ព័ត៌មានជាតិ

ប៉ូលិសខេត្តបាត់ដំបង ចាប់អ្នកលក់បារីអេឡិច​ត្រូនិក តាមហ្វេសប៊ុក មកសាកសួរ និងធ្វើកិច្ចសន្យា!

(បាត់ដំបង)៖ ប៉ូលិសខេត្តបាត់បង បានប្រកាសនៅថ្ងៃអាទិត្យ ទី២៦ ខែមិថុនានេះថា ម្ចាស់គណនី ហ្វេសប៊ុកឈ្មោះ​ An Nich​ ដែល​បានផ្សព្វផ្សាយលក់ផលិតផលបារីអេឡិចត្រូនិក​ អេចឈ៍ ​ធី​ ភី (​H​TPs)ត្រូវបានប៉ូលិស ហៅមកសាកសួរ និងធ្វើកិច្ចសន្យា ព្រមទាំង​ដកហូតបារីអេឡិចត្រូនិក និងទឹកថ្នាំ មុននឹង​អនុញ្ញាត​ឱ្យវិលត្រឡប់ទៅវផ្ទះវិញ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័​សនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង បានប្រកាសថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃ កន្លងទៅនេះ បានកត់​សម្គាល់ឃើញថា ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ​ An Nich បានបង្ហោះខ្លឹមសារ និងរូបភាព​ពី​ការផ្សព្វផ្សាយលក់ផលិតផលបារីអេឡិចត្រូនិក​អេចឈ៍​ ធី​ ភី​(HTPs) ​ដែល​បញ្ហានេះ បានធ្វើឱ្យមហាជនទូទៅ​ ពិសេសអ្នកនិយមប្រើ​ប្រាស់បណ្តាញសង្គម លើកឡើងនូវ​មតិយោបល់រិះគន់ចំពោះស​កម្មភាពខាងលើ​ ថាបាននាំពង្វក់ដល់ស្មារតីរបស់យុវជន។

​ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លើកឡើងថា នៅថ្ងៃទី​២៦​ ខែ​មិថុនា​ ឆ្នាំ​២០២២​ សមត្ថកិច្ចនគរបាល​ផែនការងារប្រឆាំងគ្រឿង​ញៀន បានស្វែងរកឃើញ​ម្ចាស់គណនីខាងលើ ​ហើយបាននាំ​មក​ធ្វើការសាកសួរបំភ្លឺ ចំពោះការផ្សព្វផ្សាយលក់បារីអេឡិចត្រូនិក នៅក្នុង​គណនីហ្វេសប៊ុករបស់ខ្លួនកន្លងមក។ ក្នុងនោះ សមត្ថកិច្ច បានរកឃើញ៖ -ក្បាលបឺត​បារី​អេឡិចត្រូនិក​ (Vab) ចំនួន ០៤ដើម​ (០២ប្រអប់) និង​ទឹកសម្រាប់បញ្ចូល ទៅក្នុងបារីអេឡិចត្រូនិក ​(ទឹកVab) ចំនួន ០៤ដប។​

សេចក្តីប្រកាស បន្តថា ក្រោយបញ្ចប់ការសាកសួរ និងស្របតាមអនុ​សា​សន៍របស់ឯកឧត្តម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​នៃអយ្យការអម​សាលាដំបូងខេត្តបាត់ដំបង​ ​សម​ត្ថកិច្ចនគរបាល បានធ្វើកិច្ចសន្យា ជាមួយ​ម្ចាស់គណ​នី​ខាងលើ​ ដោយឱ្យគាត់បញ្ឈប់នូវសកម្មភាពដូច​ពេលកន្លងមក ​(ដោយដករក្សាទុកសម្ភារៈខាងលើ) រួចអនុញ្ញាតឱ្យគាត់វិលទៅ​លំ​នៅ​ដ្ឋានវិញ ត្បិ​តករណីនេះ មិនទាន់មានអំពើល្មើស​ច្បាប់​ព្រ​ហ្មទណ្ឌ ​ដែលនាំទៅ​ដល់ការ​អនុវ​ត្ត​ទោ​ស​បាន​នៅឡើយទេ។

ទោះបីជាបែបនេះក្តី ក្នុងនាមសមត្ថកិច្ចនគរបាល​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ សូមថ្លែង​​​អំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹក​ចិត្ត​និងការចូលរួមសហការផ្តល់ព័ត៌មាន​ មកសម​ត្ថកិច្ចនគរបាល​ ដែលមតិយោបល់ ឬព័ត៌មាន ដែ​ល​​មហាជន បានផ្តល់ជូនមកនោះ​ សមត្ថកិច្ចនគរបាល​ពុំបានព្រងើយកន្តេីយ ​ឬមិនយកចិត្តទុកដាក់​អនុវត្តនោះទេ។

ជាមួយនេះក៏ ស្នងការដ្ឋាននគរបាល​ខេត្តបាត់ដំបង បានប្រកាស អំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេស​​ប្អូនៗ​ ជាយុវវ័យ សូមកុំប្រើប្រាស់នូវ​ប្រភេ​ទបារីអេឡិចត្រូនិក​​ទាំងនេះ ព្រោះ​វាបានបង្កឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ឬរហូតបាត់បង់​ជី​វិតទៀតផង​៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។