ព័ត៌មានជាតិ

មន្ទីរ​កសិកម្ម​ខេត្តសៀមរាប ប្រកាសផ្តល់​រង្វាន់​១,ពាន់​ដុល្លារ អ្នកដែលសហការ ឈានដល់ ការចាប់​បាន ជន​លួច​កាប់​ឈើ​គ្រញូង ០៤​ដើម!

ខេត្តសៀមរាប ៖ មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ខែមិថុនា ឆ្នាំ​២០២២​នេះ បាន​ចេញ​សេចក្តីជូនដំណឹង ស្វែងរក ជនខិលខូច​មិន​ស្គាល់​អត្ត​សញ្ញាណ ដែល​បាន​ចូល​លួច​កាប់​ឈើ​គ្រញូង ចំនួន​០៤​ដើម នៅ​ចម្ការ​ពូជឈើ​គ្រញូង​ក្នុង​ខេត្តសៀមរាប ។

មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប បានអោយ​ដឹង​ថា នា​ពេល​ថ្មី​ៗ​កន្លង​មកនេះ មាន​ជនខិលខូច​មិន​ស្គាល់​អត្តសញ្ញាណ​ចូល​លួច​កាប់​ដើមឈើ​គ្រញូង ចំនួន​បួន​ដើម ដែល​ពូជ​ប្រភេទ​គ្រញូង​នេះ មាន​អាយុកាល​ប្រមាណ​៥០​ឆ្នាំ​មក​ហើយ ដែល​ជា​បទល្មើស​ឧក្រិដ្ឋ បង្ក​ការ​បាត់បង់​ទ្រព្យសម្បត្តិ​សាធារណៈ របស់​រដ្ឋ​ដ៏​មាន​តម្លៃ នៅ​ក្នុង​ចម្ការ​ពូជឈើ​គ្រញូង ដែល​មាន​ទំហំ ១,៨៨០ ហិ​កតា ស្ថិត​នៅ​ភូមិសាស្ត្រ ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ និង​ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ត្រូវ​បាន​គ្រប់គ្រង និង​អភិវឌ្ឍ​តាំងពី​ឆ្នាំ​២០០១ ក្នុង​គោលបំណង​ថែរក្សា​ជីវចម្រុះ អភិរក្ស​ធនធាន សេនេទិច​ព្រៃឈើ តំបន់​លំហែ​កំសាន្ដ និង​សម្រាប់​ស្រាវជ្រាវ​វិទ្យាសាស្ត្រ ។

តំបន់​ខាងលើ​នេះ មាន​សក្តានុពល​ធនធាន​ព្រៃឈើ​ដ៏​មាន​តម្លៃ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចេញ​ប្រកាស​លេខ​៦០២ ប្រក​.​ក​សក ទទួលស្គាល់​ជា​តំបន់​ស្តារ និង​អភិវឌ្ឍន៍​ព្រៃ​ឈើ​ ចុះ​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៦ ។

មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប សូម​អំពាវនាវ​ដ៏​ទទូច​ចំពោះ​សាធារណជន ដែល​បាន​ស្គាល់ ដឹង​ដំណឹង​ពាក់ព័ន្ធ និង​ជនល្មើស ហើយ​បាន​រាយការណ៍ និង​ផ្ដល់​ព័ត៌មាន​ដល់​សមត្ថកិច្ច រហូត​ឈាន​ទៅ​ចាប់​ជនល្មើស​បាន មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​សៀម​រាប នឹង​ជូន​រង្វាន់​ជា​ប្រាក់ ចំនួន ១,០០០​ដុល្លារ (​មួយ​ពាន់​ដុល្លារ​អា​មេ​រិច​) ហើយ​ព័ត៌មាន​ត្រូវ​បាន​រក្សា​ជា​ការ​សម្ងាត់​ជូន​មិន​អោយ​មាន​បញ្ហា​ដល់​អ្នក​ផ្ដល់​ព័ត៌មាន​ឡើយ ។

សូម​ទំនាក់ទំនង​ផ្តល់​ព័ត៌មាន​មក​លេខ​ទូរ​សព្ទ​របស់​លោក ទា គឹ​ម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប មាន​ដូច​ខាងក្រោម ៖

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។