ព័ត៌មានជាតិ

ស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់សៀម បានរៀបចំពិធីបូកសរុបលទ្ធផល បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ស្ថិតក្រោមអធិបតីភាពឯកឧត្តម វេង សាខុន

នាព្រឹកថ្ងៃអាទិត្យ ៥រោច ខែជេស្ឋ ឆ្នាំខាល ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០ ២២ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់សៀម បានរៀបចំពិធីបូកសរុបលទ្ធផល បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ស្ថិតក្រោមអធិបតីភាពឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកកំពង់សៀម ខេត្តកំពង់ចាម ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ព្រមជាមួយឯកឧត្តមជាអនុប្រធានក្រុមការ ងារថ្នាក់ជាតិចុះស្រុកកំពង់សៀម ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវប្រធាន-អនុប្រធានក្រុមការងារ និងសហការីចុះឃុំទាំង ១៥ នៃស្រុកកំពង់សៀម លោក លោកស្រីសមាជិកក្រុម ប្រឹក្សាស្រុក លោកអភិបាលស្រុក អាជ្ញាធរស្រុក ឃុំ ភូមិ យុវជន សសយក និងបងប្អូនជាសមាជិកបក្សសរុបចំនួន ៦០០នាក់។

ឯកឧត្តមប្រធានក្រុមការងារ បានបង្ហាញពីទឹកចិត្តចូលរួមអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់លើលទ្ធផលដែលឃុំទាំង ១៥ សម្រេចបាន។ ភាពជោគជ័យដ៏ធំធេងនេះ លោកបានបញ្ជាក់គឺពិតជាបានប្រសូត្រចេញពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សមាជិក សមាជិកា និងសកម្មជនគណ: បក្សថ្នាក់មូលដ្ឋានដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ ចិត្ត ពេលវេលា និងធនធាន ឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ចូលរួមសហការបំពេញកាតព្វកិច្ចជាមន្រ្តីបម្រើប្រជាពលរដ្ឋ ដោះស្រាយបញ្ហាជូនប្រជាជនគ្រប់រូបភាព គ្រប់កាល:ទេស: និងបានទាន់ពេលវេលា។ សកម្មភាពយ៉ាងសកម្ម មមាញឹក និងការលះបង់របស់ក្រុមការងារក្នុងរយ:ពេលកន្លងមកគឺពិតជាបានបង្ហាញយ៉ាងច្បាស់ពីឆន្ទ:ចូលរួមយ៉ាងពេញលេញជាមួយរាជរដ្ឋាភិបាលក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដើម្បីបុព្វហេតុថែរក្សា ការពារសន្តិភាព និងការអភិវឌ្ឍន៍។ សកម្មភាពយុទ្ធនាការឃោសនា និងដំណើរការប្រព្រឹត្តទៅមុនពេល អំឡុងពេល និងក្រោយពេលបោះឆ្នោតកន្លងមក ពិតជាបានប្រព្រឹត្តទៅដោយរលូន តាមផែនការសកម្មភាពដែលបានគ្រោងទុក មានស្ងប់ស្ងាត់ មានសណ្តាប់ធ្នាប់ គ្មានអំពើហិង្សា និងទទួលបានជោគជ័យគួរជាទីមោទន:។ ទិដ្ឋភាព និងសកម្មភាពជារួមបានបង្ហាញយ៉ាងប្រចក្សទៅកាន់មជ្ឈដ្ឋានជាតិ និងអង្គជាតិ ពីភាពម្ចាស់ការ ព្រមទាំងឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់គណបក្ស ប្រជាជនកម្ពុជាក្នុងការអនុវត្តគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

