ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងលោកជំទាវ បានអញ្ជើញមកពិនិត្យលើវឌ្ឍនភាពនៃការរៀបចំសួនសត្វ របស់ក្រុមហ៊ុន អង្គរវ៉ាយដ៏ឡាយហ្វ៍ និង អឹឃ្វារៀម ឯ.ក នៅលើទឹកដីខេត្តសៀមរាប

នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងលោកជំទាវ ព្រមទាំងសហការី បានអញ្ជើញមកពិនិត្យលើវឌ្ឍនភាពនៃការរៀបចំសួនសត្វ របស់ក្រុមហ៊ុន អង្គរវ៉ាយដ៏ឡាយហ្វ៍ និង អឹឃ្វារៀម ឯ.ក នៅលើទឹកដីខេត្តសៀមរាប។

លោកនាយកប្រតិបត្តិក្រុមហ៊ុន Mr. Roger Reynolds និងលោក ម៉េង ហៀង នាយកចាត់ការទូទៅ បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបពីគោលបំណងនៃគម្រោងថាការបង្កើតសួនសត្វនេះ គឺចង់ដាក់តាំងវារីសត្វ និងប្រភេទសត្វព្រៃដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាពិសេសប្រភេទសត្វដែលជិតផុតពូជ និងមានដោយកម្រ និងអាចស្នើសុំនាំចូលខ្លះបើមានការចាំចាប់ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ និងគ្រឹះស្ថានអប់រំគ្រប់ថ្នាក់ (សិស្សានុសិស្ស) នៅកម្ពុជាចូលមកទស្សនានេះម្យ៉ាង និងម្យ៉ាងទៀតដើម្បីអប់រំផ្សព្វផ្សាយអំពីការអភិរក្សសត្វទាំងក្នុងទឹក និងក្នុងព្រៃ ដែលកំពុងទទួលរងការគំរាមកំហែង និងការជួញដូរខុសច្បាប់ជាដើម។ មិនតែប៉ុណ្ណោះក៏ជាកន្លែងផ្សព្វផ្សាយព័ត៌មានសំខាន់ៗទាក់ទងសត្វ ពូជសត្វ ប្រភេទ អំបូរ ជីវសាស្រ្ត និងតំបន់ដែលសត្វរស់នៅ អាហារ និងការរស់នៅរបស់សត្វ ច្បាប់ និងកិច្ចសហការផ្សេងៗផងដែរ។

លោកនាយកប្រតិបត្តិបានបន្តថា សួនសត្វមានផ្ទៃដីទំហំ ២២ហត ស្ថិតនៅក្នុងភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់វារីសត្វ និងថែរក្សាសត្វព្រៃលើផ្ទៃដីចំនួន ៦ហត។ ក្នុងឆ្នាំ២០២១ ក្រុមហ៊ុនបានសាង សង់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ដាក់តាំង និងថែរក្សាវារីសត្វ (ប្រភេទត្រីទឹកសាប ត្រីទឹកប្រៃ និងពពួកអណ្តើកជាដើម) និងពពួកសត្វនៅលើ គោកសម្រេចបានប្រមាណ ៧០%។ បច្ចុប្បន្ន ដំណើរការសាងសង់កំពុងប្រព្រឹត្តទៅយ៉ាងសកម្ម ជាពិសេសហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រភេទសត្វព្រៃធំៗដូចជា សត្វខ្លា ដំរី ខ្លាឃ្មុំតូច ត្រីទឹកសាប និងត្រីទឹកប្រៃ និងក៏មានត្រីនាំមកពីទន្លេអាម៉ាហ្សូនផងដែរ។ សួនសត្វក៏បានសាងសង់អគារបន្ទប់ពិសោធន៍ និងព្យាបាលសត្វព្រៃ។ គម្រោងបានចំណាយប្រមាណជា ១៨លានដុល្លារសម្រាប់ធ្វើការវិនិយោគ ហើយគ្រោងនឹងបើសម្ពោធឲ្យដំណើរការជាផ្លូវការនៅខែតុលាខាងមុខ។

អនាគត ក្រុមហ៊ុនមានបំណងស្នើសុំគោលការណ៍នាំចូលប្រភេទសត្វព្រៃចំនួន០៨ប្រភេទ ស្នើនឹង៦១ក្បាល ដែលមានក្នុងតារាងដូចខាងក្រោម៖
១- ដំរីអាស៊ី Asian elephant Elephas maximus ៨ក្បាល
២- ខ្លាធំ Sumatran tiger Panthera tigris sumatrae ៨ក្បាល
៣- ខ្លាឃ្មុំតូច Sun bear Ursus malayanus ៥ក្បាល
៤- ភេតូច Oriental small-clawed otter Aonyx cinereus ១០ក្បាល
៥- ស្កាតូច Small asian mongoose Herpestes javanicus ១០ក្បាល
៦- កាំប្រម៉ា East asian porcupine Hystrix brachyura ១០ក្បាល
៧- ពស់ថ្លាន់ធំ Reticulated python Python reticulatus ៥ក្បាល
៨- ពស់ខ្សែគោក្រហមត្នោត Oriental whip snake Ahaetulla prasina ៥ក្បាល

ឯកឧត្តមរដ្ឋមន្ត្រីបន្ទាប់ពីបានធ្វើទស្សនកិច្ចក្នុងសួនសត្វ និងស្តាប់ពីការបរិយាយដោយត្រួសៗទាក់ទងព័ត៌មានខាងលើរួចមក លោកសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឆន្ទ:ចូលរួមវិនិយោគគម្រោងដ៏មានសារសំខាន់មួយនេះ ហើយក៏ចាត់ទុកជាគម្រោងដំបូងគេក្នុងខេត្ត សៀមរាប ដែលជាខេត្តប៉ូលសេដ្ឋកិច្ចជាតិសម្រាប់វិស័យទេសចរណ៍។ សួនសត្វវាមិនគ្រាន់តែជាចំណីចក្ខុ ប៉ុន្តែថែមទាំងជាកន្លែងថែរក្សា ការពារប្រភេទសត្វព្រៃ និងមច្ឆជាតិកម្ពុជាដែលជិតផុតពូជ និងខ្លះមានដោយកម្រ។ ម្យ៉ាងទៀត ជាកន្លែងផ្សព្វផ្សាយ អប់រំ និងយល់ដឹងបានស៊ីជម្រៅអំពីគ្រប់ប្រភេទសត្វដល់យុវជនកម្ពុជាជំនាន់ក្រោយ និងបម្រើវិស័យទេសចរណ៍នាពេលអនាគតដ៏ខ្លី។ ហេតុនេះ ឯកឧត្តមរដ្ឋមន្ត្រីបានគាំទ្រ និងលើកទឹកចិត្តឲ្យក្រុមការងារជំនាញដែលកំពុងបន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅសេសសល់ ឲ្យបានទាន់ពេល ដើម្បីឲ្យគម្រោងបើកសម្ពោធដំណើរការបានជោគជ័យ។ សួនសត្វ ត្រូវសហការជាមួយរដ្ឋបាលព្រៃឈើ និងរដ្ឋបាលជលផលដើម្បីពិនិត្យលើការងារអភិរក្សសត្វ ការថែរក្សា និងបង្កាត់ពូជផងដែរ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។