ព័ត៌មានជាតិ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបពិភាក្សាការងារជាមួយអគ្គលេខាធិការ នៃអង្គការសម្ព័ន្ធពិភពឥស្លាម

(ភ្នំពេញ) :សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួលជួបពិភាក្សាការងារ ជាមួយឯកឧត្តមបណ្ឌិត មហាម៉ាត់ អាប់ឌុលការីម អាល់អ៊ីសា (Muhammad Bin Abdulkarim Al-Issa) អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម (RABITA) នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២។
ឯកឧត្តមបណ្ឌិត មហាម៉ាត់ អាប់ឌុលការីម អាល់អ៊ីសា បានសម្ដែងនូវក្តីរីករាយយ៉ាងខ្លាំង ដែលបានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដែលបានទទួលការអនុញ្ញាតពីសម្តេចប្រធានរដ្ឋសភា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាឱកាសនេះ។

ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិរបស់កម្ពុជា ក្នុងការកសាងបាននូវសុខដុមរមនាខាងសាសនា ដោយមិនមានការរើសអើងខាងសាសនា ធ្វើឱ្យបងប្អូនខ្មែរឥស្លាមរស់នៅបានយ៉ាងសុខសាន្ត ជាមួយសាសនា ដទៃទៀត ដែលជាគំរូដ៏ល្អសម្រាប់ពិភពលោកផងដែរ។
ឯកឧត្តមបណ្ឌិតបានសម្ដែងនូវការអបអរសាទរជូនដល់ប្រជាជនកម្ពុជា ដែលមានថ្នាក់ដឹកនាំជាទីគោរព ជាគំរូ និងមានភាពប្រាកដនិយម ក្នុងការដឹកនាំកម្ពុជាឱ្យទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានក្តីសោមនស្សរីករាយ និងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមអគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម ព្រមទាំងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងបានឆ្លៀតពេលវេលាជួបសម្តែងការគួរសមជាសម្តេចនាពេលនេះ។សម្តេចបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម នាពេលនេះ បង្ហាញពីការយកចិត្តទុកដាក់របស់ឯកឧត្តម ចំពោះសុខទុក្ខរបស់បងប្អូនសាសនិកឥស្លាមនៅកម្ពុជា និងបានឆ្លុះបញ្ចាំងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង អង្គការរ៉ាប៊ីតា ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក។

សម្តេចប្រធានរដ្ឋសភា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះបងប្អូនសាសនិកឥស្លាមនៅកម្ពុជា តាមរយៈការធ្វើឱ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា និងសេរីភាពនៃជំនឿ ព្រមទាំងការរស់នៅប្រកបដោយសុខដុមរម្យនា ជាមួយសហគមន៍ភាគតិចដទៃៗទៀត ដោយមិនមានការរើសអើង។ បន្ថែមពីនេះ រាជរដ្ឋាភិបាលក៏បានលើកកម្ពស់ជីវភាព និងសិទ្ធិសេរីភាពរបស់សាសនិកឥស្លាម ជាអាទិ៍ ការជំរុញឱ្យមានកន្លែងថ្វាយបង្គំសម្រាប់បងប្អូនឥស្លាម នៅតាមស្ថាប័នឯកជន និងស្ថាប័នសាធារណៈនានា ព្រមទាំងផ្តល់សិទ្ធិឱ្យសិស្សនិស្សិតឥស្លាម អាចជ្រើសរើសយកសម្លៀកបំពាក់ឯកសណ្ឋានបែបឥស្លាមទៀតផង។

សម្តេចអគ្គមហាពញាចក្រី បានមានប្រសាសន៍បញ្ជក់បន្ថែមថា នៅក្នុងស្ថាប័ននីតិប្បញ្ញត្តិវិញ រដ្ឋសភានីតិកាលទី៦នេះ មានសមាជិករដ្ឋសភាចំនួន៨ រូប ជាខ្មែរឥស្លាម ចំណែកនៅក្នុងព្រឹទ្ធសភាវិញ មានសមាជិកចំនួន២រូប ជាខ្មែរឥស្លាមផងដែរ ដែលបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងភាពជាតំណាងឱ្យបងប្អូនសាសនិកឥស្លាម ក៏ដូចជាពលរដ្ឋខ្មែរទាំងមូល៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។