ឆ្លៀតយកឱកាសនេះ ឯកឧត្តមប្រធានបានក្រើនរំលឹកជូនអង្គពិធីថាព្រឹត្តការណ៍នៃការបោះឆ្នោះសកលឆ្នាំ២០២៣ នឹងមកដល់ ដើម្បីរក្សាបាននូវភាពឈ្នះរបស់គណ:បក្សប្រជាជនកម្ពុជា យើងមិនត្រូវទ្វេសប្រហែស បណ្តែត បណ្តោយ និងមោទនភាពជ្រុលនោះទេ។ តែផ្ទុយមកវិញ ឯកឧត្តមប្រធាន បានគូសវាសផែនទី និងដាក់ចុះនូវផែនការសកម្មភាពសំខាន់ៗមួយចំនួនដែលត្រូវធ្វើការកែលម្អ ឲ្យកាន់តែល្អប្រសើរមានលក្ខណបត់បែនស្របតាមការវិវឌ្ឍន៍របស់សង្គមជាតិ ជូនសមាជិក សមាជិកាគ្រប់លំដាប់ថ្នាក់ និងជាពិសេសសមាជិកបក្សថ្នាក់មូលដ្ឋានមានដូចខាងក្រោម ៖

១- ក្រុមការងារថ្នាក់កណ្តាល :

ក- យកចិត្តទុកដាក់ខ្ពស់អនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ “សូមធ្វើការបម្រើប្រជាពលរដ្ឋដោយឆន្ទ: សមត្ថភាព ទទួលខុសត្រូវ យកអស់ឋាមពល និងស្មោះស្ម័គ្រ ជូនប្រជាពលរដ្ឋជាម្ចាស់ឆ្នោត”។ ដូច្នេះ ត្រូវតែបន្តខិតខំចិញ្ចឹមចលនាដោយត្រូវចុះមូលដ្ឋានឲ្យកាន់តែសកម្ម មុតស្រួច ទូលំទូលាយ និងស៊ីជម្រៅថែមទៀត ដើម្បីទទួលយកបញ្ហាមូលដ្ឋានមកធ្វើការដោះស្រាយ ឲ្យចំទិសដៅ បានទាន់ពេល និងកាន់តែមានប្រសិទ្ធភាព ដើម្បីរួមគ្នាអភិវឌ្ឍមូលដ្ឋាន។

ខ- ត្រូវពិនិត្យឡើងវិញលើសមិទ្ធផលដែលយើងបានកសាងកន្លងមកថាតើវាបានជះឥទ្ធិពលវិជ្ជមានលើកម្រិតជីវភាព សន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍសង្គមក្នុងកម្រិតណា? មានចំណុះអសកម្ម ឬអវិជ្ជមានអ្វីខ្លះដែលត្រូវធ្វើការកែលម្អ? ។

គ- សិក្សា ស្រាវជ្រាវអំពីបាតុភាពមិនល្អមកលើកិត្តិយស កិត្តនាមរបស់គណបក្សយើង រួចត្រូវសហការ និងពិគ្រោះយោបល់ជាមួយសមាជិកបក្សថ្នាក់មូលដ្ឋាន រកឲ្យឃើញឬគល់ ដើមចមនៃបញ្ហា ហើយរួតរះវះកាត់ និងព្យាបាលឲ្យបានទាន់ពេល។

ឃ- បន្តកសាងបណ្តាញ និងអង្គការចាត់តាំងបក្សឲ្យបានចូលជ្រៅក្នុងស្រទាប់ប្រជាពលរដ្ឋតាមរយ:យុវជនបក្ស។

ង- បន្តសហការអនុវត្តគោលនយោបាយគណបក្ស និងគោលនយោបាយ ក៣ ឲ្យកាន់តែល្អប្រសើរ។

២- ក្រុមការងារថ្នាក់មូលដ្ឋាន :

ក- ឆ្វេងយល់ឲ្យច្បាស់ និងស៊ីជម្រៅប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ” ការផ្ទេរអំណាចឲ្យថ្នាក់ក្រោមជាតិ ជាជម្រើសដ៏ត្រឹមត្រូវ និងជាការផ្តល់ឱកាសឲ្យមូលដ្ឋានមានភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ និងឆ្លើយតបបានទាន់សភាពការណ៍” ។ មានន័យគ្រប់គ្រាន់ ស៊ីជម្រៅ និងទូលំទូលាយ សម្រាប់អាជ្ញាធរមូលដ្ឋានយកទៅគិតពិចារណាដោយត្រូវឈរលើឧត្តមគតិជាមន្រ្តីបម្រើ និងទទួលខុសត្រូវចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់លក្ខខណ្ឌ និងគ្រប់កាល:ទេស:។

