ព័ត៌មានជាតិ

សម្តេចតេជោបានបញ្ជាក់ថា សម្តេចគ្មានសិទ្ធិដើម្បីប្រគល់ដីឱ្យវៀតណាមសូម្បីមួយមីលីម៉ែត្រ ហើយក៏មិនចង់បានដីវៀតណាមសូម្បី១មីលីម៉ែត្រដែរ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា សម្តេចគ្មានសិទ្ធិដើម្បីប្រគល់ដីឱ្យវៀតណាមសូម្បីមួយមីលីម៉ែត្រ ហើយក៏មិនចង់បានដីវៀតណាមសូម្បី១មីលីម៉ែត្រ ដែរ សូមឱ្យតែការដោះស្រាយត្រឹមត្រូវតាមផែនទីតាំងពីអាណានិគមបារាំងទៅបានហើយ។

ថ្លែងក្នុងខួបលើកទី ៤៥ទិវានៃការចងចាំដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំនៃរបបប្រល័យពូជសាសន៍ប៉ុលពត និងសម្ពោធសមិទ្ធផលនានា នៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានមានប្រសាសន៍ថា អ្នកដែលបានចោទប្រកាន់មកលើសម្ដេចថា ប្រសិនបើសម្ដេចចង់ប្រគល់ដីខ្មែរឱ្យវៀតណាម មិនចាំបាច់ចរចាជជែកជាមួយវៀតណាមដល់ទៅជាង៤០ឆ្នាំនេះឡើយ។ សម្តេចតេជោបានបន្តថា ការចោទប្រកាន់ទាំងនោះថាជារឿងអយុត្តិធម៌បំផុតមកលើសម្ដេច និងថ្នាក់ដឹកនាំផ្សេងទៀតដែលបាននិងកំពុងខិតខំចរចាយ៉ាងលំបាក ទម្រាំរកបានភាពត្រឹមត្រូវចំពោះបញ្ហាព្រំដែននេះ។សម្តេចតេជោ បានបញ្ជាក់ថា ប្រទេសកម្ពុជាមានសុខសន្តិភាពរយៈពេល៤៣ ឆ្នាំហើយ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងនោះភាគីកម្ពុជាបានធ្វើកិច្ចការដោះស្រាយបញ្ហាព្រំដែនជាមួយវៀត ណាម ដែលភាគីទាំងពីរបានចុះហត្ថលេខាទទួលយក ៨៤ភាគរយនៃខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ហើយត្រូវបានបោះបង្គោលរួចរាល់។

«ខ្ញុំសូមបញ្ជាក់នៅទីនេះ ចំពោះមុខប្រជាពលរដ្ឋកម្ពុជា កំពុងធ្វើការផ្សាយផ្ទាល់ក្នុងប្រទេសនិងក្រៅប្រទេស គ្រប់ស្ថានីយ៍ទូរទស្សន៍ទាំងអស់ កំពុងផ្សាយ បញ្ជាក់ជូនចំពោះមុខនាយករដ្ឋមន្ត្រីវៀតណាម នៅទីនេះ ខ្ញុំគ្មានសិទ្ធិ ដើម្បីប្រគល់ដីឱ្យវៀតណាម សូម្បី១មីលីម៉ែត្រ ហើយខ្ញុំក៏មិនចង់បានដីវៀតណាម សូម្បី១មីលីម៉ែត្រ សុំឱ្យតែត្រូវតាមក្បួនខ្នាត ដែលអាណានិគមបារាំងបានបន្សល់ទុក ខ្ញុំអត់ត្រូវការអីទេ ។ ហើយវៀតណាមក៏មិនត្រូវការយកដីយើង ឯយើងក៏មិនត្រូវការយកដីវៀតណាមដែរ មិនថាតែជាមួយវៀតណាមនោះទេ ជាព្រះរាជាណាចក្រថៃ ជាមួយឡាវ ខ្ញុំសូមបញ្ជាក់នៅទីនេះឱ្យបានច្បាស់បន្តិច ក្រោយពេលអនុវត្តន៍ដោយជោគជ័យនូវនយោបាយឈ្នះៗ ។ ខ្ញុំបានដាក់ចេញនៅទិសដៅចំនួន២ គោលដៅទី១ ប្រែក្លាយតំបន់អតីតសមរភូមិ ទាំងអស់ឱ្យក្លាយទៅជាតំបន់ អភិវឌ្ឍន៍និងទីផ្សារ ឥឡូវតំបន់នេះគ្មានមីនទៀតទេគ្មានការវាយគ្នាទៀតទេ គោលដៅទី២ប្រែក្លាយខ្សែព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ឱ្យទៅជាព្រំដែន សន្តិភាពមិត្តភាព សហប្រតិបត្តិការនិងការអភិវឌ្ឍន៍»៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។