅក្នុងខែកក្គដាខាងមុខ។ ក្រៅពីនេះ ស្ថានីយបានសហការផលិតពូជស្រូវជាមួយកសិករនៅក្រៅស្ថាននីយ មានផ្ទៃដីចំនួន ២០០ហត ទៀត បច្ចុប្បន្នស្រូវកំពុងធ្វើខ្លួន ហើយគ្រោងនឹងប្រមូលផលបាន ៦០០តោន នៅក្នុងខែសីហាខាងមុខ។ សរុបមក ចាប់ពីខែកញ្ញាទៅ ស្ថានីយអាចមានគ្រាប់ពូជស្រូវចំនួន ៧៥០តោន ប្រមូលយកមករក្សាទុកក្នុងឃ្លាំងសម្រាប់ត្រៀមជូនប្រព័ន្ធស្បៀងបំរុងជាតិ យកទៅចែកជូនប្រជាកសិករទុកដោះស្រាយបញ្ហាចំពោះមុខពេលខ្វះពូជស្រូវ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។