ខ- ត្រូវពង្រឹងសមត្ថភាព និងប្រសិទ្ធភាពការងារ លើការងារផ្តល់សេវាសាធារណ: រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម មនុស្សធម៌ អប់រំ និងសុខាភិបាល។ល។ លើកកម្ពស់ក្រមសីលធម៌ សុជីវធម៌ និងរបៀបរបបការងារ កុំគិតតែពីប្រយោជន៍បុគ្គល ផ្ទុយទៅវិញចូរតម្កល់ប្រយោជន៍សមូលហភាព ប្រយោជន៍សាធារណ: និងប្រយោជន៍ជាតិជាធំ។

គ- បន្តពង្រឹក និងពង្រីកភាពម្ចាស់ការលើការ ដឹកនាំ គ្រប់គ្រង និងដោះស្រាយបញ្ហាមូលដ្ឋានឲ្យកាន់តែល្អប្រសើរ ដោយមិនត្រូវចំមើលបំណាំ ឬផ្តេកផ្តួលមកលើក្រុមការងារថ្នាក់កណ្តាល ដើម្បីពន្លឿង និងដោះស្រាយបញ្ហាបន្ទាន់ និងចំពោះមុខជូនប្រជាពលរដ្ឋ ធានាបាននូវប្រសិទ្ធភាព និងទទួលបានប្រសិទ្ធផលខ្ពស់។

ឃ- ត្រូវខិតខំកែលម្អលក្ខណសម្បត្តិក្នុងនាមជាថ្នាក់ដឹកនាំ (កាយវិការ ពាក្យសំដី និងអាកប្បកិរិយាកុំក្រអើតក្រទម ឆ្មើងឆ្មៃ) មិនមែនជាចៅហ្វាយទេ ប៉ុន្តែជាមន្រ្តីបម្រើប្រជាពលរដ្ឋ។

ង- ខិតខំបន្តអនុវត្តគោលនយោបាយបក្ស គោលនយោបាយរាជរដ្ឋាភិបាល និងគោលនយោបាយរបស់ក្រុមការងារថ្នាក់ជាតិ (ក៣) ឲ្យកាន់តែល្អប្រសើរ។

ច- យកចិត្តទុកដាក់មើលថែរក្សា និងការពារសមិទ្ធផលដែលក្រុមការងារ បានសហការជួយកសាង និងអភិវឌ្ឍកន្លងមក។

ក្នុងនាមប្រធានក្រុមការងារចុះស្រុកទាំងបី ចេញពីស្នាក់ការគណបក្សស្រុកកំពង់សៀម ឯកឧត្តមបានប្រកាសជាផ្លូវការបង្កើតមូលនិធិឃុំ (ស្រុកតំបែរមាន ៧ឃុំ និងស្រុកកំពង់សៀមមាន ១៥ឃុំ ) ដោយឃុំនីមួយៗទទួលបានថវិកាចំនួន ពី ៥ លានរៀល ទៅ ២០ លានរៀល សរុបជាទឹកប្រាក់ ២៤០លានរៀល។ ថវិកានេះសម្រាប់យកទៅប្រើប្រាស់ដោះស្រាយបញ្ហាចាំបាច់ ពិសេសទុកប្រើសម្រាប់គោលនយោបាយ ក៣ (អាពាហ៍ពិពាហ៍ ប្រសូត្របុត្រ និងមរណ:ភាព និងសេចក្តីត្រូវការចាំបាច់ និងបន្ទាន់មួយចំនួនទៀតនៅថ្នាក់ឃុំ)។

ចុងបញ្ជប់ ឯកឧត្តមបានថ្លែងអំណរគុណ និងសូមប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ ជូនចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកា និងសកម្មជនគណបក្សទាំងអស់ សូមទទួលយកនូវពុទ្ធពរទាំងបួនប្រការ ដើម្បីបន្តរួមចំណែកកសាងសមិទ្ធផល ថ្មីៗបន្ថែមទៀតក្នុងបេសកកម្មបម្រើជាតិ និងប្រជាជន។ លោកក៏បានថ្លែង អំណរគុណចំពោះប្រជាពលរដ្ឋទូទាំង ស្រុកកំពង់សៀមដែលបានបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។