ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន បានអញ្ជើញទៅមកពិនិត្យអំពីវឌ្ឃនភាពនៃការអភិវឌ្ឃដំណាំកសិ- ឧស្សាហកម្ម(អំពៅស្ករ)និងខ្សែច្រវាក់ផលិតកម្មស្ករអំពៅ ក្នុងតំបន់កសិ-ឧស្សាហកម្ម ឧកញ្ញា លី យ៉ុងផាត់ដែលមានទីតាំងនៅក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ

នាព្រឹកថ្ងៃសៅរ៍ ១៣កើត ខែមិគសិរ ឆ្នាំជួត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអញ្ជើញទៅមកពិនិត្យអំពីវឌ្ឍនភាពនៃការអភិវឌ្ឍដំណាំកសិ-ឧស្សាហកម្ម (អំពៅស្ករ) និងខ្សែច្រវាក់ផលិតកម្មស្ករអំពៅក្នុងតំបន់កសិ-ឧស្សាហកម្ម លោកឧកញ្ញា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា និងជានាយកក្រុមហ៊ុនភ្នំពេញស៊ូហ្គឺ ដែលមានទីតាំងនៅក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

សូមអនុញ្ញាតរំលឹកជូនថា កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញមកតំបន់នេះ បន្ទាប់ពីរយ:ពេលជិតមួយឆ្នាំ ថ្ងៃនេះជាដំណើរទស្សនកិច្ចលើកទីពីររបស់ឯកឧត្តមរដ្ឋមន្រ្តីមកកាន់តំបន់កសិ-ឧស្សាហកម្មនេះ ក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលើខ្សែច្រវាក់ផលិតកម្មដំណាំអំពៅ និងការកែច្នៃ ជាពិសេសដើម្បីជួយជំរុញ និងលើកទឹកចិត្តឲ្យក្រុមហ៊ុន បន្តពង្រីកអាជីវកម្មទាំងការដាំដុះ និងកែច្នៃបំណងស្រូបយកពលកម្មក្នុងស្រុក និងបង្កើនចំណូលក្នុងគ្រួសារ។ យោងតាមរបាយការណ៍របស់អគ្គនាយកក្រុមហ៊ុន បានឲ្យដឹងថា ៧០% គឺជាផលិតផលអំពៅដែលផ្គត់ផ្គង់ឲ្យរោងចក្រគឺចុះកិច្ចសន្យាប្រមូលទិញពីប្រជាកសិករ ហើយសង្ឃឹមថានៅរដូវប្រមូលផលដ៏ខ្លីខាងមុខក្រុមហ៊ុនអាចស្រូបយកពលកម្មក្រុងស្រុងសម្រាប់ធ្វើការក្នុងចំការ និងក្នុងរោងចក្របានយ៉ាងច្រើនបន្ថែមទៀត។
សូមបញ្ជាក់ថា៖ ការអភិវឌ្ឍដំណាំអំពៅ និងរោងចក្រកែឆ្នៃបានចាប់ផ្តើមនៅឆ្នាំ២០១៣ ហើយបានចាប់ផ្តើមកិនអំពៅបានមួយថ្ងៃចំនួន ៦ពាន់តោន ក្នុងមួយថ្ងៃ ។ រហូតមកទល់ឆ្នាំ២០១៤ បានបង្កើនសមត្ថភាព ១២ ០០០ តោន និងនៅឆ្នាំ២០១៥ បាន ១៨ ០០០តោន។ បន្ទាប់មកនៅឆ្នាំ២០១៩ បានរោងចក្របានបង្កើនសមត្ថភាពកិនអំពៅរហូតដល់ ២០ ០០០ តោន ដែលត្រូវប្រើប្រាស់កំលាំងមនុស្សចំនួន ២០ ០០០ នាក់ និងត្រូវការរថយន្តដឹកអំពៅចំនួន មួយពាន់ជើងក្នុងមួយថ្ងៃ ។ មកទល់ពេលបច្ចុប្បន្ននេះអាចផលិតស្កសរបានចំនួន ១០២ ០០០ តោនក្នុងមួយឆ្នាំ។

ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះឆន្ទ:វិនិយោគរោងចក្រផលិតស្កអំពៅរបស់ឯកឧត្តម លី យ៉ុងផាត់ ដែលបានខិតខំជំរុញឲ្យខ្សែច្រវាក់ផលិតកម្មស្ករអំពៅនាំមុខគេនៅកម្ពុជាសម្រេចទទួលបានជោគជ័យទាំងលើផលិតកម្មដាំដុះ និងកែច្នៃ ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ច សន្យា និងការស្រូបយកកំលាំងពលកម្មក្នុងស្រុក និងកំណើនសេដ្ឋកិច្ចគ្រួសារ ក្នុងខណដែលវិស័យមួយចំនួនកំពុងជួបវិបត្តដោយសារជំងឺឆហលងកូវីដ-១៩ ហើយពិតណាស់ការចូលរួមពីវិស័យឯកជនគឺជាចលករយ៉ាងសំខាន់ក្នុងការចូលរួមចំណែកជួយអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្មដំណាំអំពៅ ក៏ដូចជាវិស័យសេដ្ឋកិច្ច និងចូលរួមបង្កើតការងារជូនពលរដ្ឋនៅមូលដ្ឋាន បានចំនួនជាងមួយពាន់នាក់ក្នុងពេលបច្ចុប្បន្ន ហើយសង្ឃឹមថាចំនួននេះនឹងមានការកើនឡើងនៅរដូវប្រមូលផលខាងមុខនៅបំណាច់ឆ្នាំនេះ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។