ព័ត៌មានជាតិ

រដ្ធមន្ដ្រីកសិកម្ម អញ្ជើញមកពិនិត្យប្រព័ន្ធស្រោចស្រពដំណាំ នៅ ស្រុកកងមាស ឃុំខ្ចៅ ភូមិវ៉ារិន ១ ២ និង៣ និងសកម្មភាពដាំដុះដំណាំបន្លែរបស់ប្រជាពលរដ្ឋនៅភូមិវ៉ារិន ១ ២ និង៣ ឃុំខ្ចៅ ស្រុកកងមាស

នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី អមដំណើរដោលលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានអញ្ជើញមកពិនិត្យប្រព័ន្ធស្រោចស្រពដំណាំ នៅ ស្រុកកងមាស ឃុំខ្ចៅ ភូមិវ៉ារិន ១ ២ និង៣ និងសកម្មភាពដាំដុះដំណាំបន្លែរបស់ប្រជាពលរដ្ឋនៅភូមិវ៉ារិន ១ ២ និង៣ ឃុំខ្ចៅ ស្រុកកងមាស ដែលទទួលបានប្រយោជន៍ពីប្រព័ន្ធស្រោចស្រពនេះដែលជួយ ឧបត្ថម្ភដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សាងសង់ដោយនាយកដ្ឋានវិស្វ័កម្មកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម។

បានជួបសំណេះសំណាលជាមួយបងប្អូនដែលកំពុងដាំដុះ និងខ្លះទៀតកំពុងប្រមូលផលបន្លែ ដែលពឹងអស្រ័យលើប្រព័ន្ធស្រោចស្រពនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសួរនាំអំពីផលិតកម្មបន្លែ (ភាគច្រើនបន្លែស្លឹក) ការលំបាក លក្ខណ:ងាយស្រួល ប្រសិទ្ធភាពសេដ្ឋកិច្ច (ចំណាយ-ចំណូល និងចំណេញ) និងសំណូមពរ។ ទទួលបានចម្លើយ និងសំណូមពរ ឯកឧត្តមរដ្ឋមន្ត្រី បានជូនយោបល់ជាប្រយោជន៍ដូចខាងក្រោម ៖

ទី១៖ មន្ទីរត្រូវជួយរៀបចំកម្មវិធីផលិតកម្មបន្លែ បំណងផលិតដើម្បីផ្គត់ផ្គងទីផ្សារឲ្យមាននិរន្ត ចៀសវាងជន់ សល់ និងតម្លៃថោក។

ទី២៖ ត្រូវប្រមូលគ្នា និងរៀបចំជាបណ្តុំផលិតបន្លែ រួចចុះកិច្ចសន្យាអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា (ធានាបរិមាណផ្គត់ផ្គង់ និងស្ថិរភាពថ្លៃ) និងទទួលបានបច្ចេកទេសដាំដុះ ប្រមូលផល វេចខ្ចប់ រក្សាទុកដាក់ និងដឹកជញ្ជួនទៅកាន់ទីផ្សារ។

ទី៣- សិក្សាអំពីតម្រូវការទីផ្សារឲ្យបានច្បាស់មុនផលិត ចៀសវាងខាតបង់ដើមទុន និងពេល វេលា។

ទី៤- ជីកសិកម្ម និងប្រេងឡើងថ្លៃខ្ពស់ ត្រូវកាត់បន្ថយ តែត្រូវប្រើជំនួសវិញដោយជីធម្មជាតិ ជី កំប៉ុស្តិ៍ ដែលសន្សំ និងកែច្នៃបានតាមលទ្ធភាព។

ទី៥- មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយនាយកដ្ឋានវិស្វកម្មកសិកម្ម សិក្សា ពង្រីកប្រព័ន្ធស្រោចស្រពនេះបន្ថែម ឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋ។

ព័ត៌មានទទួលបានពីមេឃុំថា កន្លងមកមានកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា ASPIRE (អនុវត្តកម្មវិធីដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ) បានជួយបច្ចេកទេស និងរៀបចំបណ្តុំកសិករផលិតបន្លែ មានសមាជិកសមាជិក ៣៥គ្រួសារ។ បច្ចុប្បន្នសមាជិកកើនឡើងជាង ៥០គ្រួសារ គ្របដណ្តប់លើផ្ទៃដីជាង ៥០ហត ដែលបាននិងកំពុងប្រើប្រាស់ប្រព័ន្ធស្រោចស្រពទឹកនេះ ហើយគ្រោងនឹងពង្រីកផ្ទៃដីផលិតកម្មបន្លែបន្ថែមឆ្លើយតបតាមតម្រូវការទីផ្សារ ប្រសិនបើប្រព័ន្ធស្រោចស្រពត្រូវបានពង្រីក។ ជាការលើកទឹកចិត្តក្នុងនាមជាថ្នាក់ដឹកនាំស្ថាប័នជំនាញ ឯកឧត្តមរដ្ឋមន្ត្រីបានជួយឧបត្ថម្ភប្រធានក្រុមបណ្តុំបន្លែ ១លានរៀល កសិករ ៥០នាក់ ម្នាក់ៗ ទទួលបាន ២ម៉ឺនរៀល និងដើម្បីជាការលើកទឹកចិត្តចំពោះជ័យជម្នះដែលទទួលបានពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់ថវិកាដល់លោក មេឃុំចំនួន ៤០ម៉ឺនរៀល និងមេភូមិ ២នាក់ ម្នាក់ៗ ២០ម៉ឺនរៀលផងដែរ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។