ព័ត៌មានជាតិ

សិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការកសាងផែនការរៀបចំដែនដីខេត្តកំពង់ចាម និងការពិនិត្យសេចក្តីព្រៀងប្លង់គោលប្រើប្រាស់ដីក្រុងកំពង់ចាម

(កំពង់ចាម) ÷នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ចាម លោក អ៊ុំភឿន គុណវុឌ្ឍ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោក ប៉ែន សុផល រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការកសាងផែនការរៀបចំដែនដីខេត្តកំពង់ចាម និងការពិនិត្យសេចក្តីព្រៀងប្លង់គោលប្រើប្រាស់ដីក្រុងកំពង់ចាម។ សិក្ខាសាលានេះមានការចូលរួមពីសំណាក់ សមាជិក្រុមប្រឹក្សាខេត្ត អភិបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ និងមន្ត្រីពាក់ព័ន្ធ សរុបចំនួន ១៣០នាក់ ។

លោក អ៊ុំភឿន គុណវុឌ្ឍ អភិបាលរងខេត្ត បានមានប្រសាន៌ថា វិស័យរៀបចំដែនដី និងនគរូបនីយកម្ម គឺជាយន្តការមួយដ៏សំខាន់ដែលពុំអាចខ្វះបានក្នុងការអភិវឌ្ឍន៌ប្រទេសជាតិ សំដៅកាត់បន្ថយភាពអនាធិបតេយ្យក្នុងការកាន់កាប់ ប្រើប្រាស់ដីធ្លី និងវិវាទដីធ្លី ព្រមទាំងរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងឯកជនអោយមានសណ្តាប់ធ្នាប់ និងសោភ័ណភាពល្អដែលជាយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។ លោល បានបន្តទៀតថា ផែនការប្រើប្រាស់ដី និងប្លង់គោលប្រើប្រាស់ដី គឺជាការកំណត់អំពីចក្ខុវិស័យ និងយុទ្ធសាស្ត្រតម្រង់ទិស សម្រាប់អភិវឌ្ឍន៌រូបវន្ត និងការកំណត់ប្រភេទនៃការប្រើប្រាស់ដី ព្រមទាំងបង្ហាញអំពីទម្រង់បណ្តាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៃក្រុង ស្រុក និងការធ្វើសមាហរណកម្មក្រុង និងតំបន់ជុំវិញ។ ប្លង់គោលប្រើប្រាស់ដីបង្ហាញពីផែនការសកម្មភាពសម្រាប់អភិវឌ្ឍន៌ និងរៀបចំប្រមូលទិន្នន័យតាមបណ្តាក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ ដើម្បីរៀចប្លង់គោលប្រើប្រាស់ដី ថ្នាក់ខេត្ត ដោយមានការគាំទ្រពីថ្នាក់ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងធនាគារអភិវឌ្ឍន៌អាស៊ី ។

លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាន៌ថា កម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងបញ្ញាញាដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលជិតបួនទសវត្សរ៍កន្លងមក ពិសេសគឺការដាក់ចេញ និងដឹកនាំអនុវត្ត ប្រកបដោយជោគជ័យដ៏ត្រចះត្រចង់ជាប្រវត្តិសាស្ត្រ នូវគោលនយោបាយ “ ឈ្នះ-ឈ្នះ” ដែលបាននាំមកជូនដល់ប្រទេសជាតិ និងប្រជាជនកម្ពុជា នូការបង្រួបបង្រួមជាតិ ឯកភាពទឹកដី សន្តិភាព សន្តិសុខ ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម និងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណគ្រប់ដំណាក់កាល ដើម្បី កំណើនការងារ សមធម៌ និងប្រសិទ្ធភាព ដែលជាត្រីវិស័យ ដើម្បីសម្រេចបាននូវសមិទ្ធផលគួរជាទីមោទនៈ សំដៅបន្តរួចចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសជាតិ ។

ក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីការរៀបចមដែនដីនៃព្រះរាជាណាចក្រកម្ពុជា ដោយផ្អែកលើយុទ្ធសាស្ត្រចតុកោណ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ជាលទ្ធផលការងាររៀបចមដែនដី និងនគរូបនីយកម្មរហូតដល់បច្ចុប្បន្ននេះ ក្រសួង បានសហការជាមួយដៃគូអភិវឌ្ឍ ផ្តល់ការគាំទ្របច្ចេទេសដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការកសាងផែនការរៀបចំដែនដី ប្លង់គោល និងផែនការប្រើប្រាស់ដីស្ទើរគ្រប់កម្រិត។ ប្លង់គោលប្រើប្រាស់ដីក្រុងកំពង់ចាម ត្រូវបានគាំទ្របច្ចេទេសសិក្សាដោយនាយកដ្ឋាននគរូបនីយកម្មនៃអគ្គនាយកដ្ឋានរៀបចំដែនដី និងនគររូបនីយកម្មដោយបានបញ្ចប់ការសិក្សាក្នុងឆ្នាំ២០១០ និងបានធ្វើបច្ចុប្បន្នភាព ទិន្នន័យស្របតាមសេចក្តីសម្រេចលេខ ០៤១ សសរ ស្តីពិនីតិវិធីលម្អិតនៃការរៀបចំប្លង់គោលប្រើប្រាស់ដីនិងផែនការប្រើប្រាស់ដីថ្នាក់ក្រុង ស្រុក ខណ្ឌ ។

លោល ក៏បានលើកទឹកចិត្តឲ្យមានការលើកឡើងនូវមតិ និងសំណួរឲ្យបានផុលផុស ដើម្បីចូលរួមសហការធ្វើឲ្យការសិក្សាផែនការរៀបចំដែនដីខេត្តកំពង់ចាម និងប្លង់គោលប្រើប្រាស់ដីក្រុងកំពង់ចាម ទទួលបានជោគជ័យ ភាពច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។